លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់លោកខាងលិច និងអ៊ុយក្រែនថា បានបង្កភាពចលាចលនៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីក្រុមកុបករនៅក្នុងតំបន់មូស្លីម Dagestan បានសម្រុកចូលអាកាសយានដ្ឋានដើម្បី "ចាប់" អ្នកដំណើរជនជាតិជ្វីហ្វនៅលើជើងហោះហើរពីទីក្រុង Tel Aviv ។
-
ក្រុមកុបករមូស្លីមសម្រុកចូលអាកាសយានដ្ឋានរុស្ស៊ីតាម"ចាប់"ជនជាតិជ្វីហ្វ
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី៣០ ខែតុលាបានអោយដឹងថា លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់លោកខាងលិច និងអ៊ុយក្រែនថា បានបង្កភាពចលាចលនៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីក្រុមកុបករនៅក្នុងតំបន់មូស្លីម Dagestan បានសម្រុកចូលអាកាសយានដ្ឋានដើម្បី "ចាប់" អ្នកដំណើរជនជាតិជ្វីហ្វនៅលើជើងហោះហើរពីទីក្រុង Tel Aviv ។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានប្រាប់រ៉យទ័រថា ទីក្រុង Kyiv មិនមាន "ចំណែកនៅក្នុងរឿងនេះទេ" ខណៈដែលប្រធានសហគមន៍ជ្វីហ្វជាន់ខ្ពស់របស់រុស្ស៊ីបាននិយាយថា ត្រូវតែមានការឆ្លើយតបយ៉ាងតឹងរ៉ឹងប្រឆាំងនឹងអ្នកដែលបានចូលរួម។
រឿងនេះបានក្លាយទៅជារឿងឈឺក្បាលមួយសំរាប់លោកពូទីន ខណៈដែលលោកកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន និងចង់រក្សាស្ថិរភាពនៅក្នុងប្រទេសសំរាប់មុនការបោះឆ្នោតប្រធានាធិបតីដែលរំពឹងទុកនៅឆ្នាំក្រោយ។
លោកពូទីនបានចោទប្រកាន់លោកខាងលិច និងអ៊ុយក្រែនថាបានជួយបង្កភាពចលាចលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈវិដេអូចែករំលែកសកម្មភាពទាំងនេះ។
-
ការបង្អាក់ជំនួយដល់តំបន់ហ្គាហ្សាអាចជាឧក្រិដ្ឋកម្មនៅក្រោមយុត្តាធិការរបស់ ICC
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី៣០ ខែតុលាបានអោយដឹងថា រដ្ឋអាជ្ញាកំពូលរបស់តុលាការបានប្រាប់សន្និសីទសារព័ត៌មានមួយក្នុងប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យថា ការបង្អាក់ការផ្គត់ផ្គង់ជំនួយដល់ប្រជាជននៅតំបន់ហ្គាហ្សាអាចបង្កើតជាឧក្រិដ្ឋកម្មនៅក្រោមយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។
លោក Karim Khan ក៏បាននិយាយផងដែរថា អ៊ីស្រាអែលត្រូវតែខិតខំប្រឹងប្រែងដោយមិនមានការពន្យារពេលបន្ថែមទៀតទេ ដើម្បីធ្វើឱ្យប្រាកដថាជនស៊ីវិលទទួលបានអាហារមូលដ្ឋាន និងថ្នាំពេទ្យ។
ការផ្គត់ផ្គង់ជំនួយដល់តំបន់ហ្គាហ្សាមានតិចតួចបំផុត ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមទម្លាក់គ្រាប់បែកលើតំបន់ប៉ាឡេស្ទីនដែលជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់។
-
អ៊ុយក្រែនជំរុញអាមេរិកផលិតអាវុធ 'Franken'
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី២៨ ខែតុលាបានអោយដឹងថា ជាមួយនឹងរដូវរងាខិតជិតមកដល់ មន្ត្រីអ៊ុយក្រែនកំពុងតែទាមទារសម្រាប់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតដើម្បីការពារបណ្តាញថាមពលរបស់ពួកគេពីការវាយប្រហាររបស់រុស្ស៊ី ដែលអាចធ្វើឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពងងឹត។
មន្ត្រីអាមេរិកហៅកម្មវិធីមួយឡើងថា FrankenSAM ដែលជាកម្មវិធីរួមបញ្ចូលគ្នានូវកាំជ្រួចមីស៊ីលទំនើបកាលីបឺររបស់លោកខាងលិច រឺកាំជ្រួចមីស៊ីលពីដីទៅអាកាសទំនើបៗ រួមជាមួយនឹងប្រព័ន្ធបាញ់មីស៊ីលសម័យសូវៀត រឺរ៉ាដារបស់កងកម្លាំងអ៊ុយក្រែនដែលមានស្រាប់។
លោកស្រី Cooper ដែលជាជំនួយការអនុរដ្ឋមន្ត្រីការពារជាតិសម្រាប់គោលនយោបាយរុស្ស៊ី អ៊ុយក្រែន និងអឺរ៉ាស៊ី បាននិយាយថា ជាមួយគ្នានេះ កម្មវិធី FrankenSAMs "បានរួមចំណែកក្នុងការបំពេញចន្លោះប្រហោងដ៏សំខាន់នៅក្នុងវិស័យការពារដែនអាកាសរបស់អ៊ុយក្រែន ហើយនេះគឺជាបញ្ហាប្រឈមដ៏សំខាន់បំផុតដែលអ៊ុយក្រែនប្រឈមមុខនឹងថ្ងៃនេះ" ។