ក្រុមអ្នកជំនាញការចំពោះកិច្ច អាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដោយមានការចូលរួមពីលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានចុះពិនិត្យការងារជួសជុលការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរនេះបើតាមអាជ្ញាធរអប្សរា។ អាជ្ញាធរអប្សរាបានឱ្យដឹងថា ការចុះពិនិត្យផ្លាស់ប្ដូរយោបល់នេះគឺជាសកម្មភាពចាប់ផ្ដើមមុននឹងដំណើរការនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរទាំងគម្រោងរបស់អាជ្ញាធរជាតិអប្សរា និងគម្រោងដៃគូអន្តរជាតិដើម្បីអ្នកជំនាញផ្តល់អនុសាសន៍ចំណុចដែលត្រឹមត្រូវឬចំណុចត្រូវកែលម្អឱ្យការងារទាំងនោះដំណើរការល្អ និងស្របតាមលក្ខខណ្ឌនៃធម្មនុញ្ញអង្គរដើម្បីអនុវត្តក្នុងការដ្ឋានរបស់ខ្លួនបានរលូននិងល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា ICC-Angkor នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦និងកិច្ចប្រជុំពេញអង្គលើកទី២៩របស់ខ្លួននៅថ្ងៃទី១៥ដល់១៦ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប។ កិច្ចប្រជុំទាំងពីរនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងរាជរដ្ឋាភិបាលកម្ពុជារួមនឹងសហប្រធានគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ដែលមានលោកឯកអគ្គរដ្ឋទូតប្រទេសបារាំងប្រចាំប្រទេសកម្ពុជា និងឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា។ របៀបវារ:នៃកិច្ចប្រជុំទាំងពីរនេះនឹងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ តាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំកន្លងមកអំពីកិច្ចការអភិរក្សជួសជុល និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គររបាយការណ៍សកម្មភាពស្តីអំពីការងារអភិរក្ស និងកិច្ចការស្រាវជ្រាវបុរាណវិទ្យា៕