ICBM មកពីពាក្យពេញថា Intercontinental Ballistic Missiles។ Intercontinental មានន័យថា ឆ្លងទ្វីបឬអន្តរទ្វីបហើយ Ballistic Missile មានន័យថាកាំជ្រួចផ្លោង។ កាំជ្រួចផ្លោងគឺជាកាំជ្រួច ដែលបំពាក់ដោយគ្រាប់រុ៉ក្កែតមុនដំបូង តែបន្ទាប់មកវាហោះតាមគន្លងជាមួយនឹងក្បាលគ្រាប់មួយ ឬច្រើនឆ្ពោះទៅគោលដៅដែលបានកំណត់ទុកមុន។ បាល់លីស្ទីក មីស៊ីល ត្រូវបានចែកចេញជាបួនប្រភេទគឺ៖
១) មីស៊ីលផ្លោងរយៈចម្ងាយខ្លី ធ្វើដំណើរតិចជាង១,០០០គីឡូម៉ែត្រ។
២) កាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម ធ្វើដំណើរពី ១,០០០-៣,០០០ គីឡូម៉ែត្រឡើងទៅ។
៣) កាំជ្រួចផ្លោងរយៈចម្ងាយមធ្យម ធ្វើដំណើរចន្លោះពី៣,០០០-៥,៥០០គីឡូម៉ែត្រឡើងទៅ។
៤) មីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ធ្វើដំណើរបានចម្ងាយជាង៥,៥០០គីឡូម៉ែត្រ។ ដូច្នេះ សរុបសេចក្តីមក ICBM មានន័យថាជា មីស៊ីលផ្លោងអន្តរទ្វីបដែលបំពាក់ដោយអាវុធនុយក្លេអ៊ែរ ហើយដែលអាចមានសមត្ថភាពបាញ់ បានរយៈចម្ងាយឆ្ងាយជាង៥,៥០០គីឡូម៉ែត្រ ហើយធ្វើដំណើរខ្ពស់ពីលើបរិយាកាសផែនដី ហើយបន្ទាប់មកវាហោះឆ្ពោះទៅតាមគោលដៅដែលបានកំណត់ទុក។ វាត្រូវបានដាក់ពង្រាយដំបូងបង្អស់ដោយសហភាពសូវៀតនៅក្នុងឆ្នាំ ១៩៥៨។
ICBMs ត្រូវបានគេចែកចេញជាបីដំណាក់កាលនៃការហោះហើរគឺ៖
១) ដំណាក់កាលជំរុញពី ៣ ទៅ ៥នាទី ដែលម៉ាស៊ីនរ៉ុក្កែតរបស់មីស៊ីលបាញ់វាឡើងតាមបរិយាកាស។
២) ដំណាក់កាលពាក់កណ្តាលវគ្គ ដែលប្រែប្រួលទៅតាមពេលវេលា ប៉ុន្តែអាចមានរយៈពេលប្រហែល២០នាទី ដែលក្នុងនោះម៉ាស៊ីនរ៉ុក្កែតឈប់ ហើយកាំជ្រួចបន្តកើនឡើងរហូតដល់ចំណុចខ្ពស់បំផុត ក្នុងគន្លងរបស់វា ហើយបន្ទាប់មកចាប់ផ្តើមចុះមក។
៣) ដំណាក់កាលស្ថានីយដែលអាចមានរយៈពេលតិចជាងមួយនាទី ដែលក្នុងនោះក្បាលគ្រាប់របស់មីស៊ីលចូលទៅក្នុងបរិយាកាសផែនដីឡើងវិញ។
ទោះបីជាយ៉ាងណាក៏ដោយការប៉ាន់ស្មានលើក្បាលគ្រាប់នុយក្លេអ៊ែរនិង ICBMs ដែលកាន់កាប់ដោយប្រទេសនីមួយៗ មានភាពខុសប្លែកគ្នា ហើយបើយោងទៅតាមព័ត៌មាន ដែលបញ្ចេញដោយការិយាល័យគ្រប់គ្រង ផ្ទៀងផ្ទាត់និងអនុលោមតាមច្បាប់អាវុធរបស់សហរដ្ធអាមេរិក បានចេញផ្សាយនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ថា រុស្ស៊ីមានកាំជ្រួចផ្លោងឆ្លងទ្វីបចំនួន ៥២៧ គ្រឿង។ ចំណែកទិន្នន័យមួយទៀតរបស់ព្រឹត្តិបត្រនៃអ្នកវិទ្យាសាស្ត្រអាតូមិក ដែលចុះផ្សាយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានប៉ាន់ប្រមាណថា រុស្ស៊ីមានឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរជិត ៤,៥០០គ្រាប់ ដែលក្នុងនោះប្រហែល ១,៤០០ ត្រូវបានដាក់ពង្រាយនៅលើ ICBMs ។ ម្យ៉ាងវិញទៀតដោយយោងទៅតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក ទាំងរុស្ស៊ីនិងសហរដ្ឋអាមេរិក ប្រទេសនីមួយៗមានក្បាលគ្រាប់នុយក្លេអ៊ែរ "ប្រហែល 4,000" ស្តុកទុក ហើយប្រហែល 90 ភាគរយនៃចំនួនសរុបរបស់ពិភពលោក។
ការរចនាឡើង
វាត្រូវបានរចនាឡើងជាចម្បងសម្រាប់ការចែកចាយអាវុធនុយក្លេអ៊ែរ ដែលមានន័យថាអាចបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរម្តងមួយ ឬច្រើន។ ការរចនាជាក់ស្តែងដំបូងបង្អស់សម្រាប់ ICBM បានរីកចម្រើនចេញពីកម្មវិធីរ៉ុក្កែត V-2 របស់ណាស៊ីអាល្លឺម៉ង់។ V-2 ប្រើឥន្ធនៈរាវ ដែលរចនាដោយ វឺហឺ វុន ប្រូន (Werher von Braun) និងក្រុមរបស់គាត់ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយណាស៊ីអាល្លឺម៉ង់ ចាប់ពីពាក់កណ្តាលឆ្នាំ ១៩៤៤ រហូតដល់ខែមីនា ឆ្នាំ១៩៤៥ ដើម្បីទម្លាក់គ្រាប់បែកលើទីក្រុងរបស់អង់គ្លេស និងបែលហ្ស៊ិក ជាពិសេសទីក្រុង អ៊ែនធ្វឹប (Antwerp) និងទីក្រុងឡុងដ៍។ នៅក្រោម Projekt Amerika ក្រុមរបស់ វុន ប្រូន (von Braun) បានបង្កើត អេ ប្រាំបួនភាគដប់ អាយ ស៊ី ប៊ឺ អឹម (A9/10 ICBM) ដើម្បីវាយទីក្រុងញូ៉យក និងទីក្រុងអាមេរិកផ្សេងទៀត។ នៅឆ្នាំ១៩៥៣ វាបានផ្លាស់ប្តូរនៅពេលលោក សឺហ្គី កូរូលូវ បានដឹកនាំអភិវឌ្ឍន៍ អាយ ស៊ី ប៊ឺ អឹម ពិតប្រាកដដែលអាចបញ្ជូនគ្រាប់បែកអុីដ្រូសែន ដែលទើបនឹងបង្កើតថ្មីទៅបានហើយ វាបានបាញ់បង្ហោះជាលើកដំបូងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៧ តែជាចៃដន្យវាបានធ្លាក់វិញនៅចម្ងាយ ៤០០ គីឡូម៉ែត្រពីទីកន្លែងនោះ។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៥៧ រុស្ស៊ីបានបាញ់សាកល្បងវាដោយទទួលបានជោគជ័យជាលើកដំបូង ហើយវាអាចហោះបានជាង ៦,000 គីឡូម៉ែត្រ នឹងបានក្លាយជា ICBM ដំបូងបង្អស់របស់ពិភពលោក។ បន្ទាប់មកអង្គភាពកាំជ្រួចយុទ្ធសាស្ត្រដំបូងបង្អស់បានដំណើរការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ១៩៥៩ នៅតំបន់ផ្លេសិតស្ក៍ ភាគពាយ័ព្យនៃប្រទេសរុស្ស៊ី។ ការរចនាបែបទំនើបវិញ វាមានសមត្ថភាពអាចបាញ់ផ្លោងទៅខាងក្រៅបរិយាកាស ដោយផ្ទុកទៅជាមួយនៅក្បាលគ្រាប់ច្រើន ហើយក្បាលគ្រាប់នីមួយៗអាចមានសមត្ថភាពបាញ់ដល់គោលដៅផ្សេងៗគ្នា៕
បកប្រែដោយ៖ ម៉ៅ គុយដង់