នេះគឺជាវិធី ៧យ៉ាង ដែលអ្នកអាចធ្វើបាននៅលើការងាររបស់អ្នក ដើម្បីធ្វើឱ្យវាកាន់តែមានភាពងាយស្រួលក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីឲ្យកាន់តែច្រើនជារៀងរាល់ថ្ងៃ។
១. ហ៊ុំព័ទ្ធខ្លួនអ្នកដោយការបំផុសគំនិតផ្សេងៗ
នៅពេលណាដែលអ្នកឃើញអ្វីមួយនៅក្នុងពិភពលោកខាងក្រៅ ដែលអាចទាក់ទាញការចំណាប់អារម្មណ៍របស់អ្នកបាន សូមដាក់វានៅកន្លែងធ្វើការរបស់អ្នក ព្រោះវាអាចផ្តល់គំនិតថ្មីៗសម្រាប់ការងាររបស់អ្នក។ ហើយវត្ថុទាំងនោះ អាចជារបកគំហើញណាមួយដូចជា ការផ្សាយពាណិជ្ជកម្មដ៏អស្ចារ្យនៅក្នុងទស្សនាវដ្ដី ម៉ឺនុយដែលត្រូវបានរៀបចំខុសពីធម្មតា ឬសូម្បីតែអ៊ីមែលដែលសរសេរបានយ៉ាងល្អដែលធ្វើឱ្យអ្នកសើច។
២. រកដៃគូរការងារ
ជ្រើសរើសមិត្តរួមការងារណាម្នាក់ ដែលអ្នកមានអារម្មណ៍ថា មានភាពងាយស្រួលក្នុងការធ្វើការជាមួយ ហើយអាចពឹងផ្អែកលើគ្នាបានទៅវិញទៅមក។ លើកទឹកចិត្តគាត់ ឱ្យបន្តព្យាយាមធ្វើអ្វីដែលថ្មី មិនថាកំពុងព្យាយាមរកកន្លែងថ្មីសម្រាប់អាហារថ្ងៃត្រង់ បង្កើតគំនិតថ្មីៗក្នុងលក្ខណៈមិនសមហេតុផល ឬការចែករំលែកអត្ថបទដែលបំផុសគំនិត។ ការធ្វើបែបនេះ ក៏ជាគន្លឹះមួយ ក្នុងការស្វែងរកគំនិតច្នៃប្រឌិតថ្មីៗបាន។
៣. ជ្រើសរើសធ្វើគម្រោងតូចៗ
អត្ថប្រយោជន៍នៃការធ្វើគម្រោងតូចៗ ក៏អាចទទួលបាននូវលទ្ធផលច្រើនផងដែរ។ ពួកវាមិនត្រឹមតែកើតឡើងយ៉ាងឆាប់រហ័ស ហើយគ្មានការរអាក់រអួលច្រើននោះទេ ពួកវាក៏អាចទទួលបានចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់ពីក្រុម និងស្ថាប័នរបស់អ្នកបានផងដែរ។ ដូច្នេះហើយ ការធ្វើគម្រោងតូចៗបែបនេះ គឺជាការត្រួសត្រាយផ្លូវសម្រាប់គម្រោងនៃការច្នៃប្រឌិតដែលធំជាងនេះបានផងដែរ។
៤. ផ្លាស់ប្តូររបៀបធ្វើការរបស់អ្នក
រាល់ការងារដែលអ្នកធ្វើ អាចមានចំណុចខ្វះខាតខ្លះដែលធ្វើឲ្យអ្នកបាត់បង់ឱកាសបាន ដូច្នេះអ្នកគួរកំណត់កិច្ចការងាររបស់អ្នកទាំងអស់ ហើយចំណាយពេលបន្តិច ដើម្បីនិយាយអំពីរបៀបដែលអ្នកអាចធ្វើបាន ដែលខុសពីរបៀបដែលអ្នកធ្លាប់ធ្វើកន្លងមក។ ពេលខ្លះ វាមិនអាចដំណើរការបានតាមរបៀបធ្វើការចាស់ៗរបស់អ្នកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជារឿយៗវានឹងនាំអ្នកទៅរករបៀបថ្មីមួយក្នុងការធ្វើតាមរបៀបចាស់ដដែលៗផងដែរ។
៥. ចាប់ផ្តើមធ្វើវា
ឈប់និយាយពីគម្រោងរបស់អ្នក ហើយចាប់ផ្តើមធ្វើវា! សរសេរពីគំនិតរបស់អ្នកជាអក្សរ កែប្រែអក្សររបស់អ្នកទៅជារូបភាព រួចផ្លាស់ប្តូររូបភាពរបស់អ្នកទៅជាគំរូការងាររបស់អ្នក។ នៅពេលដែលមិត្តរួមការងាររបស់អ្នក អាចមើលឃើញគំនិតរបស់អ្នក ពួកគេទំនងជាមិនសូវភ្លេចវានោះទេ។ បន្ទាប់មក ពួកគេទំនងជានឹងគិតពីវាយ៉ាងយកចិត្តទុកដាក់ ហើយចូលរួមនៅក្នុងការអភិវឌ្ឍន៍លើគំនិតរបស់អ្នក។ សូម្បីតែអ្នកគូរគំនូរដែលពិបាកមើលមួយ ក៏ប្រសើរជាងមិនបានគូរវាដែរ។
៦. ចេញទៅក្រៅពីកន្លែងការងារ
បង្កើតទម្លាប់ដើរចេញក្រៅ ទោះបីជាគ្រាន់តែដើរជុំវិញកន្លែងការងាររបស់អ្នកក៏ដោយ។ នៅពេលដែលអ្នកដើរ អ្នកគួរកត់សម្គាល់ ឬគិតទៅលើអ្វីមួយ។ គំនិតរបស់អ្នក នឹងចាប់ផ្តើមភ្ជាប់ចំណុចមួយរវាងអ្វីដែលអ្នកឃើញ និងបញ្ហាដែលអ្នកមាននៅកន្លែងការងារ។
៧. បង្កើនការច្នៃប្រឌិត
សម្រាប់ពួកយើង ការពិនិត្យមើលទូរស័ព្ទរបស់យើង គឺជារឿងដំបូងគេដែលយើងធ្វើជារៀងរាល់ព្រឹក។ បញ្ចូលគំនិតរបស់អ្នកជាមួយនឹងភាពច្នៃប្រឌិត ជំនួសឱ្យការចូលទៅមើលអ៊ីមែលការងាររបស់អ្នកតែម្តង។ ជ្រើសរើសបទចម្រៀង បើកវិទ្យុ ឬវីដេអូណាមួយដែលអ្នកចូលចិត្ត ដើម្បីចាប់ផ្តើមទទួលយកគំនិតថ្មីៗនៅពេលព្រឹក។ មិនថាវាជាអ្វីក៏ដោយ ត្រូវប្រាកដថា វាអាចជំរុញការស្រមើលស្រមៃរបស់អ្នកបាន។ អ្នកនឹងមានការភ្ញាក់ផ្អើល ចំពោះលទ្ធផលដែលអ្នកទទួលបានសម្រាប់ការជំរុញចិត្តគំនិត និងការច្នៃប្រឌិតរបស់អ្នកពេញមួយថ្ងៃ៕