បទចម្រៀងល្បីៗដោយកំពូលតារាចម្រៀងជាច្រើនត្រូវបានយកមក Cover ដោយអ្នកចម្រៀងអកកេសនៅតាមបណ្តាក្រុមមួយចំនួន និងបានសាងចំណាប់អារម្មណ៍កំសាន្តលេងមួយនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះផងដែរ ដោយមហាជនបានធ្វើការប្រៀបធៀបលេងសើចរវាងម្ចាស់បទដើម និងអ្នកចម្រៀងអកកេសទាំងនោះ។ ជាពិសេសបទ How about now? របស់លោកជីដេវីតផ្ទាល់ក៏កំពុងទទួលចំណាប់អារម្មណ៍ខ្ពស់ខណៈដែលបទនេះត្រូវបានអ្នកចម្រៀងអកកេស Cover ហើយបានចំនួនចូលទស្សនានាំមុខបទចម្រៀងដើមតែម្តង។ បទ«How about now?» អកកេស Version ត្រូវបាន Cover ឡើងដោយកញ្ញាសុខុមរចនាចេញផ្សាយឡើងនៅលើឆាណែលយូធូប Sothik Piano កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ដែលនៅក្រោយរយៈពេល៣ខែនៃការចេញផ្សាយបទចម្រៀងដើមរបស់លោកជីដេវីតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។
កញ្ញាសុខុមរចនាគឺជាអ្នកចម្រៀងនៅក្នុងក្រុមចម្រៀងអកកេសដែលធ្លាប់បានធ្វើការ Cover បទចម្រៀងល្បីៗជាច្រើនទៀតជាមួយក្រុមរាំរបស់នាង និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដូចជាបទកាលុងឃុង មីឆុងមីឆា ស្រលាញ់ខ្ញុំទៅ ខ្ញុំអត់ធ្វើអោយខូចចិត្តទេ និងរាំតោងជាដើម។ យ៉ាងណាមិញនាពេលកន្លងទៅនេះបទចម្រៀង Cover អកកេស Version របស់នាងមួយបទដែលមានចំណងជើងថា«How about now?» គឺទទួលបានប្រជាប្រិយភាពខ្លាំង និងចំណាប់អារម្មណ៍ខ្លាំងជាពិសេស ដែលពេលនេះមានចំនួនអ្នកចូលទស្សនានៅលើឆាណែលយូធូបរហូតទៅដល់ ១២លានដងហើយ បើប្រៀបធៀបនឹងបទមុនៗដែលលោតបំផុតគឺត្រឹម៣លានដងប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតផងដែរបទចម្រៀងមួយនេះក៏បាននាំមុខបទចម្រៀងម្ចាស់ដើមរហូតដល់ទៅ២ដងដែលមានចំនួនអ្នកចូលទស្សនាត្រឹមតែ 5.9 លានដងប៉ុណ្ណោះថ្វីត្បិតតែចេញផ្សាយមុនរយៈពេល៣ខែ។
ចាប់អារម្មណ៍ផងដែរថាបទចម្រៀងខ្លះទៀតដែលត្រូវបានយកមក Cover ដោយកញ្ញាសុខុមរចនាជា អកកេស Version ក៏បានទាញទំលាក់បទចម្រៀងម្ចាស់ដើមជារឿយៗអោយមានចំនួនទស្សនាតិចជាងដូចជាបទស្រលាញ់ខ្ញុំទៅ ខ្ញុំមិនធ្វើអោយខូចចិត្តរបស់កញ្ញាយូរីជាដើម។ នេះក៏ចោទជាសំនួរមួយសួរថាតើកញ្ញារចនាជាអ្នកជួយ Promote បទចម្រៀងអោយគេស្គាល់វិញដែររឺទេ? ឃើញថាវិធីសាស្រ្តច្រៀងចម្រៀង អកកេស Version របស់កញ្ញាជាមួយក្រុមរាំប្លែកៗបានទាក់ទាញចំណាប់អារម្មណ៍មហាជនយ៉ាងឆាប់រហ័ស និងបានធ្វើអោយពួកគេស្គាល់ចម្រៀងថ្មីៗថែមទៀតអោយកាន់តែមានភាពល្បីល្បាញ។