អារ៉ាប់រួមប្រកាសសង្គ្រាមនឹងក្រុម Houthi នៅក្នុងខណៈដែលអារ៉ាប៊ីសាអូឌីតក៏កំពុងតែប្រឆាំងនឹងសម្ព័ន្ធភាពរវាងអាមេរិក និងអ៊ីស្រាអែល នេះបើយោងតាមកាសែត Bloomberg! ការប្រកាសសង្គ្រាមលើយេម៉ែនគឺជាបញ្ហានៃការខ្វែងគំនិតគ្នារវាងអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ដែលធ្វើអោយរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការប្រឆាំងនឹងក្រុម Houthi។ ក្រុមហាម៉ាសបានបើកការវាយប្រហារដ៏ធ្ងន់ធ្ងរមកលើកងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងបន្តដុតកំឡោចរថក្រោះអ៊ីស្រាអែល។ វីដេអូរបស់ក្រុមហាម៉ាសបានកំពុងកើនឡើង ហើយក្លាយជាក្តីអាម៉ាស់សម្រាប់លោក Netanyahu និងកងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាជាមួយនឹងការបិទច្រកសមុទ្រ Bab al-Mandab។ ក្រុមហ៊ុនតៃវ៉ាន់ Ever Green បានប្រកាសពីការធ្វើពហិការប្រឆាំងនឹងកំពង់ផែអ៊ីស្រាអែល និងការដកកុងតឺន័រប្រេងចេញពីព្រែកជីកស៊ុយអេ និងសមុទ្រក្រហម។ តើអារ៉ាប់រួមត្រូវបានជាប់ពាក់ព័ន្ធក្នុងសង្គ្រាមប្រឆាំងយេម៉ែន និងក្រុម Houthi ដែរឬទេ? តើអ្វីជាជំហររបស់អេហ្ស៊ីបវិញ?
-
អារ៉ាប់រួមរៀបចំសង្រ្គាមប្រឆាំងនឹងក្រុម Houthi
យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី១៨ ខែធ្នូបានអោយដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការទប់ទល់ជាមួយនឹងក្រុមឧទ្ទាម Houthi របស់យេម៉ែន ដែលបានធ្វើការវាយប្រហារលើកប៉ាល់មួយចំនួននៅលើផ្លូវទឹកដ៏សំខាន់មួយរបស់ពិភពលោក ពេលនេះកំពុងប្រឈមនឹងបញ្ហាការរារាំងដ៏ធំមួយ ដោយសារតែការខ្វែងគ្នារបស់ប្រទេសអារ៉ាប់មួយចំនួនដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមមនុស្សដែលដឹងពីបញ្ហានេះ។
ប្រទេសសំខាន់ពីរដែលមានជាប់ពាក់ព័ន្ធនៅក្នុងសង្គ្រាមស៊ីវិលដែលអូសបន្លាយជាយូររបស់យេម៉ែននេះ គឺមានអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ដែលពេលនេះពួកគេកំពុងតែចង់ប្រើវិធីផ្សេងគ្នាដើម្បីដោះស្រាយជាមួយនឹងក្រុម Houthi។ ដោយអារ៉ាប់រួមកំពុងតែចង់ជំរុញអោយមានសកម្មភាពយោធា ហើយអោយអាមេរិកកំណត់ក្រុម Houthi ថាជាភេរវករ។ ចំណែកអារ៉ាប៊ីសាអូឌីតកំពុងតែចង់ប្រើវិធីថមថយជាងនេះ ដោយខ្លាចថាភាពឃោរឃៅពេកអាចធ្វើអោយក្រុម Houthi កាន់តែព្រហើនជាងនេះ។ ជំហរខុសគ្នារបស់ពួកគេកំពុងធ្វើឱ្យស្មុគស្មាញដល់ការប៉ុនប៉ងឆ្លើយតបរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុម Houthi។
-
ក្រុមហ៊ុន Evergreen នឹងបញ្ឈប់ការទទួលទំនិញរបស់អ៊ីស្រាអែល
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៨ ខែធ្នូបានអោយដឹងថា ក្រុមហ៊ុនបណ្តាញដឹកជញ្ជូនកុងតឺន័ររបស់តៃវ៉ាន់ Evergreen បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានសម្រេចចិត្តបញ្ឈប់ការទទួលយកទំនិញរបស់អ៊ីស្រាអែលជាបណ្តោះអាសន្នដោយនឹងអនុវត្តន៍ភ្លាមៗ ហើយបានណែនាំឲ្យកប៉ាល់កុងតឺន័ររបស់ខ្លួនផ្អាកការធ្វើនាវាចរឆ្លងកាត់សមុទ្រក្រហមរហូតដល់មានការជូនដំណឹងបន្ថែមទៀត។
ក្រុមហ៊ុន Evergreen បានបន្ថែមថាកប៉ាល់កុងតឺន័រដែលគ្រោងនឹងឆ្លងកាត់សមុទ្រក្រហម នឹងត្រូវប្តូរទិសដៅទៅកាន់តំបន់ជ្រលង Cape of Good Hope ដើម្បីបន្តការធ្វើដំណើររបស់ពួកគេទៅកាន់កំពង់ផែគោលដៅ។
-
អ៊ីស្រាអែលរកឃើញផ្លូវរូងក្រោមដីហាម៉ាសដ៏ធំបំផុតនៅជិតព្រំដែនហ្គាហ្សា
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៨ ខែធ្នូបានអោយដឹងថា កងកម្លាំងអ៊ីស្រាអែលដែលកំពុងប្រយុទ្ធនឹងក្រុមហាម៉ាសបាននិយាយថា ពួកគេបានរកឃើញផ្លូវរូងក្រោមដីបេតុងធំខុសពីធម្មតា និងធ្វើអមជាមួយនឹងដែក ត្រូវបានសាងសង់ឡើងដើម្បីដឹកជញ្ជូនយុទ្ធជនសកម្មប្រយុទ្ធពីតំបន់ហ្គាហ្សាឆ្ពោះទៅកាន់ព្រំដែន។
ការបំផ្លាញ ឬបិទផ្លូវក្រោមដី និងលេណដ្ឋានរាប់រយគីឡូម៉ែត្រ គឺបានក្លាយជាគោលដៅមួយក្នុងចំណោមគោលដៅនៃការវាយលុករបស់អ៊ីស្រាអែលកន្លងទៅនេះ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស។
ក្នុងចំណោមទីតាំងដែលក្រុមហាម៉ាសបានវាយលុក ក្នុងនោះគឺមានច្រកព្រំដែន Erez រវាងតំបន់ហ្គាហ្សា និងអ៊ីស្រាអែលផងដែរ ដែលមានផ្លូវរូងក្រោមដីមួយលាក់នៅក្នុងវាលខ្សាច់ ដែលស្ថិតនៅចម្ងាយត្រឹមតែ 100 ម៉ែត្រប៉ុណ្ណោះពីភាគខាងត្បូងនៃប៉ុស្តិ៍ត្រួតពិនិត្យ។
អ្នកនាំពាក្យយោធាឧត្តមនាវីឯកលោក Daniel Hagari បាននិយាយថា វាគឺជា “ផ្លូវរូងក្រោមដីដ៏ធំបំផុតដែលពួកគេបានរកឃើញនៅក្នុងតំបន់ហ្គាហ្សា...ដែលកំពុងគោលដៅលើច្រកព្រំដែន Erez”។