នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៏ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៩ ខែកញ្ញា នេះថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងបង្កើតប្រព័ន្ធ Hotline ដើម្បីជាយន្តការបន្ថែម ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងសង្គមកម្ពុជា។
នាយឧត្តមសេនីយ៍បញ្ជាក់ថា ដោយអនុវត្តតាមការប្ដេជ្ញាចិត្តដ៏មុតស្រួចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្ដេជ្ញាចិត្តចំពោះមុខប្រជាពលរដ្ឋ ក្នុងគោលបំណងនៃបេសកកម្មអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ លើការបង្ក្រាប ដើម្បីឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន និងក្រោមការដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រេចបង្កើត hotline ដើម្បីទទួលព័ត៌មាននានាពីគ្រប់មជ្ឈដ្ឋាន មិនថា ប្រជាប្រជាពលរដ្ឋ និងសង្គមស៊ីវិល ហើយធានាការសម្ងាត់ ក្នុងគោលដៅស្វែងរកការពិត និងចាត់វិធានការភ្លាមៗ។
មានប្រសាសន៏នៅក្នុងកិច្ចប្រជុំកាលពីថ្មីៗនេះ ក្រោយពីក្លាយជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាយកចិត្ដទុកដាក់គ្រប់គ្រងសារធាតុគីមីផ្សំគ្រប់ប្រភេទ ក្នុងនោះរាប់ទាំងការនាំចូល ស្ដុកទុក និងប្រើប្រាស់ ហើយដែលអាចកែច្នៃទៅជាគ្រឿងញៀនបាន។ ក្នុងនោះ ក៏បានជំរុញឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងជាសាធារណៈ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ឲ្យចំមុខសញ្ញា និងក្រុមគោលដៅដែលងាយប្រឈមនឹងគ្រោះថ្នាក់ ហើយត្រូវតែទប់ស្កាត់ឲ្យខាងតែបាននូវការលួចនាំចូលសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទ ចូលក្នុងប្រទេសកម្ពុជា។
តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងរយៈពេល០៨ខែ ដើមឆ្នាំ២០២៣ សមត្ថកិច្ចអនុវត្តច្បាប់កម្ពុជា ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៥,១៣៣ករណី ឃាត់ខ្លួនជនល្មើស ចំនួន១២,៤៩១នាក់ ចាប់យកសារធាតុញៀន ចំនួន២,៦៥៨.៥៦គីឡូក្រាម សារធាតុគីមីផ្សំចំនួន៩១០.៨៧គីឡូក្រាម រួមនិងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
បើតាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ គ្រឿងញៀនដែលរកឃើញ និងបង្ក្រាបបានកន្លងមកមានប្រមាណ៩០ភាគរយ មកពីបរទេស ដោយនាំចូលច្រើនជាងគេ គឺតាមផ្លូវគោក និងមួយចំនួនទៀតជាករណីកែច្នៃក្នុងប្រទេស។ លោកថា កម្ពុជាជាប្រទេសដែលឧក្រិដ្ឋជនឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀនតែប៉ុណ្ណោះ។ ក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវសកម្មភាព គឺកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដោយអនុវត្តព្រមគ្នាទាំងគោលនយោបាយ និងអនុវត្តច្បាប់ ធ្វើយ៉ាងណាឲ្យការប្រយុទ្ធប្រឆាំង និងបង្ក្រាបការជួញដូរគ្រឿងញៀនទទួលបានប្រសិទ្ធភាព៕