1. អ៊ីស្រាអែលវាយប្រហារលើអាកាសយានដ្ឋានស៊ីរី
យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី២២ ខែតុលាបានអោយដឹងថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរីនិយាយថាអ៊ីស្រាអែលបានធ្វើការវាយប្រហារលើអាកាសយានដ្ឋាន Aleppo និង Damascus កាលពីពេលព្រឹក ដោយបានធ្វើឱ្យខូចខាតលើផ្លូវ Runway និងធ្វើឱ្យពួកវាផ្អាកបំរើការ។មានមនុស្សម្នាក់បានស្លាប់ និងមនុស្សម្នាក់ទៀតរងរបួស។ អាកាសយានដ្ឋានអន្តរជាតិ Aleppo ត្រូវបានចោទប្រកាន់ថាជាគោលដៅវាយប្រហារដោយអ៊ីស្រាអែលនៅថ្ងៃទី14 ខែតុលា និងថ្ងៃទី12ខែតុលា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិ Damascus ត្រូវបានចោទប្រកាន់ថាជាគោលដៅវាយប្រហារតែនៅក្នុងថ្ងៃទី12 តែប៉ុណ្ណោះ។ អាកាសយានដ្ឋានទាំងពីរត្រូវបានវាយប្រហារជាច្រើនដងកាលពីឆ្នាំមុន ដោយសារអ៊ីស្រាអែលកំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការដឹកជញ្ជូនអាវុធទំនើបពីប្រទេសអ៊ីរ៉ង់ទៅកាន់ក្រុមប្រូស៊ីផ្សេងៗរបស់ខ្លួននៅក្នុងមជ្ឈិមបូព៌ា ដោយនៅក្នុងចំណោមនោះក៏មានក្រុមភេរវករ Hezbollah របស់ប្រទេសលីបង់ដែរ។
2. ក្រុមហាម៉ាសវាយប្រហារមូលដ្ឋានយោធាអ៊ីស្រាអែល២ដោយដ្រូន
យោងតាមសារព័ត៌មាន Anadolu Ajans ចុះផ្សាយថ្ងៃទី២៣ ខែតុលាបានអោយដឹងថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានកំណត់គោលដៅវាយប្រហារលើមូលដ្ឋានយោធាអ៊ីស្រាអែលចំនួនពីរដោយដ្រូន។ កងពលតូច Qassam ដែលជាដៃស្តាំរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសបាននិយាយថា ដ្រូនពីរគ្រឿងត្រូវបានបាញ់មកលើមូលដ្ឋានយោធា Hatzerim និង Tze'elim នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ មិនមានព័ត៌មានណាមួយបញ្ជាក់អំពីការស្លាប់និងរបួសទេ។ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានស្ទាក់ចាប់ដ្រូនចំនួនពីរគ្រឿងដែលបានបាញ់ចេញពីតំបន់ Gaza Strip នេះ។ ដោយកងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "UAVs ពីរគ្រឿងត្រូវបានបាញ់ឆ្លងកាត់ពីតំបន់ Gaza Strip ចូលមកក្នុងទឹកដីរបស់អ៊ីស្រាអែល" នៅតំបន់ Nir Oz និង Ein HaBesor ក្បែរព្រំដែន។ ពួកគេបានបន្ថែមថា "UAVs ទាំងពីរនេះក៏ត្រូវបានរារាំងបានសម្រេចផងដែរ" ដោយមិនបានបញ្ជាក់ថាតើពួកវាត្រូវបានបាញ់ទម្លាក់រឺមួយយ៉ាងណានោះទេ។
3. ប្រធានាធិបតីអ៊ីស្រាអែលថាក្រុមហាម៉ាសអាចនឹងបង្កើតអាវុធគីមី
យោងតាមសារព័ត៌មាន AXIOS ចុះផ្សាយថ្ងៃទី២២ ខែតុលាបានអោយដឹងថា នាយកដ្ឋានទប់ស្កាត់ការសាយភាយអាវុធប្រល័យលោករបស់ក្រសួងការបរទេសអ៊ីស្រាអែលបានបញ្ជូនឯកសារទៅកាន់ស្ថានទូតអ៊ីស្រាអែលផ្សេងៗក្នុងរដ្ឋធានីរាប់សិបប្រទេសជុំវិញពិភពលោក រួមទាំងទីក្រុងវ៉ាស៊ីនតោនផងដែរកាលពីចុងសប្តាហ៍មុន ដោយភ្ជាប់ជាមួយនឹងចំណងជើងថា "ក្រុមហាម៉ាសមានបំណងប្រើប្រាស់អាវុធគីមី"។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Sky News លោកប្រធានាធិបតីអ៊ីស្រាអែល Issac Herzog បានបង្ហាញការនូវឯកសារឌីជីថលមួយដែលលោកបានទទួលបានពី USB រកឃើញឡើងនៅលើខ្លួនសមាជិកក្រុមសកម្មប្រយុទ្ធហាម៉ាសដែលចូលរួមនៅក្នុងការវាយប្រហារភេរវកម្មថ្ងៃទី០៧ ខែតុលាកន្លងទៅនេះ។ លោកបានបង្ហាញថាឯកសារនៅក្នុងនោះគឺជាវិធីណែនាំក្នុងការផលិតអាវុធគីមីម្យ៉ាងដែលមានសារធាតុ Cyanide។ លោកបានបន្ថែមទៀតថាវិធីណែនាំនេះគឺជាផ្នែកមួយចេញពីសៀវភៅណែនាំរបស់ក្រុម al-Qaeda។