កាលពីថ្ងៃទី១៧ ខែតុលាថ្មីៗមកនេះ បទចំរៀងកងព័ន្ធទី១ទាំង១៨បទនៃអាល់ប៊ុម«LOOKDADIMADEIT»របស់លោកហេងទើបតែបានចេញផ្សាយជាផ្លូវការនៅលើបណ្តាប្រព័ន្ធផ្សព្វផ្សាយនានាដែលមានដូចជាយូធូប និងPleng App ជាដើម។ ទន្ទឹមនឹងនេះផងដែរ នាពេលថ្មីៗនេះនៅលើឆាណែលយូធូបផ្លូវការរបស់លោកហេង មានលេចឡើងនូវមតិរិះគន់មួយចំនួនទាក់ទងនឹងបទចំរៀងថ្មីរបស់លោកពីក្នុងអាល់ប៊ុម«LOOKDADIMADEIT»ដែលមានចំណងជើងថា«អភិជន»។ មានមនុស្សមួយចំនួនបានលើកឡើងថាបទចំរៀងមួយនេះរបស់លោកបានចំលងតាមបទចំរៀងរបស់រុស្ស៊ីមួយបទដែលមានចំណងជើងថា «Roll Royce» បកស្រាយដោយតារារ៉េបទាំងបីដែលមានឈ្មោះថា Egor Greed, GeeGun និង Timati ដែលបានចេញផ្សាយកាលពីឆ្នាំ២០២០កន្លងមកនេះ។ ទាក់ទងទៅលើបញ្ហានេះ លោក Molly ដែលជាសមាជិកមួយរូបនៃ Team របស់លោកហេងក៏បានធ្វើការឆ្លើយតបភ្លាមៗទៅកាន់អ្នកទាំងនោះវិញតាមរយៈខមមែននៅលើវីដេអូថាតន្រ្តីគឺជារបស់ដែលគ្មានដែនកំណត់នោះទេ មិនមានក្លិន មិនមានខុសមិនមានត្រូវ ហើយលោកក៏មិនសំដៅថាករណីមួយនេះគឺជាការ copy រឺហៅថា Inspire រឺក៏ជា Parody នោះទេ ប៉ុន្តែលោកគិតថារបកគំហើញថ្មីរកឃើញពីការវិវត្តនៃអង្គធាតុចាស់ៗ ហើយលោកក៏សុំអោយអ្នកគាំទ្រវិស័យតន្រ្តីកម្ពុជាទាំងអស់មានការយោគយល់ និងគិតគូរពីបញ្ហានេះឡើងវិញ ព្រោះសិល្បករនៅកម្ពុជាជាច្រើននាក់កំពុងតែជួបប្រទះបញ្ហាដែលត្រូវមហាជនចោទប្រកាន់ទៅលើចំនុចដូចគ្នានេះផងដែរ។ ចុះចំណែកទស្សនិកជនទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះប្រតិកម្មទាំងនេះ?តើអ្នកអស់គ្នាយល់ឃើញបទចំរៀងទាំងពីរនេះមានភាពស្រដៀងគ្នាដែររឺទេ កុំភ្លេចធ្វើការខមមែនបញ្ចេញមតិទាំងអស់គ្នាខាងក្រោមនេះ។