អនុប្រធានាធិបតី Harris បានចេញដំណើរទៅកាន់ទីក្រុងប៉ារីសកាលពីថ្ងៃច័ន្ទ ក្នុងដំណើរទស្សនកិច្ចចំនួន៥ថ្ងៃ ដែលនឹងរួមមានការជួបប្រជុំជាមួយនឹងលោកប្រធានាធិបតីបារាំង Emmanuel Macron ដើម្បីគូសបញ្ជាក់នូវកិច្ចខំប្រឹងប្រែងដ៏ទូលំទូលាយរបស់សេតវិមាន ព្រមទាំងបង្ហាញនូវកាប្តេជ្ញាចិត្តរបស់អាមេរិកចំពោះបារាំង បន្ទាប់ពីមានជម្លោះដ៏ធំកាលពីខែកញ្ញា។
ក្នុងការជួបប្រជុំជាមួយ Macron នៅបារាំង, Harris នឹងក្លាយទៅជាមន្ត្រីជាន់ខ្ពស់ទី៣ក្នុងរដ្ឋការលោក Biden ដែលបានជួបជាមួយលោកប្រធានាធិបតីបារាំង ក្នុងរយៈពេល២ខែនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសជាមួយនិងចក្រភពអង់គ្លេសនិងអូស្ត្រាលីនូវសន្ធិសញ្ញាសន្តិសុខអាស៊ីប៉ាស៊ីហ្វីក ដែលប្លន់បារាំងយកកិច្ចសន្យាការពារដ៏មានតម្លៃមួយ។
ទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសក្នុងនាមជាអនុប្រធានាធិបតីរបស់ Harris ដែលនឹងជួយផ្តល់ឱកាសផងដែរ សំរាប់អ្នកស្រីដើម្បីដុះខាត់នូវការងារនយោបាយការទូតប្រទេស។ Harris នឹងចូលរួមនៅក្នុងវេទិកាសន្តិភាពទីក្រុងប៉ារីស និងចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិអំពីបញ្ហាលីប៊ី ដែលជាកន្លែងដែលអ្នកស្រីនឹងត្រូវប្រឈមជាមួយមេដឹកនាំពីភពលោកប្រហែលជាជាង២០រូប។
ការជួបប្រជុំជាមួយ Macron ត្រូវបានគេសន្យាថានឹងត្រូវតាមដានមើលយ៉ាងដិតដល់ ហើយដែលទើបនឹងកើតមានឡើងប្រហែលជាមួយសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតី Biden បានស្វែងរកការសម្របសម្រួលរឿងនេះជាមួយលោកប្រធានាធិបតីបារាំង Macron នៅក្នុងទីក្រុង រ៉ូម ដោយបានប្រាប់ Macron ថា ទំនាក់ទំនងរឿងនាវាមុជទឹកដែលដើរដោយឋាមពលបរិមាណូជាមួយ អូស្ត្រាលី គឺជារឿងមួយដ៏ឆ្គាំឆ្គង។
“សារជាគន្លឹះសំរាប់ការជួបប្រជុំនេះ វាជាសារៈសំខាន់នៃទំនាក់ទំនង និងជាការពិតគឺជាដៃគូក្នុងពិភពលោក។ វាក៏ជារឿងសំរាប់ប្រជាពលរដ្ឋអាមេរិកកាំង ព្រោះអ្វីដែលយើងបានធ្វើរួមគ្នា វាប្រាកដជាមានសារៈសំខាន់ណាស់សំរាប់ប្រជាពលរដ្ឋនៃប្រទេសយើងទាំង២ ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូល” មន្ត្រីរដ្ឋបាលជាន់ខ្ពស់បាននិយាយប្រាប់ អ្នកយកព័ត៌មានតាមទូរស័ព្ទមុនពេលចេញដំណើរ។
មន្ត្រីបាននិយាយថា អាមេរិកនិងបារាំងបានចាប់យកនូវវិធីសាស្ត្រនៃការសម្លឹងមើលទៅមុខនៃទំនាក់ទំនងទ្វេភាគី ហើយថា Harris កំពុងស្វែងរកការជឿនលឿនទៅមុខក្នុងកិច្ចសហប្រតិបត្តិការណ៍រវាងប្រជាជាតិទាំង២ឲ្យបានរឹងមាំ៕