ផ្ទុះការចាប់អារម្មណ៍បន្ទាប់ពីបែកធ្លាយវិដេអូលោកវណ្ណដាស្ទុះទៅរករឿងលោក Harayuth ដែលជាមិត្តដើររួមក្រុមស្និទ្ធស្នាលនឹងលោកជីដេវីតនៅហាងមួយកន្លែង បង្កអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនធ្លាប់ឃើញចរិតនិស្ស័យលោកវណ្ណដាបែបនេះនៅលើកញ្ចក់កាំមេរ៉ានោះទេ។
គួរបញ្ជាក់ផងដែរថាវិដេអូមួយនេះត្រូវបានបែកធ្លាយឡើងដោយគណនីហ្វេសប៊ុក Linn Niee កាលពីវេលាឈានចូលថ្ងៃទី២០ ខែមិថុនាភ្លាម ដោយដំបូងឡើយធ្វើអោយមហាជនការមន្ទិលសង្ស័យជាខ្លាំងថាតើនេះគឺជាវិដេអូថ្មីៗ រឺក៏ជាវិដេអូយូរមកហើយ។
ដោយសកម្មភាពនៅក្នុងវិដេអូនោះមានបង្ហាញឡើងនូវរូបលោកសង្ហាផងដែរកំពុងតែជួយសំរបសំរួលអ្នកទាំងពីរ ខណៈដែលមហាជនខានឃើញភាពស្និទ្ធស្នាលរបស់លោកវណ្ណដា និងលោកសង្ហាជាយូរមកហើយបន្ទាប់ពីលោកចាកចេញពីផលិតកម្មបារមី។
ប៉ុន្តែទីបំផុតការពិតត្រូវបានទំលាយឡើងកាលពីយប់មិញនេះ ដោយលោក Harayuth បានធ្វើការ Live បកស្រាយច្បាស់ៗតែម្តងអមជាមួយនឹងភរិយារបស់លោក។ លោក Harayuth បានអោយដឹងថា ជាការពិតទៅរឿងមួយនេះបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមិថុនា នៅវេលាប្រហែលម៉ោង៣ទាបភ្លឺ នៅក្នុងហាងបបរមួយកន្លែង។ ដូច្នេះបានសេចក្តីថារឿងហេតុការណ៍មួយនេះបានកើតឡើងបន្ទាប់ពីលោកវណ្ណដា ក៏ដូចជាលោកសង្ហា និងគ្នីគ្នាគូកនរបស់លោកជាច្រើននាក់ទៀតបានទៅចូលរួមពិធីមង្គលការលោក Ravenblaze បន្ទាប់មកក៏ចេញមកជួបជុំគ្នាបន្តទៀតនៅខាងក្រៅ។
លោក Harayuth បានបន្តអោយដឹងថានៅពេលនោះលោកពិតជាបានទៅពាក់ព័ន្ធនឹងគ្នារបស់លោកវណ្ណដាពិតមែន ដែលនោះគឺជាលោកសង្ហា ព្រោះតែធ្លាប់ជាមនុស្សស្គាល់គ្នា។ បន្ទាប់មកលោកវណ្ណដាក៏ដើរចូលមក រួចក៏ឡើងទៅជួបជុំនឹងគ្នីគ្នារបស់លោកនៅខាងលើ មួយសន្ទុះក្រោយមក លោកវណ្ណដាក៏ដើរចុះមកកេះសួរលោកទាំងសភាពស្រវឹងដាប ដោយចោទប្រកាន់លោកថាមានវិដេអូលោកនិយាយថា«អាវបូកគីឡូបោះពុម្ពតិចទេ បានលក់ដាច់អស់»។ ភ្ជាប់មកជាមួយរឿងនេះលោក Harayuth ក៏បានបកស្រាយឡើងថា លោកពិតជាបានបង្ហោះស្តេធឺសពាក់ព័ន្ធនឹងអាវបូកគីឡូមែន តែដោយសារតែពេលនោះមានហ្វេនឆាតសួរលោកច្រើនពេកអោយទិញអាវបូកគីឡូយកមកលក់ លោកធុញពេកក៏បង្ហោះស្តេធឺសថា«ឈប់សួរខ្ញុំពីអាវបូកគីឡូទៀត ខ្ញុំមិនមែនអ្នកលក់ទេ ហើយក៏ដឹងច្បាស់ហើយថាខ្ញុំនៅខាងណា»។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះរឿងនេះ?