មនុស្ស 5 នាក់បានស្លាប់នៅក្នុងគ្រោះឧបទ្ទវហេតុមួយដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានដឹកអ្នកដំណើររាប់រយនាក់ និងបុកជាមួយយន្តហោះសង្គ្រោះគ្រោះរញ្ជួយដី បណ្តាលអោយផ្ទុះឆេះនៅពេលដែលបានចុះចតនៅអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូកាលពីថ្ងៃអង្គារ។ រុស្ស៊ីបានវាយលុកទីក្រុងធំជាងគេចំនួនពីររបស់អ៊ុយក្រែនកាលពីថ្ងៃអង្គារនៅក្នុងរលកថ្មីនៃការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លា។ មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានចាក់ចំកកាលពីថ្ងៃអង្គារ ដោយបុរសម្នាក់ដែលបានចាក់លោកដោយកាំបិត បន្ទាប់ពីសុំហត្ថលេខារបស់លោក។
-
យន្តហោះ Japan Airlines ផ្ទុះឆេះក្រោយបុកជាមួយយន្តហោះសង្គ្រោះគ្រោះរញ្ជួយដី
យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី០២ ខែមករាបានអោយដឹងថា មានមនុស្ស 5 នាក់បានស្លាប់នៅក្នុងគ្រោះឧបទ្ទវហេតុមួយដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានដឹកអ្នកដំណើររាប់រយនាក់ និងបុកជាមួយយន្តហោះសង្គ្រោះគ្រោះរញ្ជួយដី បណ្តាលអោយផ្ទុះឆេះនៅពេលដែលបានចុះចតនៅអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូកាលពីថ្ងៃអង្គារ។
យោងតាមក្រុមហ៊ុនអាកាសចរណ៍បានឱ្យដឹងថា មានមនុស្ស 379 នាក់នៅលើជើងហោះហើរ JAL 516 នោះ ក្នុងនោះរួមមានកុមារ 8 នាក់ដែលមានអាយុក្រោម 2 ឆ្នាំត្រូវបានជម្លៀសដោយសុវត្ថិភាពពីយន្តហោះដឹកអ្នកដំណើរ ប៉ុន្តែមានអ្នកស្លាប់នៅលើយន្តហោះទីពីរដែលប្រតិបត្តិការឡើងដោយឆ្មាំសមុទ្រជប៉ុន។
យន្តហោះ Airbus A350-900 បានឆេះឡើងបន្ទាប់ពីហោះចូលមកកាន់អាកាសយានដ្ឋាន Haneda ពីទីក្រុង Sapporo ភាគខាងជើងប្រទេសជប៉ុននៅម៉ោង 5:46 ល្ងាចម៉ោងក្នុងស្រុក។ វីដេអូបានបង្ហាញឡើងថាមានដុំភ្លើងដ៏ធំមួយបានផ្ទុះឡើងនៅពេលដែលយន្តហោះបានឆេះ ដោយបន្សល់ទុកនូវផ្លូវដ៏ក្ដៅគគុកនៅលើ Runway។
សមាជិកនាវិក 5 នាក់បានស្លាប់នៅលើយន្តហោះទីពីរដែលជាយន្តហោះក្រុមហ៊ុនផលិតយន្តហោះកាណាដា De Havilland Canada ប្រភេទ DHC-8 នេះបើយោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសជប៉ុនលោក Tetsuo Saito ។ ទូរទស្សន៍ NHK បាននិយាយថា Captain នៅលើយន្តហោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បាននិយាយថា អ្នកដំណើរបួននាក់របស់ខ្លួនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍មិនទាន់បានទទួលរបាយការណ៍បន្ថែមណាមួយអំពីអ្នករងរបួសនោះទេ នេះបើតាមអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនអាកាសចរណ៍លោក Noriyuki Aoki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃអង្គារ។
-
រុស្ស៊ីវាយប្រហារទីក្រុងធំជាងគេបង្អស់ទាំងពីររបស់អ៊ុយក្រែន
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៣ ខែមករាបានអោយដឹងថា ប្រទេសរុស្ស៊ីបានវាយលុកទីក្រុងធំជាងគេចំនួនពីររបស់អ៊ុយក្រែនកាលពីថ្ងៃអង្គារនៅក្នុងរលកថ្មីនៃការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ប្រាំនាក់ និងបានជំរុញឱ្យមានការស្នើសុំដល់លោកខាងលិចឆាប់រហ័សក្នុងការផ្តល់ជំនួយយោធាបន្ថែមទៀត។
ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា មានមនុស្ស 135 នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីល និងដ្រូនចុងក្រោយគេបង្អស់ ដោយក្នុងនោះមានមនុស្ស 61 នាក់ស្ថិតនៅក្នុង និងជុំវិញទីក្រុង Kharkiv ដែលជាទីក្រុងទីពីររបស់អ៊ុយក្រែននៅភាគឦសាន និងមនុស្ស 17 នាក់ស្ថិតនៅក្នុង និងជុំវិញរដ្ឋធានី Kyiv ។
លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះបានបន្តរហូតដល់ពេលល្ងាច ខណៈដែលការវាយលុកនេះក៏បានបណ្តាលឱ្យខូចខាតយ៉ាងធំធេង និងប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលផងដែរ។
រុស្ស៊ីបានបង្កើនការវាយប្រហារកាន់តែខ្លាំងឡើងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ដោយលោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីនបានព្រមានកាលពីថ្ងៃចន្ទថា ការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនមកលើទីក្រុង Belgorod របស់រុស្ស៊ី ដែលរុស្ស៊ីថាបានសម្លាប់ជនស៊ីវិល 25 នាក់នឹង "មិនត្រូវបានលើកលែងទោស" អោយនោះទេ ។
-
ប្រធានបក្សប្រឆាំងកូរ៉េខាងត្បូងត្រូវបានគេចាក់ចំក
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៣ ខែមករាបានអោយដឹងថា មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានចាក់ចំកកាលពីថ្ងៃអង្គារ ដោយបុរសម្នាក់ដែលបានចាក់លោកដោយកាំបិត បន្ទាប់ពីសុំហត្ថលេខារបស់លោក។
លោក Lee អាយុ 59 ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដែលជាកន្លែងដែលលោកទទួលបានការវះកាត់ដើម្បីព្យាបាលសរសៃឈាមធំមួយ ហើយក្រោយមកក៏បានជាសះស្បើយ និងដឹងខ្លួននៅក្នុងបន្ទប់ថែទាំ នេះបើតាមអ្នកនាំពាក្យគណបក្សលោក Kwon Chil-seung បានប្រាប់អ្នកយកព័ត៌មាន។
លោក Kwon បានថ្កោលទោសការវាយប្រហារនេះ ដែលនៅប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតសភាដែលនឹងមកដល់ក្នុងខែមេសានេះថាជា "ភេរវកម្មនយោបាយ"។
លោក Lee ដែលបានចាញ់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2022 ហើយកំពុងស្ថិតក្រោមការកាត់ទោសលើការចោទប្រកាន់ពីបទស៊ីសំណូក ដែលលោកក៏បានបដិសេធផងដែរ ត្រូវបានវាយប្រហារនៅទីក្រុងប៊ូសានភាគខាងត្បូង ខណៈពេលដែលធ្វើដំណើរទៅកាន់ទីតាំងនៃព្រលានយន្តហោះថ្មីដែលបានស្នើឡើង ហើយនិយាយទៅកាន់អ្នកកាសែត និងអ្នកគាំទ្រ។
ប្រទេសកូរ៉េខាងត្បូងមានប្រវត្តិនៃអំពើហិង្សានយោបាយមួយចំនួន បើទោះបីជាមានការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើការកាន់កាប់កាំភ្លើងក៏ដោយ។ ជាធម្មតាមេដឹកនាំនយោបាយមិនស្ថិតនៅក្រោមការការពារសន្តិសុខយ៉ាងជិតដិតនោះទេ។