លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានប្រកាសរយៈពេលនៃការកាន់ទុក្ខជាតិ បន្ទាប់ពីពិធីបុណ្យ Halloween ដ៏សាហាវមួយដែលធ្វើឲ្យមនុស្សជាច្រើនរងគ្រោះនិងសា្លប់ដោយសារការដើរជាន់គ្នានៅក្នុងរដ្ឋធានីសេអ៊ូល ខណៈដែលសាច់ញាតិដែលមានទុក្ខព្រួយបាននាំគ្នាទៅមន្ទីរពេទ្យក្នុងទីក្រុង ដើម្បីស្វែងរកសមាជិកគ្រួសាររបស់ពួកគេដែលបាត់ខ្លួន។
ប៉ុន្មានម៉ោងក្រោយបន្ទាប់ក្រោយពេលមានហេតុការណ៍ មនុស្សប្រហែល១៥៣ នាក់ត្រូវបានស្លាប់ក្នុងការប៉ះទង្គិចហ្វូងមនុស្សនៅក្នុងសង្កាត់ Itaewon នៃទីក្រុងសេអ៊ូល។ លោកប្រធានាធិបតី Yoon Suk-yeol មានអនុសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថាកាលពីថ្ងៃអាទិត្យថា “នេះពិតជាសោកនាដកម្ម ហើយគាត់ក៏បានថ្លែងទៀតថា រដ្ឋាភិបាលនឹងកំណត់រយៈពេលចាប់ពីថ្ងៃនេះរហូតដល់គ្រោះថ្នាក់ត្រូវបានគ្រប់គ្រងជារយៈពេលនៃការកាន់ទុក្ខជាតិ”។
មន្ត្រីពន្លត់អគ្គិភ័យបានរាយការណ៍ថា អ្នករងគ្រោះជាច្រើនគឺជាស្រ្តីនិងយុវជនក្នុងវ័យ ២០ ឆ្នាំ ហើយក្នុងនោះក៏មានជនបរទេសចំនួន ១៩ នាក់មកពីប្រទេសអ៊ីរ៉ង់ អ៊ូសបេគីស្ថាន ចិន និងន័រវេស។ បន្ថែមពីនេះមានមនុស្សចំនួន ១៣៣ នាក់ដែលត្រូវបានរងរបួស ហើយក្នុងនោះមានមនុស្សចំនួន ៣៧នាក់ ដែលត្រូវបានរងរបួសធ្ងន់ធ្ងរ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) បានហៅគ្រោះមហន្តរាយដែលជាឧបទ្ទវហេតុសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង។
គួរបញ្ជាក់ផងដែរថា នេះគឺជាការប្រារព្ធពិធីបុណ្យ Halloween លើកដំបូងនៅទីក្រុងសេអ៊ូលក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ពីការដាក់ការកម្រិតនៃជំងឺរាតត្បាត COVID-19។ កត់សម្គាល់ឃើញថា មូលហេតុនៃការបុកគ្នានេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបាននិយាយថា វាបានកើតឡើងបន្ទាប់ពីមនុស្សមួយក្រុមធំបានប្រញាប់ប្រញាល់ទៅកាន់បារមួយកន្លែងក្នុងតំបន់Itaewon បន្ទាប់ពីបានលឺថាតារាមិនស្គាល់អត្តសញ្ញាណម្នាក់បានទៅលេង។