Al Jazeera-
រដ្ឋាភិបាលយោធា Guinea បានបង្ហាញឲ្យដឹងពីធម្មនុញ្ញអន្តរកាលដែលបាននិយាយថាប្រទេសនឹងតម្រង់ឆ្ពោះទៅរកការគ្រប់គ្រងតាមបែបស៊ីវិល។ ឯកសារបានត្រូវគេប្រកាសតាមទូរទស្សន៍ជាតិកាលពីព្រលប់ថ្ងៃច័ន្ទដោយបានបរិយាយនូវកាតព្វកិច្ចជាបន្តបន្ទាប់ រួមបញ្ចូលទាំងពង្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មី ព្រមទាំងរៀបចំឲ្យមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ,សេរីនិងតម្លាភាព តែទោះជាយ៉ាងណាក៏មិនបានធ្វើការបំភ្លឺថាតើរយៈពេលនៃអន្តរកាលមានរយៈពេលយូរបុិនណា។រដ្ឋសហគមន៍សេដ្ឋកិច្ចប្រទេសអាហ្វ្រិកខាងលិច(ECOWAS)ដែលជាប្លុកក្នុងតំបន់បានទាមទារឲ្យមានការបោះឆ្នោតក្នុងរយៈពេល៦ខែ ព្រមទាំងដោះលែងលោកប្រធានាធិបតី Alpha Conde អាយុ៨៣ឆ្នាំ ដែលត្រូវបានចាប់ឃុំឃាំងកាលពីថ្ងៃទី ៥ខែកញ្ញា ដោយកងយោធាដែលដឹកនាំដោយវរសេនីយ៍ឯកMamady Doumbouya មេបញ្ជាការកងពលពិសេស ។លោកប្រធានាធិបតី Conde គឺជាប្រធានាធិបតីដំបូងបង្អស់ដែលចេញមកពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនៅក្នុងឆ្នាំ ២០១០ ហើយត្រូវបានជាប់ឆ្នោតម្តងទៀតនៅឆ្នាំ២០១៥ , ប៉ុន្តែកាលពីចុងឆ្នាំមុនលោកបានធ្វើការជម្រុញឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីមួយដ៏ចម្រូងចម្រាស់ ដែលនឹងអនុញ្ញាតិឲ្យលោកមានឱកាសឈរឈ្មោះក្នុងអាណត្តិទី៣ ក្នុងខែតុលា២០២០។ទង្វើនេះបានធ្វើឲ្យមានកំហឹងរាលដាលទៅជាបាតុកម្មបណ្តាលឲ្យមានអ្នកតវ៉ាជាច្រើនអ្នកបាត់បង់ជីវិត។ Code បានឈ្នះការបោះឆ្នោត ប៉ុន្តែក្រុមអ្នកនយោបាយប្រឆាំងបានហៅការបោះឆ្នោតនេះថាជារឿងគួរឲ្យអាម៉ាស់។ធម្មនុញ្ញថ្មីបានកំណត់ឲ្យមានស្ថាប័ន៤ដែលនឹងទទួលខុសត្រូវក្នុងរយៈពេលអន្តរកាល ,
ស្ថាប័នទាំង៤នោះគឺ គណកម្មាធិការប្រមូលផ្តុំជាតិសំរាប់ការអភិវឌ្ឍន៍ (CNRD)រៀបចំឡើងដោយរដ្ឋាភិបាលយោធាក្រោមការដឹកនាំ Doumbouya ហើយជាក៏ប្រធាននៃរដ្ឋាភិបាលអន្តរកាល ជាប្រមុខរដ្ឋនិងជាមេបញ្ជាការកងទ័ព ។ វាក៏មានផងដែនូវរដ្ឋាភិបាលមួយដែលដឹកនាំដោយនាយករដ្ឋមន្ត្រីស៊ីវិលម្នាក់ និងអង្គការនិតិបញ្ញត្តិមួយ ដែលគេឲ្យឈ្មោះថា ជាក្រុមប្រឹក្សារជាតិអន្តរកាល (CNT)។
នៅពេលដែលរយៈពេលអន្តរកាលត្រូវបានបិទបញ្ចប់ សមាជិកទាំងអស់នៅក្នុងស្ថាប័នទាំង៤នេះនឹងមិនត្រូវបានអនុញ្ញាតិឲ្យចូលរួមនៅក្នុងការបោះឆ្នោតទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។រយៈពេលនៃអន្តរកាលនឺងត្រូវបានកំណត់ដោយការព្រមព្រៀងរួមគ្នាក្នុងចំណោមកំលាំងដ៏សកម្មរបស់ប្រជាជាតិនិងគណកម្មាធិការ CNRD ។