ប្រហែលជាពេលអនាគត សាលារៀនអាចនឹងដាក់ប្រើប្រាស់កម្មវិធី ChatGPT ដើម្បីជួយបង្រៀនក្នុងថ្នាក់ផងក៏ថាបាន—ហើយនោះជាអ្វីដែលមុខជាក្លាយទៅជាសុបិន្តអាក្រក់មួយរបស់ប្រព័ន្ធ AI របស់ Google ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានព័ត៌មានទាន់ហេតុការណ៍មួយចំនួនបានលើកឡើងអំពីក្រុមហ៊ុន Google ដែលថា Google បានប្រកាសនឹងបញ្ឈប់បុគ្គលិករបស់ពួកគេចំនួន12,000នាក់។ ម្យ៉ាងវិញទៀតផងដែរ ក្រុមហ៊ុន Google ក៏ទើបតែបាត់បង់តំលៃភាគហ៊ុនលើសពី១០០កោដិលានដុល្លានោះទេដោយសារការបញ្ចេញព័ត៌មានខុសនៃប្រព័ន្ធ Chatbox AI របស់ខ្លួនដែលហៅថា Bard។
ChatGPT បានធ្វើអោយក្រុមហ៊ុន Google មានការប្រុងប្រយ័ត្នខ្ពស់។ ChatGPT មិនត្រឹមតែផ្តល់ការប្រកួតប្រជែងខ្ពស់ទៅលើផ្នែក Search Engine របស់វាប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាបច្ចេកវិទ្យានៃអ្វីគ្រប់យ៉ាងដែលក្រុមហ៊ុន Google មានភាពភ័យខ្លាចថាប្រព័ន្ធ AI អាចធ្វើទៅបាន។ ប្រសិនបើ ChatGPT ដំណើរការនិងបញ្ចេញព័ត៌មានខុសធ្ងន់ធ្ងរ និងគ្រោះថ្នាក់ នោះក្រុមហ៊ុន Google បារម្ភថាវាអាចបំផ្លាញការទទួលយកប្រព័ន្ធ AI ទាំងអស់សម្រាប់មនុស្សគ្រប់គ្នា។
ចាប់តាំងពីមានការរីករាលដាលនៃការប្រើប្រាស់មក ChatGPT បានបង្ហាញពីអ្វីដែល AI អាចផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ តាមភាពជាក់ស្តែងនិងសមត្ថភាពរបស់វា។ ប៉ុន្តែវាក៏ភ្ជាប់មកជាមួយនឹងភាពគ្រោះថ្នាក់មួយចំនួនផងដែរ៖ដូចជាលទ្ធភាពដែលវាអាចត្រូវបានប្រើសម្រាប់ការបន្លំនិងសកម្មភាពមិនល្អផ្សេងទៀត។
ទោះយ៉ាងណាក៏ដោយ នាយកប្រតិបត្តិនៅពីក្រោយ ChatGPT គិតថាមនុស្សគ្រប់គ្នាគ្រាន់តែត្រូវការសម្របខ្លួនតាមវាប៉ុណ្ណោះ។ លោកបានចង្អុលបង្ហាញពីរបៀបដែលសាលារៀនឥលូវនេះបានប្រើប្រាស់ម៉ាស៊ីនគិតលេខនៅក្នុងមេរៀនគណិតវិទ្យា។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន StrictlyVC ថា "ថ្វីបើវាជាកំណែទំរង់ដ៏ធ្ងន់ធ្ងរពិតមែន ប៉ុន្តែអត្ថប្រយោជន៍របស់វាក៏ខ្លាំងផងដែរ។”