អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក Google គ្រោងបោះទុនវិនិយោគចំនួន១ពាន់លានដុល្លារនៅទ្វីបអាហ្វ្រិកក្នុងអំឡុងពេល៥ឆ្នាំខាងមុខ ដើម្បីធានាឲ្យមានការទទួលបានសេវាអ៊ីនធឺណិតដែលមានល្បឿនលឿននិងមានតម្លៃថោកហើយនឹងគាំទ្រក្រុមហ៊ុនតូចៗដែលទើបចាប់ផ្ដើមរកស៊ីដើម្បីជួយទៅដល់ការផ្លាស់ប្តូរផ្នែកឌីជីថលរបស់ទ្វីបនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការប្រកាសរបស់ក្រុមហ៊ុន Google បែបនេះត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីដាក់ឲ្យដំណើរការមូលនិធិវិនិយោគសម្រាប់ទ្វីបអាហ្រ្វិក ដែលតាមរយៈមូលនិធិនេះក្រុមហ៊ុននេះនឹងវិនិយោគ៥០លានដុល្លារទៅលើក្រុមហ៊ុនតូចៗដែលទើបចាប់ផ្ដើមរកស៊ីដោយផ្តល់លទ្ធភាពឲ្យពួកគេទទួលបានបច្ចេកវិជ្ជារបស់ខ្លួន។
ដោយសហការជាមួយអង្គការមិនរកប្រាក់ចំណេញឈ្មោះ Kiva ក្រុមហ៊ុន Google ក៏នឹងផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបចំនួន ១០លានដុល្លារដើម្បីជួយអាជីវកម្មនិងសហគ្រិនខ្នាតតូចនៅក្នុងប្រទេសហ្គាណា, កេនយ៉ា, នីហ្សេរីយ៉ា និងអាហ្វ្រិកខាងត្បូងដើម្បីឲ្យពួកគេអាចឆ្លងកាត់ការលំបាកផ្នែកសេដ្ឋកិច្ចដែលបង្កើតឡើងដោយការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩។
គម្រោងវិនិយោគនេះរំពឹងថានឹងអាចជួយដល់អាជីវកម្មខ្នាតតូចនៅក្នុងទ្វីបអាហ្វ្រិកខណៈដែលជារឿយៗអាជីវកម្មប្រភេទនេះតែងតែជួបការលំបាកក្នុងការទទួលបានដើមទុនពីព្រោះពួកគេខ្វះទ្រព្យបញ្ចាំចាំបាច់ដែលទាមទារដោយធនាគារក្នុងករណីដែលពួកគេមិនអាចសងធនាគារបានហើយបើនៅនៅពេលមានឥណទានវិញគឺអត្រាការប្រាក់ជាធម្មតាខ្ពស់ពេក។
ក្រុមហ៊ុន Google បានបន្ថែមថាកម្មវិធីមួយរបស់ខ្លួនដែលបានត្រួសត្រាយផ្លូវកាលពីឆ្នាំមុននៅក្នុងប្រទេសកេនយ៉ាក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Safaricom ដែលអនុញ្ញាតឱ្យអតិថិជនបង់រម្លស់ទូរស័ព្ទដែលអាចប្រើប្រព័ន្ធ 4G នោះ នឹងនៅបន្តនៅទូទាំងទ្វីបអាហ្វ្រិកជាមួយប្រតិបត្តិករទូរស័ព្ទមួយចំនួន។
ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអ៊ីនធឺណិត Google គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំលំដាប់ទី៤របស់ពិភពលោកតាមរយៈប្រាក់ចំណូលនិងជាក្រុមហ៊ុនដ៏មានតម្លៃបំផុតមួយរបស់ពិភពលោកកាលពីឆ្នាំ២០២០កន្លងទៅនេះបានបង្ហាញពីការរកប្រាក់ចំណូលបានប្រមាណ ១៨២,៥៣ពាន់លានដុល្លារអាមេរិក៕