អ៊ីស្រាអែលកំពុងចុះញ៉មទៅនឹងយេម៉ែនដែលហាក់ដូចជាមិនអាចយកឈ្នះបានតាំងពីដើមទី និងពួកគេបានបញ្ជាឱ្យកប៉ាល់អ៊ីស្រាអែលធ្វើដំណើរទៅកាន់ទឹកដី Cape of Good Hope នៅអាហ្វ្រិកខាងត្បូង ដែលនេះនឹងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ីស្រាអែលក្នុងរយៈពេលយូរនៅក្នុងសម័យសង្គ្រាម។ ជាថ្នូរនឹងការដោះដូរនេះ អាមេរិកបានកំពុងដាក់សម្ពាធអ៊ីស្រាអែលឱ្យមានបទឈប់បាញ់រយៈពេលយូរ និងមានការរំដោះចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់នៅក្នុងកិច្ចព្រមព្រៀងតែមួយ។ សរុបមក រដ្ឋាភិបាលលោក Netanyahu គឺកំពុងតែទប់ទល់នឹងសម្ពាធរបស់អាមេរិក និងបដិសេធបទឈប់បាញ់ទាំងស្រុង ប៉ុន្តែនៅលើមូលដ្ឋានសមរភូមិវិញក្រុមហាម៉ាសកំពុងមានប្រៀបជាង! ដែលធ្វើឱ្យគោលដៅរបស់អ៊ីស្រាអែលក្នុងសង្គ្រាមកំពុងតែក្លាយជាអសារបង់។
-
ក្រុមហ៊ុនអ៊ីស្រាអែលផ្លាស់ប្តូរផ្លូវនាវាចរណ៍
យោងតាមសារព័ត៌មាន Press TV ចុះផ្សាយថ្ងៃទី២៩ ខែវិច្ឆិកាបានអោយដឹងថា ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំរបស់អ៊ីស្រាអែលបានសម្រេចចិត្តផ្លាស់ប្តូរផ្លូវដែលកប៉ាល់របស់ខ្លួនធ្វើដំណើរឆ្លងកាត់ នៅខណៈពេលមានការគំរាមកំហែងកាន់តែខ្លាំងដោយចលនាក្រុមសកម្មប្រយុទ្ធ Houthi របស់ប្រទេសយេម៉ែនថាពួកគេនឹងកំណត់គោលដៅវាយប្រហារលើនាវាដែលមានទំនាក់ទំនងទៅនឹងអ៊ីស្រាអែលនៅក្នុងអំឡុងពេលសង្រ្គាមនៅហ្គាហ្សានេះ។
ក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រ Zim បាននិយាយថា ខ្លួនកំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីធានាសុវត្ថិភាពនាវិក កប៉ាល់ និងទំនិញរបស់អតិថិជនរបស់ខ្លួនដោយប្តូរទិសដៅធ្វើដំណើរនាវាមួយចំនួនរបស់ខ្លួន ដើម្បីចៀសវាងការឆ្លងកាត់សមុទ្រអារ៉ាប់ និងសមុទ្រក្រហម។
ទិន្នន័យចរាចរណ៍បានបង្ហាញថាកប៉ាល់កុងតឺន័រដែលដំណើរការដោយក្រុមហ៊ុន Zim បានផ្លាស់ប្តូរផ្លូវធ្វើដំណើររួចហើយ ដោយកំពុងធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយជុំវិញទ្វីបអាហ្រ្វិក ជំនួសឱ្យការធ្វើដំណើរតាមព្រែកជីក Suez និងឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ចេញពីប្រទេសយេម៉ែន។
ក្រុមហ៊ុន Zim Europe ត្រូវបន្តដំណើររបស់ខ្លួនទៅកាន់ Port Klang តាមរយៈកាត់ជ្រលងជ្រោះ Cape of Good Hope ដែលជាការធ្វើដំណើរដែលមានរយៈពេលវែងជាងមុន 56% បើប្រៀបធៀបនឹងតាមរយៈព្រែកជីក Suez នេះបើយោងតាមអ្នកជំនាញខាងដែនសមុទ្រ។
-
អាមេរិកដាក់សម្ពាធឱ្យមានបទឈប់បាញ់រយៈពេលវែង
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៩ ខែវិច្ឆិកាបានអោយដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា លោកនឹងសាកល្បងធ្វើការងាររួមគ្នាជាមួយអ៊ីស្រាអែលក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិនិត្យមើលថាតើបទឈប់បាញ់បណ្តោះអាសន្នដែលបានអនុញ្ញាតឱ្យចំណាប់ខ្មាំងមានសេរីភាពអាចបន្តដែររឺទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលបន្ទាប់ពីកិច្ចប្រជុំអង្គការណាតូ លោក Blinken បាននិយាយថា ការបន្តផ្អាកប្រយុទ្ធនេះនឹងធ្វើអោយមានចំណាប់ខ្មាំងកាន់តែច្រើននឹងត្រូវបានដោះលែង និងមានជំនួយកាន់តែច្រើននឹងហូរទៅកាន់តំបន់ហ្គាហ្សា។
លោក Blinken ក៏នឹងធ្វើទស្សនកិច្ចទៅកាន់តំបន់ West Bank និងប្រទេស United Arab Emirates នៅសប្តាហ៍នេះផងដែរ ហើយលោកបាននិយាយថានឹងមានការជជែកគ្នាអំពីអនាគតរបស់តំបន់ហ្គាហ្សា និងដំណោះស្រាយរដ្ឋពីរនាពេលអនាគតចំពោះជម្លោះនេះ។
-
អាមេរិកជំរុញឲ្យអ៊ីស្រាអែលផ្លាស់ប្តូរយុទ្ធសាស្ត្រនៅហ្គាហ្សា
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៨ ខែវិច្ឆិកាបានអោយដឹងថា សហរដ្ឋអាមេរិកកំពុងជំរុញឱ្យអ៊ីស្រាអែលកែប្រែផែនការរបស់ខ្លួនសម្រាប់ដំណាក់កាលបន្ទាប់នៃយុទ្ធនាការប្រឆាំងរបស់ខ្លួននៅតំបន់ហ្គាហ្សា ដើម្បីការពារជនស៊ីវិលឱ្យកាន់តែបានប្រសើរជាងនេះ និងដើម្បីច្រានចោលការរិះគន់ដែលថាសេតវិមានបានផ្តល់កងកម្លាំងអោយអ៊ីស្រាអែលដើម្បីធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស។
សហរដ្ឋអាមេរិកបានជំរុញឱ្យអ៊ីស្រាអែលប្រយុទ្ធនៅក្នុងសង្រ្គាមដែលមានគោលដៅជាក់លាក់ច្រើនជាងនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោនក៏បានព្យាយាមធ្វើការរួមគ្នាជាមួយសម្ព័ន្ធមិត្តអារ៉ាប់ដើម្បីទប់ស្កាត់កុំឲ្យមានការរីកធំឡើងនៃសង្គ្រាមនៅតំបន់ហ្គាហ្សានេះ។
មន្ត្រីអាមេរិកបាននិយាយថា រដ្ឋបាលលោក Biden កំពុងជំរុញឱ្យអ៊ីស្រាអែលធ្វើការវាយប្រហារតាមអាកាសដោយជាមួយនឹងគោលដៅជាក់លាក់នៅពេលដែលការប្រយុទ្ធត្រូវបានបន្តឡើងវិញ ហើយក៏ត្រូវធានានូវសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជាមន្ទីរពេទ្យ បណ្តាញអគ្គិសនីផ្គត់ផ្គង់ និងបណ្តាញលូដែលមិនត្រូវបានកំណត់គោលដៅលើផងដែរ។