MV បទចំរៀង Goblin របស់លោកជីដេវីតដែលបានចេញផ្សាយកាលពីថ្ងៃទី០២ ខែកញ្ញាកន្លងទៅនេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជន បន្ទាប់ពីបទចំរៀង Audio Version របស់លោកក៏ធ្លាប់បានចេញផ្សាយរួចមកហើយ។ បើទោះជាយ៉ាងនេះក្តីក៏បណ្តាអ្នកគាំទ្រវិស័យតន្រ្តីនៅតែនិយមគាំទ្រស្តាប់រាល់បទចំរៀងរបស់លោក និងជាក់ស្តែងរំជើបរំជួលចង់ទស្សនា MV ថ្មីនេះផងដែរ។នៅលើបទចំរៀងមួយបទនេះ ទស្សនិកជនជាច្រើនវាយតំលៃឃើញថាទាំងអត្ថន័យបទចំរៀងពិតជាតាក់តែងបានយ៉ាងពិរោះធ្វើអោយពួកគេពេញចិត្តជាខ្លាំងរួមទាំងមានក្រាហ្វិកបទចំរៀងពិតជាមានការច្នៃប្រឌិតអស្ចារ្យ និងគួរអោយចាប់អារម្មណ៍ហាក់វិលត្រលប់ទៅសម័យកាលបុរាណមួយ។ មួយនេះបទនេះផងដែរ ធ្វើអោយមនុស្សជាច្រើនធ្វើការបញ្ចេញមតិវែកញែកជជីករឹសជជីកគល់បង្ហាញចំណាប់អារម្មណ៍របស់ពួកគេ។ អ្នកខ្លះយល់ឃើញថាបទនេះស្តាប់ហើយធ្វើអោយពួកគេមានអារម្មណ៍ល្អ និងមានមោទនភាពចំពោះខ្លួនឯង។ អ្នកខ្លះវិញក៏ចាប់អារម្មណ៍ជាមួយចង្វាក់ភ្លេងដោយពួកគេយល់ឃើញថាវាពិតជាប្លែកនិងឥតខ្ចោះមែនទែនគួរអោយចង់ច្រៀងតាម។ មនុស្សមួយចំនួនផងដែរ ពេញចិត្តជាមួយសាច់រឿងរំលេចនៅក្នុង MV ទាំងមូលនូវ Concept អំពីអាទិទេពចុះពីឋានទេវតាមកដាស់តឿនមនុស្សលោកអំពីសុខទុក្ខតាមរយៈច្បាប់មេឃ។
នៅត្រង់ចំនុចនេះធ្វើអោយមានអ្នកចាប់អារម្មណ៍ឃើញថាការដាក់បញ្ចូលរូបភាពបង្ហាញសិល្បៈវប្បធម៌ខ្មែរបុរាណចូលទៅក្នុងបទចំរៀងកាន់តែអស្ចារ្យ និងបានសើរើគាស់កកាយអំពីអំណាចនិងឥទ្ធិពលមរតកខេមរារបស់យើងដ៏ស្រស់ផូរផង់ឡើងវិញ។ មួយវិញទៀតផងដែរវាពិតជាប្លែកព្រោះជាទូទៅ MV បទចំរៀងនៅក្នុងប្រទេសកម្ពុជានៅមិនទាន់មាននរណាលើកអំពីលទ្ធិព្រហ្មណ៍សាសនានៅឡើយទេ ធ្វើអោយមហាជនខ្លះចាប់អារម្មណ៍ទៅលើទំរង់នៃការស្លៀកពាក់របស់តួអង្គអាទិទេពក្នុងបទចំរៀងថានេះជាសំលៀកបំពាក់របស់ព្រះនាសម័យមុនអង្គរ និងសម័យអង្គរដែលបុព្វបុរសបានគោរពនៅក្នុងសាសនាព្រហ្មណ៍។ ស្របពេលដែលបច្ចុប្បន្នកំពុងពេញនិយមនឹងពាក្យព្រហ្មផង ទើបធ្វើអោយការចេញបទចំរៀង Goblin មួយបទនេះរបស់លោកជីដេវីតសក្តិសមទៅនឹង Trend និងមានមនុស្សជាច្រើននិយាយលេងសើចថាលោកជីដេវីតចង់ធ្វើជាព្រហ្មទី២មែនទេ។