ការរង់ចាំរបស់អ្នកទាំងអស់គ្នា ឥលូវនេះវានឹងក្លាយជាការពិតដោយកាដូដ៏ពិសេសជាមួយការប្រគំតន្រ្តីដំបូងគេ និងធំជាងគេសម្រាប់តារារ៉េបឯករាជ្យរបស់ប្រទេសកម្ពុជានោះគឺលោក ជី ដេវីត។ Concert មួយនេះនឹងមានភាពប្លែកជាងសព្វមួយដងដោយបានលាយឡំជាមួយនឹងបច្ចេកវិទ្យាទំនើបផ្សេងៗជាច្រើនដែលនឹងធ្វើអោយការប្រគំតន្រ្តី The Album Passion នេះកាន់តែមានភាពអស្ចារ្យ ឡូយដាច់គេ ដែលភាគច្រើនយើងអាចត្រឹមតែមើលឃើញនៅតាមបណ្តាប្រទេសហូលីវូដតែប៉ុណ្ណោះ។ ទស្សនិកជនប្រហែលជាធ្លាប់បានឃើញរួចមកហើយពីផសស្ទ័រខ្លះៗរបស់លោក ជីដេវីត ដែលបានបង្ហាញនៅក្នុងទំព័រហ្វេសប៊ុករបស់លោកផ្ទាល់ បានទាញយកចំណាប់អារម្មណ៍និងទិដ្ឋភាពអោយស្រម៉ៃដល់ទៅថ្ងៃនៃការប្រគំតន្រ្តីដោយសារតែភាពច្នៃប្រឌិត និងអត្ថន័យពិសេសៗសម្រាប់អ្នកគាំទ្ររបស់លោកផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះទេ ការប្រគំតន្រ្តីនេះគឺធ្វើឡើងជាពិសេសសម្រាប់ហ្វេនៗរបស់លោក ក៏ដូចជាការអបអរសាទរនូវអាល់ប៊ុមទី៣របស់លោកដែលមានឈ្មោះថា The Album Passion ដែលមានចម្រៀងជាច្រើនបទ មានគ្រប់ស្តាយ និងជាច្រើនប្រភេទនៃចម្រៀង។
អ្វីដែលកាន់តែពិសេសដែលធ្វើអោយអាល់ប៊ុម Passion នេះកាន់តែមានប្រជាប្រិយភាពនោះគឺចម្រៀងពីរបទ "Goblin" ដែលបកប្រែជាខេមរៈភាសាថា "អទិទេព" ដែលទើបតែចេញជាវីដេអូកាលពីថ្ងៃទី០២ កញ្ញា កន្លងទៅនេះដោយសារបទចម្រៀងមួយបទនេះមានគុណភាពច្បាស់ត្រជាក់ភ្នែក និងអត្ថន័យដ៏ពិសេសនៃចម្រៀងតែម្តង រីឯបទ I’m Bored ដែលមានសន្ទុះនៃការស្តាប់ និងចែករំលែកជាច្រើននៅតាមបណ្តាញសង្គមនានា មិនតែប៉ុណ្ណោះក៏ត្រូវបានជាប់ចំណាត់ថ្នាក់កំពូលៗនៅតាមបណ្តាក្រុមហ៊ុនចាក់ចំរៀងឌីជីថល Pleng App និងយូធូបជាដើម។ ថ្វីត្បិតតែបទចម្រៀងដែលមាននៅក្នុង Passion The Album ថ្មីរបស់លោក ជាប្រភេទតន្ត្រីបែប Hip-Hop តែសង្កេតឃើញថាលោក ជី ដេវីត បានដាក់បញ្ចូលចង្វាក់ភ្លេងខុសៗគ្នាដើម្បីបំរើទស្សនីយអារម្មណ៍ទៅកាន់អ្នកគាំទ្ររបស់លោកអោយទទួលបាននូវបទពិសោធន៍ថ្មី និងភាពសប្បាយរីករាយទៅតាមបរិយាកាសនៃតន្រ្តីដែលលោកបានផលិត។ ទស្សនិកជនទាំងអស់គ្នាប្រហែលជាធ្លាប់បានចូលរួមការប្រគំតន្រ្តីជាច្រើនលើកច្រើនសារួចមកហើយ ប៉ុន្តែសម្រាប់ការប្រគំតន្រ្តី The Passion របស់លោក ជី ដេវីត ម្តងនេះវិញ អ្នកទាំងអស់គ្នានឹងទទួលបានបទពិសោធន៍ថ្មីមួយដែលពុំធ្លាប់មានពីមុនមក នេះបើតាមការប្រកាសរបស់លោកផ្ទាល់នៅឯកម្មវិធី FFF Party ដែលបានធ្វើឡើងថ្មីៗនេះ។
ការប្រគំតន្រ្តីដ៏សម្បើម និងឳឡារិកនេះមានឈ្មោះថា The Passion Album brought to you By Sting Musicverse ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅឯ The Elysee Kohpich ដោយមានភ្ញៀវកិត្តិយសពិសេសពីសំណាក់តារាចម្រៀងស្រីដ៏ល្បីរបស់ប្រទេសថៃគឺកញ្ញា Jannine Weigel និងតារារ៉េបដ៏ល្បីប្រចាំប្រទេសថៃលោក Jarvis ផងដែរ។
ចំណែកឯសំបុត្រចូលរួមទស្សនា ទស្សនិកជនអាចធ្វើការបញ្ជាទិញតាមរយៈកម្មវិធី Live by Wonderpass ដោយក្នុងនោះសំបុត្រធម្មតា តំលៃ៧ដុល្លាទទួលបាន Glowstick និង Normal Ticket ។ ចំណែកឯសំបុត្រ VIP តំលៃ១៣ដុល្លាទទួលបាន Glowstick, VIP Ticket, LED Glass និងចុងក្រោយនោះសំបុត្រ VVIP តំលៃ២០ដុល្លាទទួលបាន Fan Base Card, LED Glass, Glowstick, VVIP Ticket និង Goblin Treasure Box ផងដែរ។ សម្រាប់ការតាមដានព័ត៌មានថ្មីៗបន្ថែមទៀតពីព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ទស្សនិកជនក៏អាចធ្វើការតាមដានតាមរយៈគេហទំព័ររបស់លោក ជី ដេវីត និង Sting Cambodia បានផងដែរ។ អ្វីកាន់តែពិសេសទៀតនោះ ដំណឹងនិងកម្មវិធីសប្បាយៗបន្តបន្ទាប់នាពេលខាងមុខនេះ ក្រុមហ៊ុន Sting នឹងបន្តផ្តល់ជូនមកកាន់អ្នកគាំទ្ររបស់ DIT WAY អោយកាន់តែរំភើបនៅក្នុងថ្ងៃប្រគំតន្រ្តីនោះតែម្តង។