គួរអោយចាប់អារម្មណ៍បានថាក្រោយពីបញ្ចប់ទៅនៃព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់ WURKZ សេនាគុនខ្មែរដ៏ស្វិតស្វាញរវាងគូជំរើសជាតិកម្ពុជា និងមីយ៉ាន់ម៉ា ភាពល្បីល្បាញរបស់គុនខ្មែរក៏បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម។ ខណៈពេលថ្មីៗនេះផងដែរ ក៏សង្កេតឃើញថាមានសិល្បករខ្មែរមួយចំនួនបានងាកមកជួយចូលរួមផ្សព្វផ្សាយ និងលើកស្ទួយមរតកគុនខ្មែររបស់យើងដូចគ្នា។
ដូចជាអ្នកនាងទេពបូព្រឹក្សដែលបានស្លៀកបង្ហាញខោគុនខ្មែរនៅក្នុងព្រឹត្តិការណ៍ការប្រកួតរត់ឡើងអគារ និងលោកជីដេវីតវិញដែលបានស្លៀកបង្ហាញខោគុនខ្មែរនៅលើឆាកប្រគំតន្រ្តីរបស់លោកជាដើម។ ទាក់ទងនឹងការផ្សព្វផ្សាយរបស់លោកជីដេវីតនេះផងដែរ ផេកផ្លូវការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានសម្តែងការអរគុណចំពោះលោកជីដេវីតដែលបានជួយផ្សព្វផ្សាយ និងលើកតម្កើងគុនខ្មែរតាមរយៈការប្រគំតន្រ្តីរបស់លោក ខណៈដែលពួកគេក៏កំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរជាបន្តបន្ទាប់សម្រាប់ពេលខាងមុខ ដូចជាការប្រកួតសង្វៀនគុនខ្មែរឈុតធំមួយនៅស្ថានីយ៍ទូរទស្សន៍ PNN នាខែធ្នូខាងមុខនេះ។
យ៉ាងណាមិញ ក៏ចាប់អារម្មណ៍ក្រៅពីលោកជីដេវីត និងអ្នកនាងទេពបូព្រឹក្សហើយ សិល្បករខ្មែរដទៃទៀតដែលបានជួយផ្សព្វផ្សាយពីគុនខ្មែរ ក៏មានដូចជាលោកវណ្ណដាផងដែរ ដែលលោកធ្លាប់បានរំលេចឡើងនៅក្នុងបទចំរៀងរបស់លោក ឆ្លុះបញ្ចាំងពីភាពអំណត់តស៊ូរបស់អ្នកប្រដាល់ខ្មែរតែម្តង។
ចំណែកកញ្ញារ៉េតសារីតា ក៏ធ្លាប់បានបង្ហាញថាអ្នកនាងធ្លាប់ហាត់គុនខ្មែរ នឹងមានបំណងបង្ហាញទៅកាន់អន្តរជាតិពីគុនខ្មែរនៅក្នុងការប្រកួត Miss Universe 2020 ផងដែរ។ ចំណែកអ្នកនាងស្រីអូន ក៏បានរួមចំណែកមិនអាចភ្លេចបាននៅក្នុងការផ្សព្វផ្សាយពីគុនខ្មែរនេះនៅក្នុងព្រឹត្តិការណ៍ Sea Game ផងដែរ។ ទាំងនេះគឺសុទ្ធសឹងតែបង្ហាញពី Soft Power ដែលសិល្បកររបស់យើងទាំងអស់គ្នាបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជួយលើកតម្កើង ផ្សព្វផ្សាយ និងអភិរក្សមរតកគុនខ្មែរទៅកាន់អន្តរជាតិ។