នៅមួយរយៈពេលចុងក្រោយនេះ សង្កេតឃើញថាមានសិល្បកររបស់យើងមួយចំនួនបានធ្វើការផ្លាស់ប្តូរក្រុមហ៊ុនតន្រ្តីជារឿយៗ ស្របពេលដែលប្រភេទតន្រ្តីហ៊ីបហប់កាន់តែមានឥទ្ធិពលខ្លាំងក្លាឡើងនៅក្នុងសង្គមសិល្បៈកម្ពុជា ធ្វើអោយបរិបទថ្មីនេះមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេស និងមហាជនកំពុងតែចាប់អារម្មណ៍ខ្លាំងទៀតផង។ ការផ្លាស់ប្តូរក្រុមហ៊ុនតន្រ្តីរបស់ឧកញ៉ា ខេមរៈសិរីមន្តនៅតាមពីក្រោយតារាល្បីៗជាច្រើននៅក្នុងផលិតកម្ម Galaxy Navatra ក៏បានសាងការទន្ទឹងរង់ចាំមើលមួយសំរាប់ទំរង់បទថ្មី ក៏ដូចជាការសហការនឹងមិត្តសិល្បៈថ្មីៗរបស់លោកផងដែរ។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះលោកឧកញ៉ាខេមរៈ សិរីមន្តក៏ទើបតែបានចេញផ្សាយបទដំបូងរបស់លោកជាផ្លូវការនៅក្នុងផលិតកម្មថ្មីដែលមានចំណងជើងថា«ពេលខ្លះវារាងអេមដែរ» ។
បន្ទាប់ពីឧកញ៉ាព្រាបសុវត្ថិបានចូលជាមួយនឹងក្រុមហ៊ុនតន្រ្តី Galaxy Navatra កាលពីឆ្នាំ២០២០ ក៏ផ្ទុះមានការភ្ញាក់ផ្អើលស្ទួនជាថ្មីម្តងទៀតនៅពេលក៏មានការប្រកាសចូលរបស់ឧកញ៉ាខេមរៈ សិរីមន្តជាសមាជិកគ្រួសារនៃ Galaxy Navatra កាលពីឆ្នាំ២០២២នៅតាមពីក្រោយនេះ។ នាពេលនេះបទចម្រៀងដំបូងបំផុតរបស់លោកដែលបានចេញផ្សាយក្នុងផលិតកម្ម Galaxy Navatra គឺបានចេញផ្សាយហើយកាលពីថ្ងៃទី១៣ ខែមករាកន្លងទៅនេះដោយមានចំណងជើងថា«ពេលខ្លះវារាងអេមដែរ» ដែលផ្តល់រសជាតិបែប Summer time និងជាប្រភេទបទ Pop លាយនឹងចង្វាក់រ៉េបដែលមានភាពប្លែកខុសពីគេ។
គួរបញ្ជាក់ផងដែរបទចម្រៀងមួយនេះត្រូវបាននិពន្ធឡើងដោយលោកសង្ហាផ្ទាល់ ហើយនេះជាការងារដំបូងហើយរវាងពួកគេទាំងពីរ។ គួររំលឹកផងដែរលោកសង្ហាគឺជាអតីតសមាជិកនៃក្រុមបារមី ហើយក៏ទើបតែបានប្រកាសចូលថ្មីថ្មោងនៅក្នុងផលិតកម្មនេះផងដែរកាលពីឆ្នាំ២០២២កន្លងមក។ ការប្រមូលផ្តុំដោយកំពូលសិល្បករល្បីៗជាច្រើនបាធ្វើអោយផលិតកម្ម Galaxy Navatra ក្លាយជាឆាករឿងរ៉ាវសិល្បៈដ៏គួរអោយចាប់អារម្មណ៍មួយសំរាប់អ្នកទស្សនា តើនឹងមានអ្វីកើតឡើងបន្ទាប់ពីកំពូលតារាចម្រៀងខេមរៈសិរីមន្ត និងព្រាបសុវត្ថិប៉ះគ្នា ខណៈដែលអ្នកនិពន្ធបទចម្រៀងលោកសង្ហា និងលោក Tempo Tris ក៏ប៉ះគ្នាផងដែរនោះ? ការសហការរវាងពួកគេប្រហែលជាកាន់តែសាងការចំរាញ់បញ្ចូលគ្នានូវរសជាតិកាន់តែប្លែកមួយដល់ផលិតកម្មជាក់ជាមិនខាន ខណៈដែលចំនួនអ្នកគាំទ្ររបស់ពួកគេផ្គួបគ្នានឹងធ្វើអោយកាន់តែរីកធំធាត់ឡើងជាមិនខាន។