សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម និងរារាំងការនាំចេញផលិតផល Nvidia ដែលមានល្បឿនលឿន។ អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតកំពុងប្រកួតប្រជែងគ្នាដើម្បីឧត្តមភាពក្នុងវិស័យបញ្ញាសិប្បនិមិត្ត និងcloud computing។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មស្រដៀងគ្នាលើប្រទេសចិន។ តើសហរដ្ឋអាមេរិកមានការភ័យខ្លាចក្នុងការនាំចេញបន្ទះឈីប Nvidia ពីឈូងសមុទ្រទៅប្រទេសចិនដែររឺទេ? តើរាជទាយាទ Mohammed bin Salman នឹងមានប្រតិកម្មយ៉ាងណា? ក្រុមហ៊ុន Nvidia និងAMD គឺជាក្រុមហ៊ុនក្នុងចំណោមក្រុមហ៊ុនឈានមុខគេរបស់អាមេរិកដែលផលិតគ្រឿងដំណើរការ GPU ដែលមានល្បឿនលឿនបំផុតដូចជាH100 និងA100។ ម្យ៉ាងវិញទៀតបណ្តាប្រទេសនៅអាហ្វ្រិកកណ្តាល និងECOWAS បានថ្កោលទោសរដ្ឋប្រហារ Gabon ប៉ុន្តែដោយគ្មានការគំរាមកំហែងពីអន្តរាគមន៍យោធានោះទេ។
-
អាមេរិកដាក់សម្ពាធអារ៉ាប៊ីសាអូឌីតកំណត់អត្តសញ្ញាណក្រុមសម្លាប់រង្គាល
យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី៣១ ខែសីហាបានអោយដឹងថា រដ្ឋបាលលោក Biden កំពុងជំរុញអារ៉ាប៊ីសាអូឌីតឱ្យកំណត់អត្តសញ្ញាណកងកម្លាំងសន្តិសុខរបស់ខ្លួន ដែលត្រូវបានចោទប្រកាន់ថាបានសម្លាប់ជនចំណាកស្រុកនៅតាមព្រំដែននៃព្រះរាជាណាចក្រជាមួយប្រទេសយេម៉ែន ដែលជាជំហានមួយដែលនឹងបង្ហាញពីការឈានឆ្ពោះទៅរកការទទួលខុសត្រូវចំពោះការយាយីដែលត្រូវបានរាយការណ៍ និងជួយសហរដ្ឋអាមេរិកបានដឹងថាតើពួកគេពិតជាមានបានផ្តល់អាវុធ ឬការបណ្តុះបណ្តាលដល់អង្គភាពទាំងនោះដែររឺទេ។
ទីក្រុងរីយ៉ាដបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នៅក្នុងរបាយការណ៍ផ្ទុះឡើងកាលពីសប្តាហ៍មុនពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលបានពិពណ៌នាអំពីការសម្លាប់រង្គាល ការធ្វើទារុណកម្ម និងការរំលោភបំពានលើជនចំណាកស្រុកអេត្យូពី និងអ្នកស្វែងរកសិទ្ធិជ្រកកោនដោយកងកម្លាំងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលមានទីតាំងនៅតាមព្រំដែន។
សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភជាសាធារណៈអំពីរបាយការណ៍នៃអំពើហិង្សាលើជនស៊ីវិលដែលបានផ្សព្វផ្សាយក្នុងចំណោមអ្នកការទូត និងអង្គការសហប្រជាជាតិ។
-
អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរលើអារ៉ាប៊ីសាអូឌីត
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០១ ខែកញ្ញាបានអោយដឹងថា សហរដ្ឋអាមេរិកបានពង្រីកការរឹតបន្តឹងការនាំចេញបន្ទះឈីបឆ្លាតវៃពីក្រុមហ៊ុន Nvidia (NVDA.O) និង ក្រុមហ៊ុនAdvanced Micro Devices (AMD.O) ដែលនៅខាងក្រៅពីប្រទេសចិនទៅកាន់តំបន់ផ្សេងទៀត រួមទាំងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។
Nvidia បាននិយាយនៅក្នុងឯកសារបទប្បញ្ញត្តិនៅសប្តាហ៍នេះថាការទប់ស្កាត់ដែលបានប៉ះពាល់ដល់បន្ទះឈីបA100 និងH100 របស់ខ្លួន ដែលត្រូវបានរចនាឡើងដើម្បីបង្កើនល្បឿនការងារ Machine-Learningនេះ នឹងមិនមានផលប៉ះពាល់ភ្លាមៗលើប្រាក់ចំណូលហិរញ្ញវត្ថុ និងការប្រតិបត្តិការនោះទេ។
ដៃគូប្រជែង AMD ក៏បានទទួលលិខិតជូនដំណឹងជាមួយនឹងការរឹតបន្តឹងស្រដៀងគ្នានេះផងដែរ ដោយបន្ថែមថាជំហាននេះក៏មិនបង្កផលប៉ះពាល់លើប្រាក់ចំណូលរបស់ពួកគេភ្លាមៗនោះដែរ។
ជាធម្មតា មន្ត្រីអាមេរិកដាក់ការត្រួតពិនិត្យការនាំចេញសម្រាប់ហេតុផលសន្តិសុខជាតិ។ វិធានការស្រដៀងគ្នានេះដែលបានប្រកាសកាលពីឆ្នាំមុនបានបង្ហាញពីការកើនឡើងនៃការបង្រ្កាបរបស់សហរដ្ឋអាមេរិកលើសមត្ថភាពបច្ចេកវិទ្យារបស់ប្រទេសចិន ប៉ុន្តែវាមិនច្បាស់ថាតើហានិភ័យអ្វីខ្លះដែលបង្កឡើងដោយការនាំចេញទៅកាន់មជ្ឈិមបូព៌ា។
-
សហភាពអាហ្រ្វិកបញ្ឈប់សមាជិកភាពGabonបន្ទាប់ពីរដ្ឋប្រហារយោធា
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០១ ខែកញ្ញាបានអោយដឹងថា សហភាពអាហ្រ្វិកកាលពីថ្ងៃព្រហស្បតិ៍បានបញ្ឈប់សមាជិកភាពរបស់ហ្គាបុងនៅមួយថ្ងៃបន្ទាប់ពីមន្រ្តីយោធាបានបណ្តេញប្រធានាធិបតីលោក Ali Bongo ដែលជាការឆ្លើយតបក្នុងតំបន់លើកដំបូងចំពោះរដ្ឋប្រហារលើកទីប្រាំបីនៅអាហ្វ្រិកខាងលិច និងអាហ្រ្វិចកណ្តាលចាប់តាំងពីឆ្នាំ 2020។
ការដណ្តើមកាន់កាប់បានបញ្ចប់រយៈពេលជិតប្រាំមួយទសវត្សរ៍នៃការកាន់អំណាចរបស់ត្រកូល Bongo និងបង្កើតភាពច្របូកច្របល់ថ្មីមួយសម្រាប់តំបន់ដែលរងការវាយប្រហារដោយរលកនៃរដ្ឋប្រហារដែលប្រធានាធិបតីនីហ្សេរីយ៉ាលោក Bola Tinubu បានហៅថា ជា"ការចម្លងនៃស្វ័យភាពបន្តគ្នា" ។
ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខរបស់សហភាពអាហ្រ្វិកបានធ្វើឈានជំហានលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ដោយរារាំងការចូលរួមរបស់ហ្គាបុងនៅក្នុងសកម្មភាព និងស្ថាប័នទាំងអស់របស់ខ្លួនរហូតដល់សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញត្រូវបានស្តារឡើងវិញ។
ប្លុកនយោបាយរបស់អាហ្រ្វិកកណ្តាល ដែល Gabon ជាសមាជិកក៏បានថ្កោលទោសការធ្វើរដ្ឋប្រហារនៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយបាននិយាយថាខ្លួនគ្រោងនឹងរៀបចំកិច្ចប្រជុំប្រមុខរដ្ឋដើម្បីកំណត់ពីវិធីឆ្លើយតប។