1. រដ្ឋប្រហារGabon! ចាក់បារាំងពីក្រោយម្តងទៀតនៅអាហ្រ្វិក
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី៣០ ខែសីហាបានអោយដឹងថា មន្ត្រីយោធាបាននិយាយថាពួកគេបានដណ្តើមអំណាចនៅក្នុងប្រទេសអាហ្វ្រិកកណ្តាលមួយដែលសម្បូរប្រេងនៅក្នុងប្រទេសហ្គាបុងកាលពីព្រឹកថ្ងៃពុធ ដោយបានលុបចោលលទ្ធផលនៃការបោះឆ្នោតបន្តជម្លោះជាបន្តបន្ទាប់ ដែលបានប្រគល់តំណែងទៅអោយប្រធានាធិបតីលោក Ali Bongo Ondimba ឆ្ពោះទៅកាន់អាណត្តិទីបី។ ប្រសិនបើនេះជោគជ័យ រដ្ឋប្រហារនៅប្រទេសហ្គាបុងនឹងក្លាយជារដ្ឋប្រហារចុងក្រោយបំផុតមួយនៅក្នុងការកាន់កាប់យោធាទូទាំងទ្វីបអាហ្រ្វិក-ដោយយ៉ាងហោចណាស់មានរដ្ឋប្រហារចំនួនប្រាំបួនកើតឡើងហើយក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ រួមទាំងមួយខែមុននេះផងដែរនៅក្នុងប្រទេសនីហ្សេ។ លោក Bongo ដែលត្រូវបានឃុំខ្លួននៅក្នុងផ្ទះរបស់លោកក៏បានចេញវីដេអូសុំជំនួយ។ ខណៈដែលមានការអបអរផ្ទុះឡើងនៅតាមដងផ្លូវខាងក្រៅ ដោយប្រជាជនហ្គាបុងជាច្រើនបានរីករាយជាមួយនឹងការរលាយបាត់នៃអំណាចគ្រួសារត្រកូលនេះដែលបានគ្រប់គ្រងប្រទេសនេះអស់រយៈពេលកន្លះសតវត្សទៅហើយ។ ចំណែកនៅពេលល្ងាច មន្ត្រីទាំងនោះបានប្រកាសថា លោកឧត្តមសេនីយ៍ Brice Oligui Nguema ដែលជាប្រធានឆ្មាំសាធារណរដ្ឋវរជន ទទួលបន្ទុកការពារលោក Bongo បែរជាក្លាយជាមេដឹកនាំថ្មីរបស់ប្រទេសហ្គាបុងទៅវិញ។ ប្រព័ន្ធផ្សព្វផ្សាយហ្គាបុងក៏បានកំណត់អត្តសញ្ញាណរបស់លោកផងដែរថាជាបងប្អូនជីដូនមួយរបស់មេដឹកនាំដែលត្រូវបានបណ្តេញចេញរូបនេះ។
2. ដ្រូនវាយប្រហារអាកាសយានដ្ឋានទីក្រុងរុស្ស៊ីជិតព្រំដែនណាតូ
យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី៣០ ខែសីហាបានអោយដឹងថា ទីក្រុង Pskov របស់រុស្ស៊ី នៅជិតដែនដីនៃប្រទេសសមាជិកណាតូ អេស្តូនី និងឡាតវី បានរងការវាយប្រហារដោយដ្រូននៅព្រឹកព្រលឹមថ្ងៃពុធ។ អភិបាលតំបន់បានបញ្ជាក់ពីការលបវាយប្រហារនេះ ខណៈវីដេអូដែលបង្ហាញពីការផ្ទុះនិងប្រព័ន្ធការពារអាកាសបំភ្លឺពាសពេញមេឃនាពេលយប់បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម។ អាជ្ញាធររុស្ស៊ីបានបិទដែនអាកាសក្នុងតំបន់មួយរយៈពេលខ្លី ខណៈដែលអាកាសយានដ្ឋាន Pskov បានលុបចោលជើងហោះហើរទាំងអស់កាលពីថ្ងៃទី30 ខែសីហា ដើម្បីវាយតម្លៃការខូចខាតដែលអាចកើតមានចំពោះផ្លូវពាសយន្តហោះ។ សេវាសង្គ្រោះបន្ទាន់បានប្រាប់សារព័ត៌មាន TASS ថាយន្តហោះដឹកជញ្ជូន Il-76 ចំនួនបួនគ្រឿងត្រូវបានខូចខាតនៅលើដី ប៉ុន្តែយោធាមិនទាន់បានបញ្ជាក់ពីរបាយការណ៍ទាំងនេះនៅឡើយទេ។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Readovka បានអះអាងថា ដ្រូនរបស់អ៊ុយក្រែនប្រហែល ១៥ គ្រឿងបានកំណត់គោលដៅលើអាកាសយានដ្ឋាន Pskov ហើយត្រូវបានបាញ់ទម្លាក់ រួមទាំងការបាញ់ដោយអាវុធធុនតូចផងដែរ។ មិនមានរបាយការណ៍ពីអ្នកស្លាប់និងរបួសទេ។ ឆាណែលតេលេក្រាម Mash បានរាយការណ៍ថា មានដ្រូនមួយប្រហែលជាបានវាយប្រហារឃ្លាំងផ្ទុកឥន្ធនៈ និងបណ្តាលវាអោយឆាបឆេះឡើង បង្កអោយមាន"ផ្សែងខ្មៅក្រាស់" ហោះហើរឡើងពីលើទីក្រុង។
3. តម្លៃ Pasta កើនឡើងខណៈស្រូវសាលីកាណាដាក្រៀមស្វិត
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី៣១ ខែសីហាបានអោយដឹងថា គ្រោះរាំងស្ងួតនៅប្រទេសកាណាដា និងអាកាសធាតុមិនអំណោយផលនៅអឺរ៉ុបបង្កអោយខូចខាតដល់ដំណាំស្រូវសាលី durum និងកាត់បន្ថយការផ្គត់ផ្គង់ដែលមានសម្រាប់រោងម៉ាស៊ីនកិនម្សៅ និងក្រុមហ៊ុនម្ហូបអាហារ។ នៅទីក្រុងតូរ៉ុនតូនៃប្រទេសកាណាដា ក្រុមហ៊ុន Continental Noodles បានដឹងថាមានបញ្ហាបានកើតឡើងនៅពេលដែលតម្លៃនៃម្សៅ semolina មួយថង់ទម្ងន់20 គីឡូក្រាមដែលកិនពីស្រូវសាឡី durum បានឡើងថ្លៃ24% ក្នុងប៉ុន្មានសប្តាហ៍នៃខែកក្កដានេះក្នុងតំលៃ$19.15។ ម្ចាស់ក្រុមហ៊ុន Continental ម្នាក់គឺលោក Vincent Liberatore ក៏បានបារម្ភថាតម្លៃនឹងកើនឡើងកាន់តែខ្លាំងនៅពេលនេះ ដោយកសិករនៅក្នុងក្រុមហ៊ុននាំចេញអង្ករលំដាប់កំពូលៗរបស់ប្រទេសកាណាដាបានរកឃើញថាការប្រមូលផលរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរាំងស្ងួត។ លោកថា អាជីវកម្មនឹងស្រូបយកការចំណាយរយៈពេលយូរតាមដែលអាចធ្វើទៅបាន ដោយមិនប្រាកដថាអ្នកប្រើប្រាស់នឹងចំណាយប៉ុន្មានទៀតនោះទេ។