កាលពីថ្ងៃពុធ ទី៩ ខែវិច្ឆិកាកន្លងទៅនេះលោកជីដេវីតបានសម្តែងការប្រគំតន្រ្តីរបស់ Vattanac Premium Beer ពីទឹកដីក្រុងព្រះសីហនុមកដោយមានការផ្សាយបន្តផ្ទាល់ផងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនស្រាបៀរវឌ្ឍនៈនៅក្នុងឳកាសអបអរនៃពិធីបុណ្យអុំទូក។ គួរអោយចាប់អារម្មណ៍ផងដែរតំណាងរបស់ស្រាបៀរហនុមានលោកវណ្ណដាក៏ទើបតែបានសម្តែងការប្រគំតន្រ្តីរបស់ខ្លួននៅលើទឹកដីខេត្តកំពង់ស្ពឺផងដែរកាលពីថ្ងៃទី៧ ខែវិច្ឆិកា និងមានការផ្សាយបន្តផ្ទាល់ដូចគ្នា។
យ៉ាងណាមិញឃើញថាចំនួនអ្នកចូលទស្សនានៅលើបណ្តាផេកទាំងពីរនេះមានចំនួនច្រើនប្រហាក់ប្រហែលគ្នារហូតទៅដល់១ម៉ឺននាក់ជាង។ កាលពីនៅក្នុងការប្រគំតន្រ្តីរបស់លោកវណ្ណដា លោកបានជ្រើសរើសបទចំរៀងមួយចំនួនយកមកបកស្រាយរួមមានបទ Solo Again, Hot Boy និងJ+O ដែលជាការសម្តែងពិសេសមួយធ្វើឡើងនៅចុងបញ្ចប់នៃកម្មវិធីតែម្តងក្រោមការគាំទ្រយ៉ាងពុះកញ្ច្រោលពីទស្សនិកជនជាច្រើន។
ចំណែកនៅក្នុងការប្រគំរបស់លោកជីដេវីតរយៈពេល២ថ្ងៃក្រោយមកទៀត ឃើញថាលោកជីដេវីតបានជ្រើសរើសបទចម្រៀង Diss Track របស់ខ្លួន "ចុម!អាអូនអត់ដេក" មកបកស្រាយនៅលើឆាកតន្រ្តីរបស់ខ្លួន និងកាន់តែពិសេសជានេះទៅទៀតនោះគឺនៅក្នុងទឹកដីស្រុកកំណើតរបស់លោកវណ្ណដាតែម្តងគឺខេត្តព្រះសីហនុ ដែលនេះធ្វើអោយមហាជនយល់ឃើញថាលោកជីដេវីតមានចេតនា Diss Track អោយលោកវណ្ណដានៅក្នុង Concert របស់លោកតែម្តង។ មិនខុសពីកាលកន្លងមកលោកវណ្ណដាក៏ធ្លាប់បានទំលាក់ Diss Track មកកាន់លោកនៅថ្ងៃប្រគំតន្រ្តីរបស់លោកដូចគ្នា។ ចុះទស្សនិកជនទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរសំរាប់ព្រឹត្តិការណ៍មួយនេះ?