តាមរយៈបទចំរៀងរបស់លោកជីដេវីត និងលោកវណ្ណដា មហាជនជាច្រើនបានធ្លាប់ស្តាប់រួចមកហើយអំពីស្ទាយល៍នៃបទចំរៀងរបស់ពួកគេទាំងពីរដែលមានភាពខុសប្លែកគ្នាទៅតាមការនិយមចូលចិត្ត។ ដោយភាគច្រើនកត់សម្គាល់ឃើញថាបទចំរៀងរបស់លោកជីដេវីតនីមួយៗតែងតែមានរសជាតិបែបឌឺដង រឺបុគ្គលដែលលោកធ្លាប់ស្គាល់ណាម្នាក់។ យ៉ាងមិញបន្ទាប់ពីបទចំរៀងថ្មីរបស់លោកជីដេវីតទើបតែបានចេញផ្សាយទៅនៅប៉ុន្មានថ្ងៃកន្លងទៅនេះ ក៏បានធ្វើអោយមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយពួកគេមួយចំនួនយល់ឃើញថាបទចំរៀងថ្មីរបស់លោកជីដេវីតមានចំណងជើងថា«Once Upon a Time» នេះអាចមានទំនាក់ទំនងជាមួយនឹងបទចំរៀង «Catch me if you can» របស់លោកវណ្ណដាដែលបានផ្សាយចេញទៅនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១កន្លងមក រឺអាចនិយាយម្យ៉ាងទៀតបានថាលោកជីដេវីតហាក់ដូចជាមានបំណង Diss អោយលោកវណ្ណដាផងក៏ថាបាន។
ទ្រឹស្តី៣ចំនុចសំខាន់ៗដែលអ្នកនិយមគាំទ្រស្តាប់នៅលើពិភពតន្រ្តីបានលើកឡើងដើម្បីគាំទ្រគំនិតរបស់ពួកគេ។ ដោយទី១ ពួកគេបានកត់សម្គាល់ឃើញថា លោកជីដេវីតបានសរសេរឡើងនូវខេបសិនថា «Catch me if you ខឹង» នៅភ្ជាប់ជាមួយនឹងវីឌីអូចម្រៀងរបស់លោក ដែលហាក់ដូចជាមានបំណងផ្លែផ្កាអោយលោកវណ្ណដានូវបទចំរៀងចំណងជើងស្រដៀងគ្នានេះថា «Catch me if you can»។ តើការពិតលោកជីដេវីតចង់សំដៅបែបណា ក៏គ្មាននរណាអាចដឹងប្រាកដនោះទេ។ ចំនែកចំនុចទី២ គឺនៅត្រង់រូបភាព Monalisa ដែលបានបង្ហាញនៅក្នុងបទចំរៀងរបស់លោកជីដេវីតខណៈដែលលោកបានច្នៃមុខញញឹមពេបរបស់លោកបញ្ចូលទៅក្នុងមុខមាត់របស់ Monalisa នោះ ហាក់ដូចជាមុខមាត់ចំអក ដែលវាស្តែងដូចគ្នានូវ Reference នៃបទចំរៀងរបស់លោកវណ្ណដា មួយបទនោះនៅត្រង់ឃ្លាថា«អាល់ប៊ុមខ្ញុំមានតំលៃដូច Monalisa»។
រីឯចំនុចកត់សំគាល់ទី៣ គឺនៅមុនថ្ងៃចេញផ្សាយបទចំរៀងផ្លូវការរបស់លោកជីដេវីត លោកបានបង្ហោះនូវរូបភាពមួយចំនួននៅត្រង់កន្លែងតែមួយជាមួយនឹងលោកវណ្ណដាបានថតបទចំរៀង Run the town ជាមួយនឹងលោក F-Hero ដែរ នៅឯ Dragon Town នៃទីក្រុងបាងកក ដោយលោកបានភ្ជាប់ជាមួយខេបសិនថា«ធ្លាប់តែលេងសើចដល់សើចលេងវិញបានដឹងថាអត់សើច»។
ដែលពាក្យបញ្ឆិតបញ្ឈាងទាំងនោះធ្វើអោយមហាជនមានការសង្ស័យ និងចង់ដឹងច្បាស់ថាតើ់លោកវណ្ណដាគឺជាបុគ្គលដែលលោកជីដេវីតចង់សំដៅដល់រឺទេ។ តំរុយរឿយៗបែបនេះ ទើបធ្វើអោយបណ្តាអ្នកគាំទ្ររបស់ពួកគេបានគូសទាញ និងសន្និដ្ឋានឡើងថាបទចំរៀងពីរបទនេះអាចជាមានទំនាក់ទំនងតសាច់រឿងជាមួយនឹងគ្នាដោយលោកជីដេវីតប្រហែលជាចង់ចេញចំរៀងតពីបទចំរៀង «Catch me if you can» របស់លោកវណ្ណដាហើយ។ តើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរចំពោះរឿងចម្រូងចម្រាស់ទាំងនេះ? កុំភ្លេចធ្វើការបញ្ចេញមតិនៅក្នុងខមមែនខាងក្រោមនេះផងណា។