មិននឹកស្មានថារឿងគូវិវាទ Diss Track មួយគូនេះកាន់តែគួរអោយចាប់អារម្មណ៍បែបនេះសោះ ទាំងលោកវណ្ណដា និងលោកជីដេវីតហាក់ដូចមានជំហររបស់ខ្លួនឯងយ៉ាងរឹងមាំដើម្បីការពារគំនិតរបស់ខ្លួន។ មិនថាជាពេលកន្លងមកលោក វណ្ណដា ក៏មានហេតុផលគ្រប់គ្រាន់របស់ខ្លួនឯងសំរាប់ចេញជាបទ Diss Track នេះវាយប្រហារទៅលើអ្នកលួចបទរបស់លោក និងលោកជីដេវីតផងដែរចំណែកឯលោកជីដេវីតវិញក៏មានហេតុផលគ្រប់គ្រាន់របស់ខ្លួនលោកដើម្បីការពារពីការចោទប្រកាន់របស់លោកវណ្ណដាដូចគ្នា។ គួររំលឹកមកវិញខ្លះៗ កត់សម្គាល់ឃើញថាមិនថាគូវិវាទនេះតទល់គ្នាដោយមធ្យោបាយបែបណានោះទេ មិនថាជាតាមរយៈបទចម្រៀង Diss Track Podcast Status ការបង្ហោះរូបភាពរឺមួយតាមរយៈការចេញសេចក្តីប្រកាសថ្មីៗនេះទៀតសោតលោក ជីដេវីត តែងតែអាចឆ្លើយតបទៅវិញយ៉ាងរហ័សបានគ្រប់ទំរង់ សបញ្ជាក់អោយឃើញថាលោកពិតជាមានសេចក្តីមោះមុតក្នុងការពារយុត្តិធម៌របស់ខ្លួនពិតមែន។
ជាក់ស្តែងកាលពីទី២៤ ខែវិច្ឆិកាកន្លងទៅនេះលោកជីវិតទើបតែបានចេញសេចក្តីប្រកាសមួយបង្ហាញប្រតិកម្មទៅវិញក្រោយពេលផលិតកម្មបារមីចេញសេចក្តីប្រកាសរបស់ខ្លួនទាក់ទងនឹងច្បាប់ការពារសិទ្ធិរបស់អ្នកនិពន្ធ។ យ៉ាងណាមិញផងដែរ លោកជីដេវីតដែលជាតួអង្គសំខាន់មានចំណែកពាក់ព័ន្ធនៅក្នុងរឿងនេះ ក៏នៅតែបន្តតែងរឿងនេះឡើងជាមួយគ្នាទៀតទើបធ្វើអោយមហាជនកំពុងតាមដានរឿងនេះចង់ដឹងទីបញ្ចប់នៃរឿងនេះភាគីម្ខាងណាជាអ្នកឈ្នះ។ សំរាប់លោកវណ្ណដាដូចជាតួអង្គដែលត្រូវខំប្រឹងងើបឈរខ្លួនឯងមកវិញនៅពេលត្រូវបានមនុស្សក្បែរខ្លួនបោកប្រាស់ទំនុកចិត្តភាពឈឺចាប់គឺសមាមាត្រដែលអោយលោកត្រូវរកមធ្យោបាយដើម្បីបង្ហាញមនុស្សគ្រប់គ្នាលោកក៏អាចសងសឹកវាយបកបានដែរ។ ចំណែកលោកជីដេវីតគឺជាតួអង្គចិត្តរឹងដូចថ្ម បើលោកមិនទទួលបានភាពសក្តិសមសំរាប់ខ្លួនឯងទេ លោកនឹងមិនឈប់នោះទេ។
ជាភស្តុតាងបង្ហាញស្រាប់គឺមាននៅក្នុងសេចក្តីប្រកាសរបស់លោកជីដេវីតផ្ទាល់លោកបានលើកឡើងថាលោកគប្បីត្រូវតែទទួលបានការសុំអភ័យទោសពីក្រុមហ៊ុនចោទប្រកាន់មុននឹងឈានទៅរកការដោះស្រាយគ្នាដោយសន្តិវិធី។ ក្រៅពីនេះផងដែរលោកជីដេវីតក៏បានប្រកាសជំហរខ្លួនឯងយ៉ាងរឹងមាំថាលោកមិនបានរំលោភបំពានកម្មសិទ្ធិបញ្ញារបស់អ្នកដទៃនោះទេហើយលោកក៏គាំទ្រលើសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងពេញចិត្តអោយមានការបើកស៊ើបអង្កេតស្វែងរកមុខអ្នកលួចបញ្ចេញបទចំរៀងរបស់អ្នកនិពន្ធដោយគ្មានការអនុញ្ញាតិផងដែរ។