ខណៈដែលលោកវណ្ណដាបោះពាក្យសំដីចោទប្រកាន់មកលើលោកជីដេវីតថាបានចម្លងប៉ារ៉ូលចម្រៀងរបស់ខ្លួននៅលើ Podcast របស់ពូជ្រួញទាំងស្រស់ៗលោកជីដេវីតក៏មិននៅអែអង់យូរប្រញាប់ចេញវីដេអូ Live បកស្រាយជាមួយនឹងដៃគូរបស់លោក លោកអាធិកាផងដែរ។ លោកជីដេវីតបានរៀបរាប់ទាំងប្រកាន់គោលជំហរស្វែងរកភាពស្អាតស្អំរបស់ខ្លួនថាគ្មានភស្តុតាងអ្វីបញ្ជាក់ថា រូបលោកបានថតចម្លងបទចម្រៀងរបស់លោកវណ្ណដាទេ ដែលលោកមានចេតនាសរសេរប៉ារ៉ូលចម្រៀងមួយឃ្លារបស់លោកវណ្ណដាពីក្នុងបទចម្រៀង«J+O»នោះគឺជាការប្រាប់ដោយប្រយោលទៅកាន់លោកវណ្ណដាថាបទចម្រៀងលោកបានបែកធ្លាយមកដល់ខាងក្រៅហើយ ចំណែកឯលោកវណ្ណដាបែរជាចោទប្រកាន់ថាលោកចម្លងប៉ារ៉ូលរបស់វណ្ណដាមកធ្វើជាបទចម្រៀងរបស់ខ្លួនពិតជាមិនត្រឹមត្រូវនោះទេ។
ម្យ៉ាងវិញទៀតលោកជីដេវីតក៏បានធ្វើការឆ្លើយតបទៅកាន់លោកវណ្ណដាបន្ថែមទៀតថាការដែលលោកវណ្ណដាបាន Diss Track នៅក្នុងបទចម្រៀងរបស់ខ្លួនថាលោកធ្វើមួយអាល់ប៊ុមផ្ចាញ់ផ្ចាល់លោកវណ្ណដាក៏ជាការចោទប្រកាន់ផងដែរ ព្រោះនៅក្នុងអាល់ប៊ុមរបស់លោកមានរៀបរាប់ទាំងអស់ពីការជីវិត ការតស៊ូ និងមិត្តភាព។ យ៉ាងណាមិញចំពោះបទ«Once Upon a Time» ដែលជាបទផ្តើមជំលោះផងដែរ លោកជីដេវីតក៏បានសរសេរតាក់តែងពីជីវិតខ្លួនឯងដែលបានមនុស្សគ្រប់គ្នាព្រមទទួលស្គាល់លោក ខុសប្លែកពីជីវិតពីមុនរបស់លោក។ សំរាប់បទ «My brother» ផងដែរ គឺជាបទសប្បាយៗដែលមានការឌឺដងគ្នាក្នុងប្រភេទហ៊ីបហប់ចំតួតែម្តង។ មួយវិញទៀតសោតលោកជីដេវីតក៏បានលើកឡើងពីជីវិត ការបួស និងព្រះធម៌ ដោយលោកបានឆ្លើយតបទៅកាន់លោកវណ្ណដាវិញថាការបួសគឺជារឿងប្រពៃមួយធ្វើអោយមនុស្សមានធម៌ក្នុងខ្លួនមិនគួរណាត្រូវលោកវណ្ណដាបែរជាយកមកមាក់ងាយបែបនេះទេ។