កាលពីថ្ងៃទី១៧ ខែសីហាកន្លងទៅនេះ ក្រុមហ៊ុនស្រាបៀវឌ្ឍនៈទើបតែចែករំលែកដំណឹងមួយទាក់ទងនឹងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៅក្នុងការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមកីឡាករហុងកុង។ គួរបញ្ជាក់ផងដែរព្រឹត្តិការណ៍នេះមានឈ្មោះថា Vattanac International Friendly ដែលនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែកញ្ញាខាងមុខនេះនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក។
គួរអោយកត់សម្គាល់ផងដែរថា ទស្សនីយភាពសម្តែងដ៏អស្ចារ្យនេះនឹងចូលរួមសម្តែងផ្គួបឡើងដោយគូស្នេហ៍កំពូលរ៉េបផ័រប៉ាប៉ា ជីដេវីត និងMommy Tep Boprek ផងដែរ។ ដោយអ្នកទាំងពីរនឹងនាំយកទស្សនីយភាពសម្តែងនូវបទចម្រៀងដ៏កក្រើកដែលមហាជនចាំជាប់ក្នុងក្រអៅបេះដូងចំនួនពីរបទ រួមមានបទ«មហានគរ»របស់លោកជីដេវីត និងបទ«ទេវរាជ»របស់អ្នកនាងទេពបូព្រឹក្សមកក្នុងការសម្តែងមួយនេះ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅនេះ លោកជីដេវីតក៏ធ្លាប់បានលើកយកការសម្តែងទស្សនីយភាពនូវបទ«មហានគរ» នេះរួចមកហើយនៅក្នុងការប្រកួតកីឡាបាល់ទាត់មិត្តភាពរបស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈនេះរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមកីឡាករបង់ក្លាដែស។
ចំណែកកាលពីពេលថ្មីៗនេះ អ្នកទាំងពីរក៏ធ្លាប់បានឡើងសម្តែងការប្រគំតន្រ្តី PS2xវ ជាមួយគ្នា បន្ទាប់ពីអ្នកនាងទេពបូព្រឹក្សបានវិលត្រលប់មកក្នុងការងារសិល្បៈវិញ។ យ៉ាងណាមិញទាក់ទងនឹងបទ«ទេវរាជ» នេះផ្ទាល់ អ្នកនាងទេពបូព្រឹក្សបានអោយដឹងថា នឹងមានគម្រោងចេញផ្សាយ MV ចម្រៀងក្នុងពេលឆាប់ៗនេះហើយ បន្ទាប់ពី Audio Version បានចេញ ផ្សាយមួយខែកន្លងមកនេះ។
តើនឹងមានទស្សនីយភាពកក្រើកបែបណាទៅនៅក្នុងការសម្តែងរបស់ពួកគេទាំងពីរនាពេលខាងមុខនេះ ខណៈដែលបទទាំងពីរនេះមាន Concept ដ៏ប្លែក និងគួរអោយចាប់អារម្មណ៍ខ្លាំងបំផុត? ជាក់ស្តែងទាក់ទងនឹងពិធីទេវរាជ និងផ្កាយសំណាងមហានគរ។