កាលពីពីរសប្តាហ៍កន្លងទៅ លោកជីដេវីតទើបតែ Tease បណ្តាអ្នកគាំទ្ររបស់លោកជាមួយនឹងវីឌីអូ behind the scene ក្នុងការថតបទចំរៀង«Once Upon a Time» របស់លោកនៅក្នុងអាល់ប៊ុមផាសិន មិនយូរប៉ុន្មានផងដែរ លោកជីដេវីតក៏បានទំលាក់MVបទចំរៀងមួយនេះរួចជាស្រេចនៅក្នុងថ្ងៃទី១៨ ខែកញ្ញានេះ។ បទចំរៀងមួយនេះក៏បានធ្វើអោយបណ្តាអ្នកគាំទ្ររបស់លោកមានការពេញចិត្តជាខ្លាំងមិនចាញ់បទចំរៀងមុនៗរបស់លោកពីក្នុងអាល់ប៊ុមផាសិននោះទេ ទាំងការផលិតមានភាពច្នៃប្រឌិត និងគុណភាពពិតៗនៃការកាត់តប្លង់ផងដែរ។ ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះបទនេះក៏ទទួលបានការចូលទស្សនារហូតដល់ជាង១៧ម៉ឺនដងនៅលើយូធូប។
ចំនែកឯទាក់ទងទៅនឹងរូបភាព និងអត្ថន័យបទចំរៀងវិញ គឺមានភាពទាមទារអោយគិតបន្តិច ព្រោះលោកជីដេវីតមិនបានបង្ហាញចេញមកត្រង់ៗនោះទេ ពីតួអង្គម្នាក់ទៅតួអង្គម្នាក់ទៀត ដែលជាលោកជីដេវីតសម្តែងខ្លួនឯងតែម្នាក់ ហាក់បានបង្ហាញរូបភាពរបស់លោកជាមនុស្សខុសៗគ្នា និងទំនើងចង់ធ្វើអ្វីស្រេចតែចិត្ត បើជាមេធាវីក៏ជាមេធាវីអង្គុយលើច្បាប់ ជាអ្នកចែងច្បាប់ដោយខ្លួនឯង។ នៅចុងក្រោយនៃបទចំរៀងក៏លាតត្រដាងថានេះគឺត្រឹមជាពិភព Virtual Reality ដែលលោកជីដេវីតបានទៅដល់តាមរយៈវែនតាពិសេសនោះទេ។ យ៉ាងណាមិញរាល់បទចំរៀងរបស់លោកជីដេវីតតែងតែនាំអារម្មណ៍យើងរាល់គ្នាទៅកាន់ផ្នែកខ្មៅងងឹតមួយនៃភាពជាមនុស្ស ដែលយើងម្នាក់ៗក៏គួរអោបក្រសោបវា ទទួលស្គាល់ផ្នែករបស់យើង រៀនសូត្រពីវា ដើម្បីទៅកាន់សក្តានុពលរបស់យើងម្នាក់ៗ។