កាលពីថ្ងៃសៅរ៍ទី២០ ខែឧសភាកន្លងទៅនេះ លោកជីដេវីតបានទំលាក់រូបភាព Poster ដ៏អាថ៌កំបាំងមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ខណៈពេលដែលលោកកំពុងសំរាកពីការងារ និងធ្វើដំណើរកម្សាន្តទេសចរណ៍នៅប៉ែកអឺរ៉ុប។ លោកជីដេវីតបានពន្ញាក់អារម្មណ៍ទស្សនិកជនទាំងអស់គ្នាជាមួយនឹងរូបភាពផុសស្ទ័រមួយផ្ទាំងមានផ្ទៃពណ៌ខ្មៅ និងរំលេចដោយតួអក្សរប្រជ្រៀតគ្នាមានពណ៌ក្រហមច្រាល ដែលធ្វើអោយទស្សនិកជនត្រូវផ្ចិតផ្ចង់ខិតខំអានយ៉ាងខ្លាំង និងលោកជីដេវីតមិនបានសរសេរខេបសិនអ្វីរៀបរាប់ទាំងអស់នៅពីលើនោះ មិនថាឡើយសូម្បីតែលោកទំលាក់វានៅឆាណែលតេឡេក្រាម Public របស់លោក។
បន្ទាប់ពីលោកជីដេវីតបោះមេ ដើរចេញជាមួយរូបភាពមួយផ្ទាំងនេះហើយ លោកក៏បានទៅ Upload Instagram Story យ៉ាងរំភើយនៅក្នុងដំណើរទេសចរណ៍មកកាន់ប្រទេសអេស្ប៉ាញនាពេលខណៈនោះ ដែលកាន់តែធ្វើអោយទស្សនិកជនព្យាយាមតាមឃ្លាំមើលពីដំណើរជំហ៊ានដ៏ស្ងប់ស្ងាត់ និងអាថ៌កំបាំងរបស់លោក។
បណ្តាអ្នកគាំទ្រលោកជីដេវីតកំពុងរំពឹងថាម្តងនេះលោកជីដេវីតប្រហែលជាមានអ្វីថ្មីពិសេសសំរាប់ពន្ញាក់អារម្មណ៍ទស្សនិកជនរបស់លោកទៀតហើយ មិនថាឡើយសូម្បីតែបទវិសេសវិសាល«មហានគរ»របស់លោកដែលទើបតែចេញផ្សាយថ្មីៗនេះ។
យ៉ាងណាមិញផងដែរ តួអក្សរយ៉ាងអាថ៌កំបាំងនៅលើផ្ទាំងផុសស្ទ័រមួយនោះ ត្រូវបានអានឡើងថា«Passion Festival» ដែលគ្រប់គ្នាកំពុងរំពឹងថានឹងសំដៅដល់កម្មវិធីជួបជុំ រឺកម្មវិធីប្រគំតន្រ្តីណាមួយទៀតហើយរបស់លោកជីដេវីត ហើយម្នាក់ៗមិនចង់អោយខកខានឳកាសម្តងនេះទៀតទេ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះកម្មវិធី Passion Festival របស់លោកជីដេវីតមួយនេះ?