បើនិយាយដល់សិល្បករជាន់ថ្មីដែលអាចគ្រប់គ្រងជីវិតការងារសិល្បៈ និងជីវិតផ្ទាល់ខ្លួនបានយ៉ាងល្អទន្ទឹមគ្នានោះទាំងភាពល្បីល្បាញ និងជោគជ័យ ប្រហែលជាករណីរបស់លោកជីដេវីតហើយ។ ក្រោយពីជោគជ័យនៅក្នុងការចេញផ្សាយបទ«បងប្រាប់ថាកុំៗៗៗ»ថ្មីៗនេះ លោកជីដេវីតក៏ទើបតែបានចែករំលែកមួយភាគតូចនៃជីវិតឯកជនរបស់លោកផងដែរ ជាមួយនឹងកាដូអាវចាក់ពណ៌បៃតងដែលអ្នកនាងទេពបូព្រឹក្សបានចាក់អោយលោកប្រកបដោយក្តីស្រលាញ់។ សង្កេតឃើញថាអ្នកនាងទេពបូព្រឹក្សក៏ជិតឈានចូលមកដល់ថ្ងៃនៃពេលវេលាសំរាលកូនឆាប់ៗនេះផងដែរ ទើបអ្នកទាំងពីរក៏បានធ្វើកំរង Photoshooting រូបថតជាមួយគ្នាជាច្រើនសន្លឹកនៃអនុស្សាវរីយ៍ក្នុងការពរពោះរបស់អ្នកនាងទេពបូព្រឹក្ស និងការចាប់ផ្តើមនៃក្រុមគ្រួសារតូចនិងកក់ក្តៅរបស់ពួកគេ។
នៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់លោកជីដេវីតកាលពីថ្ងៃទី០៧ ខែមករាកន្លងទៅនេះផងដែរ លោកក៏បានធ្វើការបង្ហោះរូបថតមួយសន្លឹករបស់លោកនៅខាងក្នុងបន្ទប់ Shooting ដោយមានរូបលោកពាក់អាវចាក់ពណ៌បៃតងក្រវាត់ដោយខ្សែតុក្កតា Dinosaur តូចៗ។ លោកជីដេវីតក៏បានបង្ហាញអារម្មណ៍អរគុណព្រមជាមួយនឹងក្តីស្រលាញ់ទៅកាន់ម្ចាស់កាដូរបស់លោកទាំងពីរនាក់ផងដែរដែលជាអ្នកនាងទេពបូព្រឹក្ស និងអ្នកគាំទ្ររបស់លោកម្នាក់ដោយសរសេរនូវខេបសិនថា«យប់នេះ ខោអាវចាក់ដោយដៃ Mama ក្រវ៉ាត់ Dinosaur ដោយហ្វេនខ្ញុំ»។ អ្នកគាំទ្ររបស់លោកជាច្រើននាក់ក៏បានធ្វើការខមមែនគាំទ្រនិងផ្តល់កំលាំងចិត្តជាមួយនឹងខមមែនដូចៗគ្នាជាច្រើនថា Top សហគមន៍ រួមជាមួយនឹង Emoji Dinosaur ដែលធ្វើអោយលោកជីដេវីតហាក់ដូចជាអ្នកបង្កើត Trend ថ្មីមួយនៃការប្រើប្រាស់សត្វដាយណូស័រទាក់ទងអំពីលោកហើយ។
តើពណ៌ខៀវរឺពណ៌បៃតងជាពណ៌សំណព្វចិត្តរបស់លោកជីដេវីតពេលនេះ? ក្រោយពីលោកក៏ធ្លាប់បានទទួលកាដូអាវចាក់ពណ៌ខៀវពីអ្នកនាងទេពបូព្រឹក្សរួចមកហើយ យោងទៅតាមការរៀបរាប់របស់អ្នកទេពបូព្រឹក្សកន្លងមកធ្លាប់បង្ហើបអោយដឹងថាពណ៌ដែលលោកជីដេវីតស្រលាញ់នោះគឺជាពណ៌ក្រហមទេ របស់អ្វីអោយតែជាពណ៌ក្រហមលោកចូលចិត្តទាំងអស់ ប៉ុន្តែការចាក់អាវបែរជាពណ៌ផ្សេងទៅវិញ ប៉ុន្តែមានភាពដូចគ្នាត្រង់រឿងម្យ៉ាង ទាំងពណ៌ក្រហម និងពណ៌ខៀវនេះមានភាពដិតខ្លាំងក្លៀវក្លាដូចពណ៌ក្រហមអ៊ីចឹង។ តើទស្សនិកជនទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរចំពោះការចាក់អាវរបស់អ្នកនាងទេពបូព្រឹក្សនេះ?