ទស្សនិកជននៅលើបណ្តាញសង្គម Tik Tok មានការភ្ញាក់ផ្អើលសាជាថ្មីបន្ទាប់ពីបទថ្មីទី៤របស់លោកជីដេវីតត្រូវបានទំលាក់ឡើងម្តងទៀតនៅក្នុងខែនេះ ដែលមានចំណងជើងថា«Ice On Me» នៅកាលពីថ្ងៃទី១ ដើមខែកញ្ញានេះ។ ម្យ៉ាងទៀតទស្សនិកជនជាច្រើនក៏មានចំណាប់អារម្មណ៍ឡើងផងដែរថាបទចម្រៀងមួយនេះគឺហាក់ដូចជាមានការឆ្លើយតបទៅនឹងបទថ្មីរបស់លោកខ្មែរមួយជីវិត«Soul Snatcher» ដែលទើបនឹងចេញផ្សាយកាលពីដើមខែសីហានេះ។
ជាក់ស្តែងគឺនៅលើប៉ារ៉ូលបើកក្បាលនៃបទចម្រៀង ដែលលោកជីដេវីតបានលើកឡើងនូវឃ្លោងឃ្លាមួយចំនួនថា«និយាយមិនស្តាប់គ្នាមានសេវាកម្ម Diss» ហើយ«លេងអីលេងទៅ ម៉េចចាំបាច់ញោះញុង ចង់ដាក់មួយសឺ រឺចង់ដាក់មួយសុង» និង«ក៏ខឹងនឹងខ្លួនឯងធ្វើអីខ្ញុំអត់កើតដូចជាតោក្នុងទ្រុង» ជាដើម។
ខណៈដែលបទចម្រៀង«Soul Snatcher» របស់លោកខ្មែរមួយជីវិតវិញមានប៉ារ៉ូលឃ្លោងឃ្លាលើកឡើងថា«គ្នាហ្អែងប៉ុន្មានក្បាលហ្អែងទៅហៅហើយប្រមូល វ៉ៃនៅក្នុង Disstrack រឺក៏វ៉ៃនៅក្នុងទ្រុង កើតរឺមិនកើត ពួកអាកំណើតខ្លី មិនទាន់ពេញវ័យ អញមិនចង់លេងចូល»និងឃ្លា«អញចេញមកវិញ គ្នាវាខំប្រឹង ខំរឹតបន្តឹង សឹងតែដាច់សសៃលិង្គ នៅតែមិនរីកចំរើន បញ្ជូនវាទៅដុសកឹង»ជាដើម។
ម្យ៉ាងទៀតកត់សម្គាល់ឃើញថា លោកជីដេវីតក៏ទើបតែបានប្តូររូបប្រូហ្វាល់របស់លោកទៅជារូបគំនូរមនុស្សលើកដៃរបៀបឈ្លើយនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកផងដែរកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះនៅមួយថ្ងៃបន្ទាប់ពីបទចម្រៀងត្រូវបានចេញផ្សាយឡើង។
ចំណែកនៅលើបណ្តាញសង្គម Tik Tok ក៏ចាប់ផ្តើមមានការធ្វើវិដេអូប្រៀបធៀបចែករំលែក និងមានមតិលើកឡើងថាជាការធ្វើ Diss Track រវាងពួកគេទាំងពីរជាហូរហែ។ ថ្វីបើយ៉ាងណាក៏ដោយនៅលើគណនី Tik Tok របស់លោកជីដេវីតមិនបានភ្ជាប់ឡើងជាមួយសំណេរបញ្ជាក់ពីការផ្ចាញ់ផ្ចាលណាមួយឡើយ ជំនួសមកវិញលោកបានភ្ជាប់ជាមួយនឹងខេបសិនបែបស្នេហាថា«សក់ក្រអូបបើមិនក្បែរគួរអោយស្តាយ»។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែររវាងអតីតគូបដិបក្សនៃសង្គ្រាមហ៊ីបហប់ទាំងពីរនេះ?