កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅនេះមានការប្រគំតន្រ្តីច្រៀងរាំសប្បាយរីករាយមួយនៅក្នុងពិធីជប់លៀងអបអរសាទរគំរប់ខួប៨ឆ្នាំរបស់ក្លឹបកម្សាន្ត Epic។ ដោយនៅក្នុងនោះលោកជីដេវីតត្រូវបានអញ្ជើញជាសិល្បករកិត្តិយសមកសម្តែងរួមគ្នាជាមួយនឹង Dj មួយរូបមកពីប្រទេសជប៉ុនគឺលោក DjTashi នៅឯក្នុងក្លឹបកម្សាន្ត។ យ៉ាងណាមិញមានបណ្តាអ្នកគាំទ្ររបស់លោកជីដេវីតជាច្រើនបានមកចូលរួមកម្សាន្តនៅទីនោះស្តាប់ការប្រគំតន្រ្តីយ៉ាងសប្បាយខ្ញៀវខ្ញារ បង្កើតបានជាព្រឹត្តិការណ៍ហាក់ដូចជាការប្រគំតន្រ្តីផ្ទាល់ខ្លួនរបស់លោកយ៉ាងដូច្នោះឯង។
ម្ល៉ោះហើយលោកជីដេវីតមានឳកាសសំណេះសំណាលលើឆាកជាមួយនឹងភ្ញៀវអញ្ជើញចូលរួមជាច្រើនដោយលោកថែមទាំងបានបកស្រាយអំពីរឿងវិវាទរបស់លោកជាមួយនឹងលោកវណ្ណដាម្តងទៀត។ លោកជីដេវីតបានអោយដឹងថាលោកមិនមានការពេញចិត្តជាខ្លាំងចំពោះការចោទប្រកាន់ពីលោកវណ្ណដានេះ ហើយប្រសិនបាននរណាម្នាក់ឈរនៅកន្លែងលោកហើយទទួលរងការចោទប្រកាន់ពីលោកវិញទាំងដែលពួកគេមិនខុស ក៏ច្បាស់ជាខឹងខ្លាំងដូចលោកនៅពេលនេះដែរ។ ការបកស្រាយរបស់លោកជីដេវីតបានធ្វើអ្នកទស្សនានៅទីនោះកាន់តែយល់ពីជំរៅចិត្តស្រែករកការពិត និងទាមទារយុត្តិធម៌ពីលោកជីដេវីត។
យ៉ាងណាមិញលោកជីដេវីតបានស្រាយចំណងភាពតានតឹងទាំងនោះវិញបានយ៉ាងល្អដោយរឿងហេតុនៅតែជារឿងហេតុចំណែកការរីករាយជាមួយតន្រ្តីគឺជាកម្សាន្តដែលមិនពាក់ព័ន្ធគ្នា។ លោកជីដេវីតបានស្នើសុំអោយ Dj ធ្វើការចាក់បទលោកវណ្ណដាចំនួន៣បទឡើងមកដោយក្នុងនោះក៏មានបទចំរៀង Diss Track J+O2 ផងដែរ ដែលធ្វើអោយមានទស្សនិកជនជាច្រើនបាននាំគ្នាថតនិងចែកចាយរូបភាពរបស់លោកជីដេវីតរាំនិងច្រៀងតាមបទចំរៀង J+O2 របស់លោកវណ្ណដានៅលើបណ្តាញសង្គម។ គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី២១ ខែតុលាកន្លងទៅនេះ លោកវណ្ណដាក៏បានទៅសម្តែងនៅ Epic Club មុនលោកជីដេវីតផងដែរនៅក្នុងកម្មវិធី "រាត្រីនៃវិសាលភាពដោយស្រាបៀរហនុមាន!"។