កាលពីពេលថ្មីៗនេះ ទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីបទចម្រៀងលោកជីដេវីត«នារី Dior» ដែលបានចេញផ្សាយកន្លងមកនេះ និងទទួលបានការចូលទស្សនារហូតដល់1លានដងហើយនៅលើយូធូប បែរជាមានការដាក់ Credit អោយបទចម្រៀង«20 Out Now» របស់លោកទេពពិសិដ្ឋនៅលើប៉ារ៉ូលចម្រៀង និងMelodyទៅវិញ។
ជាក់ស្តែងមកទៀត សង្កេតឃើញថាបទចម្រៀងមួយនេះរបស់លោកទេពពិសិដ្ឋនៅមិនទាន់បានចេញជាផ្លូវការនៅឡើយទេ ដែលបង្កជាមន្ទិលសង្ស័យថាលោកនឹងមានគំរោងចេញផ្សាយបទនេះនាពេលអនាគតដែររឺអត់ទេ។ យ៉ាងណាមិញ ភាពមិនជ្រះស្រឡះនៃទំនាក់ទំនងរវាងលោកជីដេវីត និងលោកទេពពិសិដ្ឋនៅមិនទាន់ចប់ត្រឹមនេះទេ។
ដោយកាលពីថ្ងៃទី16 ខែសីហាកន្លងទៅនេះ លោកជីដេវីតទើបតែបានទំលាក់បទថ្មីមួយទៀតនៅលើឆាណែលតេលេក្រាម និងបណ្តាញសង្គម Tik Tok របស់លោក ដែលមហាជនក៏លាន់មាត់ចាប់អារម្មណ៍ឃើញថាបទចម្រៀងមួយនេះក៏មានភាពស្រដៀងគ្នាទៅនឹងបទ«កុមារទេព» របស់លោកទេពពិសិដ្ឋដែលបានចេញផ្សាយកាលពីមួយខែមុនផងដែរ។
គួរបញ្ជាក់ផងដែរ បទថ្មីរបស់លោកជីដេវីតមួយនេះត្រូវបានអោយដឹងចំណងជើងឡើងថាមានឈ្មោះ«Down» ដោយលោកជីដេវីតបានបង្ហើបឡើងនៅចុងវិដេអូរបស់លោក។ ខណៈនៅលើខេបសិនវិដេអូផងដែរ លោកក៏បានភ្ជាប់ជាមួយបារ៉ូលចម្រៀងអមគួរអោយចាប់អារម្មណ៍ខ្លះៗដូចជា«ទឹកលិចកញ្ចឹងកខ្ញុំហើយពេលនេះ នាងចង់លក់ម៉ូតូហើយដូរយកឡានជិះ» និង«បងមិនអាចស៊ូ why you do like this»។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះទំនាក់ទំនងបទចម្រៀង ក៏ដូចជាការងាររវាងលោកជីដេវីត និងលោកទេពពិសិដ្ឋ?