កាលពីថ្ងៃទី០៦ ខែកញ្ញាកន្លងទៅនេះ លោកជីដេវីតបានបញ្ចេញវីឌីអូសកម្មភាពក្រោយឆាកក្នុងការថត MV នៃបទចំរៀង «Once Upon A Time» ដែលមានរូបលោកស្លៀកសំលៀកបំពាក់អ្នកជាប់ពន្ធនាគារនៅខាងក្នុងគុកមួយ បញ្ជាក់បានថានាពេលមុខ MV របស់លោកនឹងចេញមកឆាប់ៗនេះហើយ។ គួរបញ្ជាក់ផងដែរ បទចំរៀង «Once Upon A Time» របស់លោកជីដេវីតធ្លាប់បានចេញជា Audio Version រួចមកហើយនៅក្នុងអាល់ប៊ុមផាសិននៅលើបណ្តាញសង្គម Youtube កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅនេះ និងមានផ្សាយចេញនៅលើសេវាកម្មចំរៀងឌីជីថលSportify ជាមួយនឹងបទចំរៀងនៃអាល់ប៊ុមផាសិនផ្សេងទៀតតាំងពីថ្ងៃទី២៨ ខែកក្កដាមកម្ល៉េះ។ យ៉ាងណាមិញបញ្ជាក់បានថាសំរាប់អាល់ប៊ុមផាសិនមួយនេះ លោកជីដេវីតមិនមានបំណងធ្វើMarketing ទៅលើវាទេ លោកតែងតែបង្ហោះផ្សាយជូនជាកាដូសំរាប់បណ្តាអ្នកគាំទ្ររបស់លោក ជាក់ស្តែងលោកបានPremire MV បទចំរៀងរបស់លោកមុនសំរាប់អ្នកមកចូលរួមនៅក្នុងកម្មវិធី Triple F Party ហើយម្យ៉ាងទៀតលោកក៏ធ្លាប់ផ្សាយចេញបទចំរៀង Life is a battle ដោយមិនមាន Marketing អ្វីទាំងអស់។ ត្រលប់មករកបទ «Once Upon A Time»នេះវិញឃើញថាទស្សនិកជនជាច្រើនពេញចិត្តជាមួយបទចំរៀងនេះ ទាំងទំនុកច្រៀងប៉ារ៉ូលរួមជាមួយនឹងបទភ្លេងសក្តិសមស៊ីគ្នាទាំងអស់។
លោកជីដេវីតហាក់បញ្ជ្រាបគំនិត និងទស្សនៈរបស់លោកបញ្ចូលទៅក្នុងបទចំរៀងដូចជាថាលោកមិនបានបង្ខំអោយនរណាម្នាក់ដើរតាមលោកទេ វាហាក់ដូចជាអាត្មានិយមពេក លោកគ្រាន់តែត្រូវរស់នៅជីវិតបែបផែនរបស់លោក ហើយអ្នកទាំងអស់គ្នារស់នៅជីវិតបែបអ្នកចុះ។ ទាក់ទងនឹង MV ដែលមានរូបលោកស្លៀកឈុតអ្នកជាប់ពន្ធនាគារនោះក៏បានសបញ្ជាក់ពីបទចំរៀងមួយនេះផងដែរ ដែលលោកយល់ឃើញថាមិនចង់រស់នៅក្រោមការគំនាបរឹតត្បិតរបស់នរណាទេ ច្បាប់ជាមនុស្សបង្កើត អញ្ជឹងយើងក៏អាចបង្កើតច្បាប់ខ្លួនឯងផងដែរ។