បន្ទាប់ពីលោកវណ្ណដាបានបង្ហាញខ្លួននៅក្នុង Podcast ជាលើកដំបូងរបស់លោកពូជ្រួញ និងបានបកស្រាយខ្លះៗទៅលើបព្វហេតុដែលធ្វើអោយផ្ទុះវិវាទរវាងលោកនិងលោកជីដេវីតធ្វើអោយមហាជនបានឃើញពីគំនិតពិត និងប្រតិកម្មរបស់លោកជាលើកដំបូងដូចគ្នា។ ជាក់ស្តែងមិនរង់ចាំយូរលោកជីដេវីត និងដៃគូការងាររបស់លោក លោកអាធីកាក៏បានធ្វើការឆ្លើយតបភ្លាមៗតាមរយៈវីដេអូខ្នាតវែងមួយដែលត្រូវបានធ្វើការផ្សាយផ្ទាល់នៅលើឆាណែលយូធូបផ្លូវការរបស់លោកដែលមានឈ្មោះថា Patron Cambodia នៅក្នុងថ្ងៃទី០៦ ខែវិច្ឆិកាមុនថ្ងៃបុណ្យអុំទូកកន្លងទៅនេះ។
លោកអាធីកាបានផ្តើមសួរឡើងអំពីចំណាប់អារម្មណ៍របស់លោកជីដេវីតទៅលើការប្រគំតន្រ្តីខ្នាតធំរបស់លោកថ្មីៗនេះ និងបន្តសួរចាក់ឬសចាក់គល់ដើម្បីអោយលោកជីដេវីតមានឳកាសបកស្រាយទៅលើបញ្ហាដែលបានចោទប្រកាន់ឡើងថាលោកជីដេវីតបានលួចបទចំរៀងរបស់លោកវណ្ណដា។ លោកជីដេវីតបានហ៊ាននិយាយអះអាងថាវាហាក់ដូចជាមិនសមហេតុផលដែលលោកវណ្ណដាចោទប្រកាន់លោកបែបនេះ ទើបលោកសំរេចចិត្តចេញវីដេអូមួយនេះឡើងដើម្បីអោយមហាជនមិនមានការយល់ច្រលំលើលោក។
លោកបានបន្តទៀតថាជាការពិតទៅរឿងរ៉ាវបែកធ្លាយនៃបទចម្រៀងរបស់លោកវណ្ណដាគួរណាតែមិនមែនជាបន្ទុករបស់លោកតែម្នាក់ទេ ហេតុអ្វីក៏មនុស្សរបស់ក្រុមបារមីដែលលួចចែកចាយបទចម្រៀងមួយនោះមិនបានរងសំពាធដូចលោកផង និងលោកបានស្រែកតវ៉ាជាច្រើនថាលោកមិនបានធ្វើដូច្នោះផ្ទុយមកវិញលោកត្រឹមជាដៃគូសត្រូវស្មោះត្រង់ម្នាក់មិនបានលួចចាក់គេពីក្រោយខ្នង។ យ៉ាងណាមិញផងដែរលោកជីដេវីតហាក់បង្កការសន្និដ្ឋានមួយឡើងក្រោយហេតុការណ៍នេះបានកើតឡើងថាអាចជាល្បិច Marketing មួយដែលធ្វើអោយបទចំរៀងនេះលឺមកដល់ខ្លួន ដើម្បីបង្កើតជាប្រធានបទនិយាយឡើងក៏ថាបាន។
មហាជនដែលបានស្តាប់ការបកស្រាយឡើងទាំងសងខាង ខ្លះក៏បន្តការពារខាងលោកវណ្ណដាយ៉ាងពុះកញ្ច្រោល ចំនែកខ្លះទៀតក៏កាន់ជើងខាងរបស់លោកជីដេវិតវិញ ម្យ៉ាងវិញទៀតក៏មានមនុស្សមួយចំនួនទៀតធ្វើការវែកញែកឡើងថាលុះត្រាតែខាងលោកវណ្ណដាបញ្ចេញពត៌មានអំពីបុគ្គលដែលបានលួចបទចម្រៀងរបស់លោកទៅមែនសិន បានអាចស្វែករកខុសត្រូវឃើញ ព្រោះបើអាស្រ័យហេតុនេះដូចជាអ្វីដែលលោកជីដេវីតលើកឡើងមែនហេតុអ្វីត្រូវដាក់បន្ទុកលោកជីដេវីតជាជនទី៣ទទួលដឹងបទបែកធ្លាយរបស់លោកវណ្ណដា។ អ្នកគាំទ្រលោកវណ្ណដាក៏បាននិយាយឡើងថាទោះជាយ៉ាងណាមិនគួរណាសរសេរប៉ារ៉ូលចម្រៀងបែកធ្លាយរបស់លោកវណ្ណដាមួយឃ្លាឡើងនោះជាសាធារណៈនោះទេ។