សង្កេតឃើញថាកាន់តែកៀកចូលមកដល់ថ្ងៃនៃពិធីបុណ្យចូលឆា្នំខ្មែរ សិល្បករនៅកម្ពុជារបស់យើងបាននាំគ្នាធ្វើការទំលាក់បទចំរៀងចូលឆ្នាំរបស់ពួកគេជាបណ្តើរៗហើយដែលបានខិតខំសម្រិតសម្រាំងអស់ពេលមួយរយៈកន្លងមក។ ចាប់អារម្មណ៍ផងដែរថា បទចម្រៀងចូលឆ្នាំដែលមានភាពលេចធ្លោគួរអោយកត់សម្គាល់នៅក្នុងឆ្នាំ២០២៣នេះមានជាច្រើនបទដូចជាបទ«Hometown» របស់លោកទេព ពិសិដ្ឋ បទ«កំលោះស្រុកស្រែ» របស់លោកវណ្ណដា និងលោកវណ្ណថាន បទ«សង្ក្រាន្ត Jersey» របស់ក្រុមលោក Polarix បទ«ក្រមុំបារមី» របស់កញ្ញា Sophia, Siryka និងអ្នកស្រី Laura និងបទ«អូន អូន» របស់លោក Tempo Tris ជាដើម។ យ៉ាងណាមិញផងដែរ កាលពីថ្ងៃ០៨ ខែមេសាកន្លងទៅនេះ លោកជីដេវីតក៏បានធ្វើការចេញផ្សាយបទចម្រៀងចូលឆ្នាំទី២របស់ខ្លួនបន្ទាប់ពីបទបុប្ផាអង្គរ» ដែលបានចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅនេះ។ គួរបញ្ជាក់ផងដែរ បទចម្រៀង«បុប្ផាអង្គរ» របស់លោកបានជាប់នៅលើតារាងចំរៀងពេញនិយមនៅលើយូធូបកម្ពុជាអស់រយៈពេលជាង៣សប្តាហ៍មកហើយ។ នៅក្នុងថ្ងៃចេញផ្សាយចម្រៀងចូលឆ្នាំទី២របស់លោកនេះផងដែរ គួរបញ្ជាក់ថា លោកជីដេវីតក៏បានឡើងសម្តែងការប្រគំតន្រ្តីមួយនៅក្នុងខេត្តសៀមរាបផងដែរជាមួយនឹងអ្នកនាងទេពបូព្រឹក្សនៅមុខសួនច្បារមាត់ស្ទឹងសៀមរាប។ សង្កេតឃើញថាត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ បទចម្រៀងរបស់លោកទទួលបានចំនួនចូលទស្សនារហូតដល់ជាង២សែននាក់ឯណោះ។ ទន្ទឹមនឹងនេះផងដែរ ក្រៅពីការងារវិស័យចំរៀង កាលពីពេលថ្មីៗនេះ លោកជីដេវីតក៏បានចូលរួមដំណើរការរៀបចំផ្សព្វផ្សាយអំពីភាពយន្តរបាំមួយផងដែរ ដែលមានឈ្មោះថា«ទេព ហត្ថា» ក្នុងគោលបំណងអោយប្រជាជនខ្មែរគ្រប់ជំនាន់កាន់តែជ្រួតជ្រាបអំពីមរតកនៃរបាំខ្មែរមួយនេះតាមរយៈការទស្សនា។ តើទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាដែរសំរាប់ការងាររបស់លោកជីដេវីតថ្មីៗនេះ?