គ្រប់គ្នាសុទ្ធតែបានដឹងថាអាល់ប៊ុមផាសិន១របស់លោកជីដេវីតពីឆ្នាំចាស់ត្រូវបានបញ្ចប់ទៅជាស្ថាពរ រីឯដំណឹងលេចលឺថានឹងមានគំរោងអាល់ប៊ុមផាសិន២ក៏ក្លាយជាចំណងមួយដែលដាក់លោកជីដេវីតនៅក្នុងបំណុលដែរ។ ក្រោយពីបញ្ចប់ការងារឆ្នាំចាស់មួយចំនួនរួចមក លោកជីដេវីតបានត្រៀមខ្លួនរួចជាស្រេចក្នុងការទំលាយបទចម្រៀងថ្មីៗពីក្នុងអាល់ប៊ុមផាសិន២របស់ខ្លួន។ ជាក់ស្តែងតាមរយៈឆាណែលតេឡេក្រាមPublic របស់លោកជីដេវីតផ្លូវការ កាលពីថ្ងៃទី២០ ខែមករាកន្លងទៅនេះ លោកបានបង្ហោះវីដេអូខ្លីមួយព្រមជាមួយសារថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកទំព័រថ្មី ដែលនេះបង្ហាញពីភាពមុតមាំរបស់លោកសំរាប់បំពេញការងារនៅក្នុងឆ្នាំ២០២៣នេះ។
នៅលើឆាណែលតេឡេក្រាមPublic របស់លោកជីដេវីតដដែលនេះ កាលពីថ្ងៃទី២៣ ខែមករាកន្លងទៅនេះ Teaserនៃបទចម្រៀងទី២របស់លោកផងដែរក៏ត្រូវបានបង្ហោះឡើងរួចមកហើយព្រមជាមួយនឹងចំណងជើងអោយដឹងថា«ជំហ៊ានជ័យ» ដែលមានចំណងជើងជាភាសាអង់គ្លេសហៅថា« Life Tale»។ គួរបញ្ជាក់ផងដែរថាលោកជីដេវីតក៏បានបង្ហើបអោយដឹងថានៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ លោកនឹងត្រៀមបើកការចុះឈ្មោះចូលរួមការប្រគំតន្រ្តីTour Passion 2 សារជាថ្មីដែលមានឈ្មោះថា The Biggest Dinosaur[Epi 1] ខណៈពេលដែល Passion 2 Party ក៏ជិតឈានចូលមកដល់ឆាប់ៗនេះផងដែរ។
យ៉ាងណាមិញផងដែរយោងទៅតាម Teaser នៃបទចម្រៀង«ជំហ៊ានជ័យ» នេះបានអោយដឹងថាបទចម្រៀងនេះគ្រោងនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី២៩ ខែមករាខាងមុខនេះហើយ។ សង្កេតឃើញថាស្របពេលបទចម្រៀងថ្មីរបស់លោកវណ្ណដា«Chapter1»ត្រូវបានចេញផ្សាយថ្មីៗនេះ បទចម្រៀង«Life Tale»របស់លោកជីដេវីតគ្រោងនឹងចេញផ្សាយវិញក៏មានភាពស្រដៀងគ្នានៅលើឈ្មោះនៃចំណងជើងបទចម្រៀងផងដែរ ដែលសុទ្ធតែបង្ហាញពីដំណើរជីវិតផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ។ តើនេះជាភាពចៃដន្យមួយដែររឺទេ?បើគិតទៅការធ្វើដំណើរមកកាន់ទំព័រមួយនៃឆ្នាំថ្មី មិនថាជាបទចម្រៀងរឺការងារណាមួយទេ សិល្បកររបស់យើងប្រហែលជាជ្រើសរើសការធ្វើចម្រៀងដែលស្តែងឡើងទាក់ទងនឹងព្រឹត្តិការណ៍និងពេលវេលានៅក្នុងសង្គមផងដែរ ម្ល៉ោះហើយលោកជីដេវីត និងវណ្ណដាប្រហែលជាមានចេតនាដើរតាមដំណើរព្រឹត្តិការណ៍នៅក្នុងសង្គមក្នុងការធ្វើចម្រៀង។