ក្រោយពីឈរជើងអស់រយៈពេលជាង១០ឆ្នាំប្លាយមក ផលិតកម្មថោននៅតែអាចប្រមូលផ្តុំបានដោយកំពូលតារាចម្រៀងល្បីៗជាច្រើននាក់ដែលនៅក្នុងនោះក៏មានដូចជាអ្នកនាងយក់ថិតរដ្ឋា លីអ៊ីវ៉ាធីណា កញ្ញាបានមុន្នីល័ក្ខ លោកណាំប៊ុណ្ណារ័ត្ន ម៉ៅហាជី គូម៉ា និងសុគន្ធថេរ៉ាយុជាដើម។ ចំណែកនៅក្នុងដើមឆ្នាំ២០២៣នេះផងដែរ សិល្បករនៃផលិតកម្មថោនក៏បានចាប់ផ្តើមបញ្ចេញបទចម្រៀងថ្មីៗរបស់ពួកគេឡើងជាបន្តបន្ទាប់ ដោយក្នុងនោះបទចម្រៀង«រត់»របស់លោកសុគន្ធថេរ៉ាយុក៏ត្រូវបានទទួលចំណាប់អារម្មណ៍ប្លែកពីមហាជនដោយសារតែកត់សម្គាល់ឃើញថាបទចំរៀងមួយនោះរបស់លោកបានសរសេរតាក់តែងឡើងនិងនិពន្ធ Melody ដោយលោកជីដេវីតផ្ទាល់។
ខណៈពេលដែលកំពូលតារារ៉េបដ៏ល្បីលោកជីដេវីតកំពុងតែមមាញឹកក្នុងការងារធ្វើអាល់ប៊ុមថ្មីរបស់លោក ស្រាប់តែមហាជនមានការភ្ញាក់ផ្អើលដោយលេចឈ្មោះរបស់លោកឡើងជាអ្នកនិពន្ធបទចម្រៀងនិង Melodyនៃបទ«រត់» អោយលោកសុគន្ធថេរ៉ាយុនៅក្នុងផលិតកម្ម Town ទៅវិញ។ គួរបញ្ជាក់ផងដែរបទចម្រៀង«រត់»របស់លោកសុគន្ធថេរ៉ាយុត្រូវបានចេញផ្សាយឡើងកាលពីថ្ងៃទី១៣ ខែមករាកន្លងទៅនេះនៅលើឆាណែលផ្លូវការរបស់ផលិតកម្ម Town ផ្ទាល់។
អ្វីដែលអាចកត់សម្គាល់បានទៀតក្រៅពីឈ្មោះរបស់លោកជីដេវីតបង្ហាញថាជាអ្នកនិពន្ធបទចម្រៀងនេះហើយ បទចម្រៀងនេះក៏មានភាពដូចគ្នាស្ទើរតែទាំងស្រុងទៅនឹងបទចម្រៀង«រត់ រត់ រត់»របស់លោកជីដេវីតខ្លួនឯងដែលបានចេញផ្សាយឡើងកាលពីឆ្នាំ២០១៩ផងដែរ ដែលស្ថិតនៅក្នុងរដូវកាលនៃសង្គ្រាម Diss Track របស់លោកដោយមានខុសតែបទភ្លេងមួយចំនួនប៉ុណ្ណោះ។
យ៉ាងណាមិញផងដែរ លោកសុគន្ធថេរ៉ាយុក៏បានអះអាងខ្លួនឯងរួចមកហើយថាលោកជីដេវីតបាននិពន្ធបទចម្រៀងមួយនេះឡើងសម្រាប់រូបលោក។ ប៉ុន្តែចង់ដឹងថាហេតុអ្វីទើបលោកសុគន្ធថេរ៉ាយុទើបតែសំរេចធ្វើបទចម្រៀងមួយនេះឡើងវិញបន្ទាប់ពីបទនេះបានចេញផ្សាយ៣ឆ្នាំកន្លងរួចមកហើយ? នេះអាចសន្និដ្ឋានបានថារយៈពេល៣ឆ្នាំមុន គឺលោកជីដេវីតបានតាំងចិត្តនិពន្ធបទចម្រៀងនេះអោយលោកសុគន្ធថេរ៉ាយុនោះទេ ហើយចំនុចប្រសព្វរវាងអ្នកទាំងពីរគឺចាប់ផ្តើមតាំងពីមុនឆ្នាំ២០១៩មកម្ល៉េះ ដោយលោកជីដេវីត និងលោកសុគន្ធថេរ៉ាយុសុទ្ធតែជាសិល្បករឆ្នើមនៅក្នុងគ្រួសារក្រុមហ៊ុនភេសជ្ជៈដ៏ល្បី G-Park Engergy Drink កន្លងមក។