បន្ទាប់ពីលោកជីដេវីតបានមមាញឹកជាមួយនឹងការប្រគំតន្រ្តីរបស់លោកយ៉ាងមិនចេះស្រាកស្រាន្តកន្លងមក ដែលជាការប្រគំតន្រ្តីទេសចរណ៍អស់ពីខេត្តមួយចូលខេត្តមួយ ជាមួយក្រុមហ៊ុនស្រាបៀវឌ្ឍនៈ និងស្រាបៀ Dragon ក៏សង្កេតឃើញថាលោកជីដេវីតមិនបានភ្លេចទេនឹងមានកាដូឆ្នាំថ្មីសម្រាប់បណ្តាទស្សនិកជនរបស់លោក។
ក្រោយពីបញ្ចប់ការប្រគំតន្រ្តី PS2xវ នៅឯខេត្តព្រះសីហនុយ៉ាងរលូន និងល្បីកក្រើកនៅលើបណ្តាញសង្គមតាមរយៈការផ្សាយបន្តផ្ទាល់រួចមក លោកជីដេវីតក៏មិនបានរង់ចាំយូរក្នុងការទំលាក់បទចំរៀងថ្មីរបស់លោកនោះទេសម្រាប់ជាកាដូ New Year កាលពីរាត្រីថ្ងៃទី៣១ ខែធ្នូកន្លងទៅនេះ។
ដោយបទចម្រៀងនេះមានចំណងជើងថា«2AM» ហើយជាប្រភេទបទចម្រៀងមនោសញ្ចេតនាយ៉ាងលន្លង់លន្លោច និងមានភាពសោកសៅក្នុងរឿងស្នេហា ដែលជារសជាតិមួយបែបទៀតសំរាប់អ្នកដែលកំពុងស៊ូតសេដនៅក្នុងថ្ងៃឆ្លងឆ្នាំនេះ។ បន្ទាប់ពីលោកជីដេវីតបានទំលាក់បទមួយនេះហើយ បណ្តាអ្នកគាំទ្រក៏បានចូលខមមែនឡើងថា«សេដចុងឆ្នាំ» ជាហូរហែ និងបានតបខេបសិនខាងលើរបស់លោកជីដេវីតវិញថា«ពុលនេះពុលនោះ»ផងដែរ បន្ទាប់ពីលោកបានភ្ជាប់ឃ្លាចម្រៀង Hook មួយចំនួនអមនឹងបទចម្រៀងនោះថា«បងក៏មិនយល់ មានអ្នកណាយល់ អូនទៅញ៉ាំអីបានពុលហើយបានប្លែកៗ?»។
គួររំលឹកផងដែរថា លោកជីដេវីតក៏នឹងមានការប្រគំតន្រ្តីជាបន្តបន្ទាប់ទៀតសម្រាប់ការឈានចូលមកដល់ដើមឆ្នាំ២០២៤នេះ ដោយនៅក្នុងថ្ងៃទី០៦ ខែមករាខាងមុខនេះ លោកនឹងមានការប្រគំតន្រ្តី PS2xវ ជាមួយស្រាបៀវឌ្ឍនៈ និង Dragon នៅឯពហុកីឡាដ្ឋានខេត្តកំពតផងដែរ។ តើបទចម្រៀងថ្មីនេះ លោកជីដេវីតអាចនឹងយកទៅសម្តែងដែររឺទេ?