កាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅនេះ លោកជីដេវីត និងអ្នកនាងទេពបូព្រឹក្សបានធ្វើកម្មវិធីសម្ពោធជាផ្លូវការវីដេអូចម្រៀងទេវរាជ និងការសម្តែងទស្សនីយភាពសិល្បៈវប្បធម៌នៅឯសាលមហោស្រពកោះពេជ្រ ដោយប្រាក់ចំណូលពីការលក់សំបុត្រប្រមាណជា៧៣លានរៀល និងថវិកាផ្ទាល់ខ្លួនរបស់អ្នកនាងទេពបូព្រឹក្សប្រមាណជា៨លានរៀល នឹងត្រូវបរិច្ចាកជូនសាលាមធ្យមវិចិត្រសិល្បៈសម្រាប់ការបណ្តុះបណ្តាលសិល្បៈវប្បធម៌។ គួរបញ្ជាក់ផងដែរថាកម្មវិធីនេះមានការចូលរួមយ៉ាងអ៊ឹកធឹកអ៊ឹកធមដោយឯកឧត្តម លោកជំទាវ លោក លោកស្រី និងសិល្បករ ទស្សនិកជនប្រមាណជា៣០០០នាក់។ ជាពិសេសគួរកត់សម្គាល់ផងដែរថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមជាមួយនឹងសម្តេចព្រះរាជបុត្រី នរោត្តម អរុណរស្មី ក៏បានយាងអញ្ជើញជាអធិបតីនៅក្នុងកម្មវិធីមួយនេះផងដែរ។
ម្យ៉ាងវិញទៀតទាក់ទងទៅលើ MV បទទេវរាជនេះផងដែរ អ្នកនាងទេពបូព្រឹក្សបានបកស្រាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា អ្នកនាងបានជ្រើសរើសឈុតមហារាជនីនាគចេនឡា ដើម្បីបង្ហាញពីព្រះនាងនាគដែលជាដើមកំណើតនៃពូជពង្សខ្មែរ និងរំលឹកដឹងគុណដល់ភាពជាអ្នកដឹកនាំរបស់ទ្រង់តំណាងអោយស្រ្តីខ្មែរជាមួយរិទ្ធីអំណាច។ ខណៈនៅក្នុងការសម្តែងទស្សនីយភាពសិល្បៈផងដែរ លោកជីដេវីតបានរួមគ្នាសម្តែងបទ«មហានគរ» ជាមួយនឹងអ្នកនាងទេពបូព្រឹក្សយ៉ាងអស្ចារ្យ។ លោកក៏បានរំលឹកដឹងគុណដល់អ្នកចូលរួមចំណែកទាំងអស់នៅលើវេទិកា។ គួរអោយកត់សម្គាល់ផងដែរ DJ Soda ក៏បានស្កាត់ហោះពីកូរ៉េមកចូលរួមកម្មវិធីនេះផងដែរ ដោយគ្រងឈុតទេពអប្សរាខ្មែរយ៉ាងស្រស់ស្អាត។