កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដាកន្លងទៅនេះ ទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីប្រទះឃើញនូវរូបភាពរបស់លោកជីដេវីត និងលោកគ្រូហួរ ឡាវីរួមគ្នានៅលើបណ្តាញសង្គម។ ដោយភ្ជាប់ជាមួយនឹងខេបសិនបញ្ជាក់យ៉ាងច្បាស់ថា «Me and the Legendary» ដែលសំដៅអោយឃើញថាលោកជីដេវីតអាចនឹងត្រៀមផលិតបទថ្មីជាមួយនឹងលោកគ្រូហួរ ឡាវីនៅក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា លោកគ្រូួហួរ ឡាវី គឺជាសិល្បករជើងចាស់មួយរូបនៃប្រទេសកម្ពុជាដែលឈានចូលវ័យ៧៧ឆ្នាំមកហើយ ហើយលោកគឺមានសំនៀងគួរអោយកត់សម្គាល់ពិរោះបែបស្អក និងជាម្ចាស់បទចម្រៀងមរតកជំនាន់ដើមដូចជា«អាណែតមាសបង» «សែនអាល័យ» និងបទ«តើថ្ងៃណាបំភ្លេចអូនបាន» ជាដើម។ នេះសម្តែងអោយឃើញថាលោកជីដេវីតស្ងាត់ៗលេងឈុតធំតែម្តង ដោយនាំយកសិល្បកររៀមច្បងមួយរូបនៃប្រទេសកម្ពុជា មកបញ្ចូលស្នាដៃរួមគ្នាថ្មីមួយយ៉ាងប្លែកច្នៃសំរាប់បំរើទស្សនិកជនរបស់លោក។
យ៉ាងណាមិញផងដែរ កត់សម្គាល់ឃើញថាលោកគ្រូហួរ ឡាវី និងលោកជីដេវីតមិនធ្លាប់បានបង្ហាញទំនាក់ទំនងការងារសិល្បៈរួមគ្នាជាសាធារណៈពីមុនមកទេ ថ្វីបើកូនស្រីរបស់លោកគ្រូហួរ ឡាវី កញ្ញាវីឌីណែតធ្លាប់បានបំពេញការងារនៅក្នុងផលិតកម្មរស្មីហង្សមាសរួមគ្នាជាមួយលោកជីដេវីតដែរ។
ដោយឡែកក៏កត់សម្គាល់ទៀតផងដែរថា លោកគ្រូហួរ ឡាវីក៏ធ្លាប់បានរួមសហការការងារជាមួយនឹងសិល្បករជំនាន់ថ្មីមួយចំនួនរួចមកហើយដូចជាលោក Kai កញ្ញាវីឌីណែត លោកខេម និងលោកព្រាបសុវត្ថិជាដើមនៅក្នុងកម្មវិធី និងព្រឹត្តិការណ៍ផ្សេងៗ។
មកទល់ពេលនេះសង្កេតឃើញថា មានរូបភាពសន្លឹកពីរសន្លឹកហើយរបស់លោកជីដេវីត និងលោកគ្រូហួរ ឡាវីរួមគ្នាកំពុងធ្វើភ្លេងដែលត្រូវបានចែករំលែកឡើងនៅលើឆាណែលតេឡេក្រាម Public របស់លោកជីដេវីត និងនៅលើទំព័រហ្វេសប៊ុក និងគណនី Instagram របស់លោក។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះគំរោងសហការរួមគ្នារវាងលោកជីដេវីត និងលោកគ្រូហួរ ឡាវី?