បន្ទាប់ពីការបើកព្រឹត្តិការណ៍ Paragames អស់រយៈពេលពីរថ្ងៃមក លោកជីដេវីតក៏បានចេញសេចក្តីប្រកាសដ៏គួរអោយចាប់អារម្មណ៍មួយទាក់ទងនឹងការសម្តែងទស្សនីយភាពដ៏អស្ចារ្យមួយនូវបទ«មហានគរ»របស់លោកកាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ។ ប៉ុន្តែនេះមិនមែនជាទស្សនីយភាពសម្តែងសំរាប់ព្រឹត្តិការណ៍ Paragames ដែលទស្សនិកជនជាច្រើនទន្ទឹងរង់ចាំនោះទេ តែជាផ្ទាំងទស្សនីយភាពមួយថ្មីដ៏អស្ចារ្យសំរាប់គាំទ្រដល់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់កម្ពុជា និងបង់ក្លាដេសនាពេលខាងមុខនេះនៅក្នុងថ្ងៃទី១៥ ខែមិថុនា។
គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍នេះមានឈ្មោះថា«Vattanac International Friendly» ជាការប្រកួតមិត្តភាពអន្តរជាតិនាំមកជូនដោយក្រុមហ៊ុនស្រាបៀវឌ្ឍនៈសហការជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។ កត់សម្គាល់ឃើញថារីឯការសម្តែងវិញគឺនឹងធ្វើឡើងនៅពេលសំរាកពាក់កណ្តាលតង់ផងដែរ។
យ៉ាងណាមិញសង្កេតឃើញថាមានទស្សនិកជនជាច្រើនចាប់អារម្មណ៍ចង់ទិញសំបុត្រចូលរួមទស្សនា ដោយហេតុនេះខាងក្រុមហ៊ុនស្រាបៀវឌ្ឍនៈក៏បានអោយដឹងថា សំរាប់ការចូលរួមតម្រូវអោយមានសំបុត្រ ហើយសំបុត្រចូលរួមអាចតាមដានលើផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលហៅកាត់ថា FFC បាន។
ចំណែកខាងបណ្តាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់មួយចំនួនបន្ទាប់ពីបានឃើញបញ្ជីរាយឈ្មោះកីឡាករជម្រើសជាតិទាំង៣០នាក់ដែលនឹងត្រូវប្រកួតហើយ ក៏បានបង្ហាញការគាំទ្រនិងជូនពរ ជាពិសេសក៏បានបង្ហាញការពេញចិត្តដែលលោក Chan Vathanaka និង Um Vichet បានត្រលប់មកកាន់ជម្រើសជាតិកម្ពុជាវិញ។ ចំណែកបណ្តាអ្នកគាំទ្រលោកជីដេវីតវិញក៏រំភើបមិនចាញ់គ្នាដែលមានទស្សនីយភាពសម្តែងបែបនេះធ្វើឡើងនៅក្នុងព្រឹត្តិការណ៍កីឡា យ៉ាងណាមិញគួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍នេះនឹងមានការផ្សាយផ្ទាល់នៅលើប៉ុស្តិ៍ BTV ផងដែរ។