កាលពីពេលថ្មីៗកន្លងទៅនេះ ទស្សនិកជនជាច្រើនកំពុងទន្ទឹងរង់ចាំមើលថាតើបទ«មហានគរ» របស់លោកជីដេវីតនឹងអាចលើកទៅសម្តែងនៅក្នុងការបិទព្រឹត្តិការណ៍ Sea Games ដែររឺទេ ស្របពេលដែលលោកជីដេវីត ក៏តែងតែបញ្ចេញការបង្ហោះជារឿយៗអំពីព្រឹត្តិការណ៍ Sea Games លើកលែងតែការបញ្ជាក់អោយបានច្បាស់អំពីរឿងដើម្បីអោយទស្សនិកជនអស់ចម្ងល់។ ដូចជាកាលពីថ្ងៃបើកព្រឹត្តិការណ៍ Sea Games នោះផ្ទាល់ លោកជីដេវីតក៏បានភ្ជាប់ជាមួយសារអមនឹងរូបភាពផ័រស្ទ័របទចម្រៀងរបស់លោកឡើងថា«ខ្ញុំបាទជាសិល្បករចម្រៀងសម័យក៏សូមផ្ញើរចម្រៀង មហានគរ របស់ខ្ញុំជូនជនរួមជាតិ ក៏ដូចជា កីឡាករ កីឡាការិនី និងអត្តពលិកគ្រប់រូបដេីម្បីសណ្តាប់កម្សាន្តនៅក្នុងឱកាសដ៏វិសេសវិសាលមួយនេះ»។ ចំណែកកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍មុននេះផងដែរ លោកជីដេវីតក៏បានចែករំលែកជារឿយៗទាំងនៅលើឆាណែលតេលេក្រាម Public របស់លោកក្តី និងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកក្តីទាក់ទងនឹងការជូនពរកីឡាករជាតិ និងបទមហានគរនេះផងដែរ ដោយបានសរសេរឡើងថា«ខ្ញុំសុខៗ: មើលផ្កាយសំណាង ……និយាយលេងទេបងប្អូនរីករាយថ្ងៃអាទិត្យ ជូនពរ កីឡាករ កីឡាការិនី និងអត្តពលិកយេីងជោគជ័យក្នុងការប្រកួតថ្ងៃនេះ។ បន្ទាប់ពីអស់រយៈពេល៤ថ្ងៃនៃការបើកកីឡាស៊ីហ្គេមនោះមក លោកជីដេវីតក៏ទើបតែបានទំលាក់ស្តេធឹសមួយទៀតដោយសរសេរជូនពរទៅកាន់កីឡាករជាតិរបស់យើងឡើងថា «ដំរីជេីងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច។ ចេះឯងអោយក្រែងចេះគេ។ ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក។ អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន។ ជូនពរអោយបងប្អូន កីឡាករ កីឡាការនី អត្តពលិក កម្ពុជាទទួលបានជោគជ័យក្នុងថ្ងៃនេះ ចូលកុំភ្លេចឥរិយាបទរបស់ពួកយើងចំពោះភ្ញៀវក្នុងកាលៈទេសៈនេះយើងជាម្ចាស់ផ្ទះ។ ជោគជ័យរបស់កម្ពុជាកំពុងត្រូវបានចារឹកក្នុងទំព័រប្រវត្តិសាស្រ្តថ្មីហើយ»។ ចុះតើទស្សនិកជនពេញចិត្តសារជូនពរលោកជីដេវីតដែររឺទេ? ហើយតើយល់ថានឹងអាចមានការសម្តែងបទ«មហានគរ»នៅក្នុងព្រឹត្តិការណ៍បិទស៊ីហ្គេម ថ្ងៃទី១៧ ខែឧសភាខាងមុខនេះទេ?