ភ្នំពេញ៖ ក្រុមហ៊ុន French OL Group ដែលកំពុងមានរឿងអាស្រូវលើការធ្វើសកម្មភាពអូសទាញប្រជាពលរដ្ឋខ្មែរឱ្យចូលរួមជាសមាជិកវិនិយោគដាក់ប្រាក់កំពុងស្ថិតក្រោមការស៊ើបអង្គេតពីនគរបាលជំនាញក្រសួងមហាផ្ទៃខណៈមានពលរដ្ឋជាច្រើនបានដាក់ពាក្យបណ្ដឹង។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា នាយកដ្ឋានបានចាត់មន្ត្រីជំនាញឱ្យធ្វើការស្រាវជ្រាវស៊ើបអង្កេតរកបទល្មើសរបស់ក្រុមហ៊ុន និងម្ចាស់ក្រុមហ៊ុនខាងលើដើម្បីឈានដល់ការចាត់វិធានការតាមនីតិវិធីច្បាប់។ ប្រភពដដែលបានអះអាងថា ករណីនេះកំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយហើយនាយកដ្ឋានមិនទាន់អាចជូនដំណឹងលម្អិតបានទេ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរនៃការស៊ើបអង្កេតខណៈមានប្រជាពលរដ្ឋមួយចំនួនក៏បានមកដាក់ពាក្យបណ្ដឹងដោយផ្ទាល់នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានលើកឡើងឱ្យដឹងដែរថា ថ្មីៗនេះក្រុមហ៊ុន French OL Group ជ្រកក្រោមគេហទំព័រភ្នាល់បាល់ឈ្មោះ ol669.vip និង ol668.online បានធ្វើសកម្មភាពអូសទាញប្រជាពលរដ្ឋឱ្យសាកល្បង និងចូលរួមជាសមាជិកវិនិយោគដាក់ប្រាក់ដោយអនុវត្តតាមការណែនាំរបស់ក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញ និងប្រយោជន៍ផ្សេងៗប៉ុន្តែនៅពេលមានសមាជិកបានបន្តដាក់ប្រាក់វិនិយោគកាន់តែច្រើនក្រុមហ៊ុន មិនបានផ្ទេរប្រាក់ជូនសមាជិកវិញហើយសមាជិកទាំងនោះក៏មិនអាចដកប្រាក់របស់ខ្លួនត្រឡប់មកវិញបានដែរ។ ជាមួយគ្នានេះកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិក៏បានបដិសេធមិនទទួលស្គាល់ក្រុមហ៊ុន French OL Group ដែរ ជាហេតុធ្វើឱ្យអ្នកដែលបានដាក់ប្រាក់វិនិយោគជាច្រើនជាមួយក្រុមហ៊ុននេះផ្ទុះការតវ៉ាជាបន្តបន្ទាប់៕