Feng Shui គឺជាការសិក្សាទាក់ទងពីការរៀបចំបរិស្ថាននៅខាងក្រៅខ្លួនរបស់យើង ដើម្បីជួយផ្លាស់ប្តូរស្ថានភាពនៅខាងក្នុងខ្លួនរបស់មនុស្សម្នាក់ៗ ដូចជាផ្លូវអារម្មណ៍ រឺចិត្តគំនិតជាដើម។ អ្នកឯកទេសផ្នែក Feng Shui បានលើកឡើងថា បរិស្ថានខាងក្រៅខ្លួនរបស់យើង ពិតជាអាចមានឥទ្ធិពលលើការសំរេចចិត្ត និងឥរិយាបថរបស់យើងបាន។ ប៉ុន្តែនេះមិនមែនជាការចាំបាច់ត្រូវតែផ្លាស់ប្តូរផ្នែកខាងក្នុងផ្ទះរបស់អ្នកទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នែកផ្សេងៗក្នុងបរិស្ថានអោយសមស្របតាមអ្វីដែលយើងចង់បាននៅក្នុងជីវិតវិញ។
ប្រសិនបើអ្នកចង់កែប្រែចំនុចផ្សេងៗក្នុងជីវិតរបស់អ្នក អ្នកអាចចាប់ផ្តើមពីការផ្លាស់ប្តូរនូវបរិស្ថានជុំវិញដោយ Feng Shui នេះ។ ការសិក្សាអំពី Feng Shui នេះគឺមានចាប់ផ្តើមតាំងពីសម័យ Han របស់ប្រទេសចិនមកម្ល៉េះ ដែលពាក្យ Feng នេះប្រែមកថា«ខ្យល់» គឺសិក្សាអំពីកំលាំងខ្យល់ រឺកំលាំងនៃធម្មជាតិ ចំណែកពាក្យ Shui គឺប្រែមកថា«ទឹក» ជាការសិក្សាទាក់ទងអំពីលំហូរទឹក រឺលំហូរនៃការផ្លាស់ប្តូរ។
ជារួមប្រជាជនចិនបានសិក្សាយ៉ាងលំអិតអំពីធាតុផ្សំនីមួយៗនៃធម្មជាតិ និងកំលាំង ដែលរួមផ្សំគ្នាបង្កើតបានជាការសិក្សាអំពីលំហូរនៃកំលាំងថាមពលនេះដើម្បីទទួលបានការរស់នៅមួយដែលមានភាពចុះសម្រុងគ្នារវាងបរិស្ថាននៅជុំវិញ និងខ្លួនមនុស្ស។ មូលដ្ឋានទាក់ទងពី Feng Shui នេះមានដូចជា
-Yin និង Yang: ដែលមានន័យថាភាពខុសគ្នារវាងកំលាំងពីរ ដែលទីកន្លែងមួយត្រូវការ ដូចជាពណ៌ភ្លឺ រឺពណ៌ងងឹត។ ទាំងនេះអាចផ្តល់អោយមនុស្សទទួលបានអារម្មណ៍ខុសគ្នា និងត្រូវការទាំងពីរ។
-Chi: គឺជាកំលាំងរួមដែលកើតចេញ និងមានទំនាក់ទំនងទៅនឹងវត្ថុផ្សេងៗនៅក្នុងបរិស្ថាន។
បន្តទៅនេះគឺធាតុទាំង៥ ដែលមានឥទ្ធិពលលើអារម្មណ៍ខុសៗគ្នា
-ធាតុឈើ: មានទំនាក់ទំនងទៅនឹងការអភិវឌ្ឍខ្លួន និងការផ្លាស់ប្តូរ
-ធាតុភ្លើង: មានទំនាក់ទំនងទៅនឹងចំណង់ និងថាមពល
-ធាតុដី: មានទំនាក់ទំនងទៅនឹងលំនឹង ការប្រុងប្រយ័ត្ន និងសុវត្ថិភាព
-ធាតុដែក: មានទំនាក់ទំនងទៅនឹងទ្រព្យសម្បត្តិ និងច្បាប់ទំលាប់
-ធាតុទឹក: មានទំនាក់ទំនងទៅនឹងផ្លូវអារម្មណ៍ និងការបត់បែន
ក្រៅពីនេះផងដែរ ក៏មានមូលដ្ឋានអំពីការរៀបប្លង់ទាំង៨ផ្នែកហៅថាប្លង់ Bagua ការសិក្សាអំពីពណ៌ ទីតាំងនៃការដាក់វត្ថុ រឺការដាក់កញ្ចក់ជាដើម។ ជារួមសង្កេតឃើញថា ការរៀបចំទៅតាម Feng Shui បានត្រឹមត្រូវ នាំអោយមានភាពស្រឡះល្អ និងទាក់ទាញលំហូរនៃកំលាំងឆ្លងកាត់បានយ៉ាងល្អប្រសើរ។