អតីតភ្នាក់ងារ FBI កំពូលម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំក្នុងសំណុំរឿងជួយមហាសេដ្ឋីរុស្ស៊ីម្នាក់ដែលមានបំណងចង់រួចខ្លួនចេញពីបញ្ជីទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
-
អតីតមន្រ្តី FBI ជាប់ពន្ធនាគារ៤ឆ្នាំក្នុងក្តីឃុបឃិតជាមួយរុស្ស៊ី
យោងតាមសារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១៤ ខែធ្នូបានអោយដឹងថា អតីតភ្នាក់ងារ FBI កំពូលម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំក្នុងសំណុំរឿងជួយមហាសេដ្ឋីរុស្ស៊ីម្នាក់ដែលមានបំណងចង់រួចខ្លួនចេញពីបញ្ជីទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
លោក Charles McGonigal អាយុ 55 ឆ្នាំបានសារភាពកំហុសកាលពីខែសីហាថា បានសមគំនិតក្នុងការលាងលុយនេះ។
លោក McGonigal ក៏ត្រូវបានចោទប្រកាន់ពីបទលាក់លុយជាង $225,000 ក្នុងការបង់ប្រាក់ពីភ្នាក់ងារប្រទេសអាល់បានីផងដែរ ខណៈពេលដែលលោកនៅបំរើការអោយ FBI ។
-
រុស្ស៊ីថាអាល្លឺម៉ង់កំពុងបាត់បង់សមត្ថភាពយោធា
យោងតាមការវិភាគរបស់សារព័ត៌មាន Bild ចុះផ្សាយថ្ងៃទី១៤ ខែធ្នូបានអោយដឹងថា កងទ័ពអាល្លឺម៉ង់មិនមានកម្លាំង ឬឧបករណ៍យោធាគ្រប់គ្រាន់សម្រាប់ការពារជាតិឲ្យមានប្រសិទ្ធភាពនោះទេ។
សារព័ត៌មាន Bild បានកត់សម្គាល់ឃើញថា នៅឆ្នាំ 2018 រដ្ឋមន្ត្រីការពារជាតិនៅពេលនោះ គឺលោក Ursula von der Leyen និយាយឡើងថា អាល្លឺម៉ង់មានគោលបំណងបង្កើនចំនួនទាហានអាល្លឺម៉ង់ដល់ 203.000 នាក់នៅឆ្នាំ 2025។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្នលោក Boris Pistorius បានរុញច្រានពេលវេលារហូតដល់ឆ្នាំ 2031 ដែលធ្វើអោយសន្និដ្ឋានបានថានៅមានកំលាំងមិនទាន់គ្រប់គ្រាន់។ ដោយក្នុងនោះមានត្រឹមតែ 0.4% នៃចំនួនប្រជាជនអាល្លឺម៉ង់សរុបប៉ុណ្ណោះដែលបំរើការនៅក្នុងជួរយោធា។
កាសែត Bild ឆ្ងល់ថាតើអ្នកណានឹងការពារប្រទេសអាល្លឺម៉ង់ក្នុងជម្លោះជាមួយមហាអំណាចបរទេសដោយបញ្ជាក់ថាទីក្រុងម៉ូស្គូគឺជាគូប្រជែងដ៏មានសក្តានុពលខ្លាំងជាងគេបំផុត។ អ្នកជំនាញម្នាក់បានលើកឡើងថា កាំជ្រួចល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ីអាចទៅដល់ទីក្រុងប៊ែរឡាំងបានក្នុងរយៈពេលត្រឹមតែ 4 នាទី ប៉ុណ្ណោះខណៈដែលលោកក៏បានសង្កត់ធ្ងន់លើបញ្ហាខ្វះការត្រៀមខ្លួនលក្ខណៈរបស់ប្រទេសសហភាពអឺរ៉ុប។
-
ស្លូវ៉ាគីប្រកាសស្វែងរកសន្តិភាពជាមួយរុស្ស៊ី
យោងតាមសារព័ត៌មាន The Press United ចុះផ្សាយថ្ងៃទី១៤ ខែធ្នូបានអោយដឹងថា ស្លូវ៉ាគី កំពុងស្វែងរកទំនាក់ទំនងដោយសន្តិវិធីជាមួយរុស្ស៊ី ហើយនឹងមិនដើរតួនាទីណាមួយក្នុងការបង្កើនជម្លោះនៅអ៊ុយក្រែននោះទេ នេះបើតាមអនុប្រធានសភារបស់ប្រទេសនេះបាននិយាយឡើង។ បន្ទាប់ពីមានការផ្លាស់ប្តូររដ្ឋាភិបាល ទីក្រុង Bratislava ពេលនេះកំពុងប្រឆាំងយ៉ាងដាច់អហង្ការចំពោះជំនួយយោធាដល់ទីក្រុង Kiev។
អនុប្រធាន Lubos Blaha បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធបន្ទាប់ពីកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Igor Bratchikov ថា"ស្លូវ៉ាគីចង់មានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសមកពីគ្រប់ទិសទីនៃពិភពលោក"។
លោកបានសរសេរថា "ខ្ញុំតែងតែចាត់ទុកប្រទេសរុស្ស៊ីជាប្រទេសដែលមានមិត្តភាពល្អ" ដោយកត់សម្គាល់ឃើញពីបេតិកភណ្ឌស្លាវីរបស់ប្រទេសទាំងពីរ និងការរំដោះប្រទេសស្លូវ៉ាគីរបស់កងទ័ពក្រហមចេញពីការកាន់កាប់របស់ណាស៊ីក្នុងឆ្នាំ 1945 ។