នៅពេលដែលលោក Anthony Fauci, MD, និយាយអ្វីមួយអំពីសុខភាព មនុស្សភាគច្រើនស្តាប់តាមការណែនាំរបស់គាត់-ហើយនៅក្នុងបទសម្ភាសន៍ Instagram Live ជាមួយ Jennifer Garner គាត់បានបង្ហាញអំពីរបៀបដែលថ្នាំគ្រាប់មួយចំនួន អាចជួយរក្សាប្រព័ន្ធភាពស៊ាំរបស់អ្នកឱ្យស្ថិតក្នុងលំដាប់កំពូល។
វេជ្ជបណ្ឌិត Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង បាននិយាយថា "ប្រសិនបើអ្នកខ្វះវីតាមីន D នោះវាជះឥទ្ធិពលដល់ភាពងាយនឹងឆ្លងជំងឺរបស់អ្នក ដូច្នេះខ្ញុំខ្លួនឯងក៏ទទួលទានវាបន្ថែមផងដែរ"។ វេជ្ជបណ្ឌិត Fauci ក៏បានណែនាំវីតាមីនមួយទៀតផងដែរថា "វីតាមីនផ្សេងទៀតដែលមនុស្សអាចទទួលទានបាន គឺវីតាមីន C ព្រោះវាជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អ ដូច្នេះប្រសិនបើមនុស្សចង់ទទួលទានវីតាមីន C មួយក្រាមនោះជាការល្អ"។
ចំណែកឯលោក Amesh A. Adalja អ្នកប្រាជ្ញជាន់ខ្ពស់នៅមជ្ឈមណ្ឌលសន្តិសុខសុខភាព Johns Hopkins ប្រាប់គេហទំព័រ Health ថា "មានភស្តុតាងច្បាស់លាស់ដែលថា វីតាមីន D ជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្លូវដង្ហើមបាន"។ វេជ្ជបណ្ឌិត Adalja បាននិយាយទៀតថា ទំនាក់ទំនងរវាងវីតាមីន C និងមុខងារប្រព័ន្ធភាពស៊ាំគឺមិនសូវច្បាស់សម្រាប់អ្នកដែលមិនមានកង្វះវីតាមីននោះទេ។ ប៉ុន្តែ លោកបានបន្ថែមថា « វាមិនប៉ះពាល់ទេក្នុងការទទួលទានវានោះ » ។ ដូច្នេះ នេះគឺជាអ្វីដែលអ្នកត្រូវដឹង។
តើវីតាមីន D អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកដោយរបៀបណា?
វីតាមីន D ឬហៅថា calciferol គឺជាវីតាមីនរលាយជាតិខ្លាញ់ ដែលមានវត្តមាននៅក្នុងអាហារមួយចំនួនដូចជា ខ្លាញ់ ត្រី ថ្លើមគោ ឈីស និងស៊ុតពណ៌លឿង យោងទៅតាមវិទ្យាស្ថានជាតិសុខភាពនៃការិយាល័យអាហារបំប៉ន (NIH)។ វាត្រូវបានផលិតនៅក្នុងខ្លួនរបស់អ្នកនៅពេលដែលកាំរស្មី UV ពីព្រះអាទិត្យមកប៉ះស្បែករបស់អ្នក និងបង្កឱ្យមានអ្វីដែលគេហៅថា ការសំយោគវីតាមីន D ។
NIH បាននិយាយថា វីតាមីន D អាចធ្វើរឿងផ្សេងៗជាច្រើននៅក្នុងរាងកាយរបស់អ្នក រួមទាំងពង្រឹងឆ្អឹងរបស់អ្នក កាត់បន្ថយការរលាក និងជួយដល់មុខងារប្រព័ន្ធភាពស៊ាំ។
ការពិនិត្យឡើងវិញជាប្រព័ន្ធមួយ និងការវិភាគមេតានៃមនុស្ស 5,660 នាក់ដែលត្រូវបានបោះពុម្ពនៅក្នុង PLOS One បានរកឃើញថា ការបន្ថែមវីតាមីន D មាន "ឥទ្ធិពលការពារ" ប្រឆាំងនឹងការឆ្លងមេរោគផ្លូវដង្ហើម ហើយដោយការទទួលទានប្រចាំថ្ងៃ មានប្រសិទ្ធភាពបំផុត។
ចំណែកឯវីតាមីន C តើវាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកដោយរបៀបណា?
វីតាមីន C គឺជាវីតាមីនរលាយក្នុងទឹក ដែលមានវត្តមាននៅក្នុងអាហារមួយចំនួនដូចជា ក្រូច ស្ត្របឺរី ប្រូខូលី និងប៉េងប៉ោះ នេះបើយោងទៅតាម NIH ។ វាក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែល "ដើរតួនាទីយ៉ាងសំខាន់នៅក្នុងមុខងារប្រព័ន្ធភាពស៊ាំ"។
ការពិនិត្យឡើងវិញ និងការវិភាគមេតា ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅ Cochrane បានរកឃើញថា អ្នកដែលបានលេបថ្នាំគ្រាប់វីតាមីន C នៅពេលពួកគេមានជំងឺផ្តាសាយ មានការឆ្លងបានថយចុះ 8% ចំពោះមនុស្សពេញវ័យ និង 14% ចំពោះកុមារ។ អ្នកដែលលេបថ្នាំវីតាមីន D ក៏មានជំងឺផ្តាសាយតិចជាងអ្នកដែលមិនបានទទួលទានផងដែរ។
អាហារបំប៉នវីតាមីន C ក៏អាចជួយបាន ប្រសិនបើអ្នកមានទំនោរទៅហាត់ប្រាណច្រើន។ ការពិនិត្យឡើងវិញរបស់ Cochrane មួយបានពិនិត្យមើលទិន្នន័យលើអ្នករត់ម៉ារ៉ាតុង អ្នកជិះស្គី និងទាហានចំនួន 642 នាក់ ដែលបានលេបថ្នាំវីតាមីន C ហើយបានរកឃើញថា ការទទួលទានវីតាមីនពី 250 មីលីក្រាមទៅ1 ក្រាមក្នុងមួយថ្ងៃ កាត់បន្ថយហានិភ័យនៃការកើតជំងឺផ្តាសាយបាន 50%។
ដូច្នេះ តើអ្នកគួរទទួលទានវីតាមីន D និងវីតាមីន C ដែរឬទេ?
វាពិបាកក្នុងការធ្វើសេចក្តីថ្លែងការណ៍មួយសន្លឹក ដែលបង្ហាញពីមនុស្សគ្រប់គ្នាគួរតែទទួលទានអាហារបំប៉នណាមួយណាស់ ប៉ុន្តែលោក Richard Watkins, MD ដែលជាគ្រូពេទ្យជំងឺឆ្លង និងជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្រ្តផ្ទៃក្នុងនៃសាកលវិទ្យាល័យ Northeast Ohio Medical បានប្រាប់ Health ថា អាហារបំប៉នទាំងនេះល្អសម្រាប់មនុស្សដែលកំពុងពិចារណាទទួលទានវា " ជាទូទៅ" ។ ហើយគាត់និយាយថា វាជារឿងសមហេតុផលសម្រាប់មនុស្សក្នុងការទទួលទានវីតាមីន D និង C "ក្នុងបរិមាណធម្មតា" ដើម្បីព្យាយាមបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក។
ដូច្នេះ NIH បានផ្តល់ការណែនាំថា មនុស្សពេញវ័យដែលមានសុខភាពល្អភាគច្រើនអាចទទួលទាន 15 មីក្រូក្រាមនៃវីតាមីន D ក្នុងមួយថ្ងៃ ខណៈពេលដែលស្ត្រីដែលមានសុខភាពល្អគួរតែទទួលទាន 75 មីលីក្រាមនៃវីតាមីន C ហើយបុរសគួរទទួលទាន 90 មីលីក្រាមនៃវីតាមីន C ក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការទទួលទានអាហារបំប៉នថ្មី វាជាគំនិតល្អក្នុងការពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីកុំឲ្យមានការរំខានដល់ថ្នាំផ្សេងទៀតដែលអ្នកកំពុងប្រើប្រាស់។ ប៉ុន្តែជាទូទៅ អ្នកជំនាញនិយាយថា ការបន្ថែមវីតាមីន D និង C អាចជារឿងល្អសម្រាប់ប្រព័ន្ធភាពស៊ាំរបស់អ្នក។
អត្ថបទដកស្រង់ពី Korin Miller
បកប្រែនិងកែសម្រួលដោយ Mr. Blue