ចាប់តាំងពីវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី៤ខែតុលាកន្លងមក មានសេចក្តីរាយការណ៍ថា អ្នកប្រើប្រាស់កម្មវិធីបណ្តាញសង្គមហ្វេសប៊ុក,កម្មវិធីផ្ញើសារMessenger, កម្មវិធីInstagram, និងកម្មវិធីWhatup រាប់លាននាក់នៅទូទាំងពិភពលោក មិនអាចចូលទៅប្រើប្រាស់កម្មវិធីទាំងនេះបានដូចសព្វមួយដងទេ ឬអាចនិយាយបានថាកម្មវិធីទាំងនេះបាត់ចេញពីប្រព័ន្ធអ៊ីនធើណែតតែម្តង។ ខណៈដែលនៅវេលាម៉ោង23និង២២នាទីខាងក្រុមហ៊ុនហ្វេសប៊ុកបានបង្ហោះសារក្នុងគណនី Twitterផ្លូវការរបស់ខ្លួនមកថា ពួកគេបានដឹងពីហេតុការណ៍ដែលបានកើតឡើងហើយពួកគេកំពុងតែធ្វើការដើម្បីអោយវាត្រឡប់មកប្រក្រតីឡើងវិញអោយលឿនបំផុតតាមដែលអាចធ្វើបាន ព្រមទាំងបានសុំអភ័យទោសចំពោះបញ្ហានេះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយរហូតមកដល់ម៉ោង៥ទៀបភ្លឺ ទើបបណ្តេញសង្គមហ្វេសប៊ុកចាប់ផ្ដើមអាចប្រើការឡើងវិញបានបណ្តើរៗ ខណៈដែលហ៊ុនរបស់ក្រុមហ៊ុនហ្វេសប៊ុកបានធ្លាក់ចុះជាង៥ភាគរយ ស្មើនឹងជាង៨ពាន់លានដុល្លាសហរដ្ឋអាមេរិកឯណោះ។
មិនទាន់មានសេចក្តីបញ្ជាក់ជាផ្លូវការណាមួយពីហ្វេសប៊ុកទាក់ទិននឹងការដែលកម្មវិធីបណ្ដាញសង្គមហ្វេសប៊ុក និងកម្មវិធីផ្សេងៗទៀតក្រោមការគ្រប់គ្រងរបស់ហ្វេសប៊ុកបានជាប់គាំងនោះទេ។ តាមការសន្និដ្ឋាននានា គឺអាចបណ្តាលមកពីបញ្ហាប្រព័ន្ធDNS (Domain Name System) ឬបញ្ហាតួserver របស់ហ្វេសប៊ុកតែម្តង ។