សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានចំពោះក្រុមប្រឆាំង នឹងព្រមានបិទ Facebook នៅកម្ពុជាមួយរយៈ ឬជាស្ថាពរ ប្រសិនបើអ្នកប្រឆាំងនៅតែបន្តសកម្មភាពព្រហើន។ ការព្រមាននេះបានធ្វើឡើង ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ។ នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឲ្យប្រជាពលរដ្ឋទាញយកកម្មវិធីបណ្ដាញសង្គមផ្សេងៗ យកមកប្រើ ដូចជា Telegram,What’s app និងកម្មវិធី TikTok ដើម្បីបង្កើនការទំនាក់ទំនងគ្នាកាន់តែច្រើន ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ប្រសិនបើអ្នកប្រឆាំងព្រហើន សម្ដេចអាចនឹងបិទ Facebook នៅស្រុកខ្មែរ ដោយបិទមួយរយៈ ឬក៏រហូតតែម្តង។ ទោះយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានគួសបញ្ជាក់ថា នេះមិនមែនជាការបិទសិទ្ធិរបស់ពលរដ្ឋទេ ប៉ុន្តែដើម្បីការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ខណៈ Facebook ពិបាកក្នុងការគ្រប់គ្រង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា សម្ដេចបានសម្រេចបិទ Facebook ដែលមានចំនួនអ្នកគាំទ្រជាង ១៤លាននាក់ ជាហេតុធ្វើឲ្យអ្នកប្រឆាំងសប្បាយ ប៉ុន្តែសម្ដេចលើកឡើងថា មិនយល់ពីយុទ្ធសាស្រ្តរបស់សម្ដេចនោះទេ៕